អ្នកគ្រូ​បង្រៀន​​ម្នាក់​ មក​សម្រាក​នៅផ្ទះ​សំណាក់​ហាវ៉ៃ​ បាត់​ម៉ូតូ​មួយ​គ្រឿង​កណ្ដាល​ថ្ងៃត្រង់​ ម្ចាស់​ផ្ទះ​សំណាក់​បាន​ត្រឹម​​​ឆ្លើយ​ដោះសា

អ្នកគ្រូ​បង្រៀន​​ម្នាក់​ មក​សម្រាក​នៅផ្ទះ​សំណាក់​ហាវ៉ៃ​ បាត់​ម៉ូតូ​មួយ​គ្រឿង​កណ្ដាល​ថ្ងៃត្រង់​ ម្ចាស់​ផ្ទះ​សំណាក់​បាន​ត្រឹម​​​ឆ្លើយ​ដោះសា



រតនគិរី ​៖ ​នារី​ជា​គ្រូបង្រៀន​ម្នាក់​ បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​​​ហុងដា​ស៊េរី​ ឆ្នាំ​២០១៦​ ​បន្ទាប់ពី​បាន​មក​រៀន​បំពេញ​វិជ្ជា​នៅ​សាលា​វិទ្យាល័យ​ ហ៊ុន សែន ​ភូមិ​ថ្មី ​​ហើយ​​ចូល​សម្រាក​នៅ​ផ្ទះសំណាក់​ ហាវ៉ៃ​នោះ។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ទៅ​១១​​​ព្រឹក ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់​ ដែល​​មានឈ្មោះ ​ហាវ៉ៃ​ ស្ថិតនៅ​ភូមិ​ទេ​សន្លុង ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី។

បើ​តាម​សម្ដី​នារី​រង​គ្រោះ​ឈ្មោះ​ ផាន់ ជូន ​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​០៥ ឃុំ​ត្រ​ពាំ​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគិរី ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ស្រុក​កូន​មុំ ​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ​នាង​ខ្ញុំ​បាន​មក​រៀន​បំពេញវិជ្ជា​នៅ​សាលា​វិទ្យាល័យ​​ហ៊ុន សែន ភូមិ​ថ្មី ក្រុង​បាន​លុង ហើយ​នាង​ខ្ញុំ​បាន​ចូល​ទៅ​ជួល​បន្ទប់​ផ្ទះសំណាក់​ហា វ៉ៃ នៅ​បន្ទប់​លេខ​B1។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នាង​ខ្ញុំ​បាន​ចេញទៅ​រៀន​ រហូត​ដល់​​ម៉ោង​១០​ នាង​ខ្ញុំ​ត្រឡប់​ចូល​ផ្ទះសំណាក់​វិញ​ ក្នុង​ចន្លោះ​ម៉ោង​១០​ទៅ​១១​ និង​៤៥​នាទី​ព្រឹក ខ្ញុំ​សម្រាក​ក្នុង​បន្ទប់។ ស្រាប់តែ​ពេល​​ចេញទៅ​រៀន​វិញ​​ ក៏​បាត់​ម៉ូតូ​ឌ្រី​ម ​ស៊េរី​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខ​រតនគិរី 1C-7060 តួលេខ​9470544។ នាង​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្នងការ ​បន្ទាប់មក​គាត់​បញ្ជូន​ទៅ​ប៉ុស្តិ៍​វិញ។

ករណី​នេះ​លោក​រុំ សារិទ្ធ នាយ​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង បាន​បញ្ជាក់​​ថា ​លោក​បញ្ជូន​សំណុំរឿង​ឲ្យ​ថ្នាក់លើ​ហើយ រឿង​យ៉ាងណា​នោះ​សួរ​ទៅ​ថ្នាក់លើ​ចុះ។ លោក​ហួត បុរី អធិការ​នគរបាល​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ថា ​ចំពោះ​ម្ចាស់ផ្ទះ​សំណាក់​ខាង​លើ​នេះ ​លោក​បាន​ឲ្យ​ដាក់​កាមេរ៉ា​សុវត្ថិភាព និង​មាន​សន្តិសុខ​យាម​ត្រឹមត្រូវ​ដូច​ផ្ទះសំណាក់​គេ​ដទៃ​ទៀត ក៏ប៉ុន្តែ​ម្ចាស់ផ្ទះ​សំណាក់​នេះ​មិន​ព្រម​ធ្វើតាម​ការ​ណែនាំ​របស់​លោក​អធិការ​នោះ​ឡើយ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​តូចតាច​នៅ​ក្នុង​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា ផ្ទះសំណាក់​នេះ​មិន​ព្រម​ធ្វើ​តាម​ការណែនាំ​របស់​អធិការ​ក្រុង ព្រោះ​ម្ចាស់​ផ្ទះសំណាក់​ខាង​លើ​នេះ​អាង​មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​ខេត្ត​រតនគិរី ដែល​មាន​ឋានៈ​ជា​ស្នង​ការ​រង។

ចំពោះ​ការ​បាត់​ម៉ូតូ​នៅផ្ទះ​សំណាក់​ហា​វ៉ៃ​ខាង​លើ​នេះ​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា ​ការបាត់បង់​ខ្ញុំ​មិន​ទទួលខុសត្រូវ​ឡើយ។
គួរ​បញ្ជាក់​ផ្ទះសំណាក់​ហាវ៉ៃ​នេះ​ មានការ​បាត់បង់​ម៉ូតូ​របស់​ភ្ញៀវ​ចំនួន​ពីរ​លើក​មក​ហើយ ​ហើយ​ផ្ទះសំណាក់​​នេះ​មិន​ព្រម​ទទួលខុសត្រូវ​នោះ​ទេ ដោយ​គ្រាន់តែ​លើក​ហេតុផល​ និង​ពាក្យ​បដិសេធ​​ថា​មិន​ព្រម​សង​តែប៉ុណ្ណោះ។ ចំណែក​​សមត្ថកិច្ច​ហាក់​បីដូច​ជា​មាន​ការ​ធ្វើ​ព្រងើយកន្តើយ​មិន​អន្តរាគមន៍​ក្នុង​ការ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ​ទេ ​ចំពោះ​ផ្ទះសំណាក់​ហា​វ៉ៃ​មួយ​នេះ។

ចំពោះ​ភ្ញៀវ​ដែល​ចូល​ទៅ​សាក​ផ្ទះសំណាក់​ខាង​លើនេះ ​ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ជាពិសេស​ម៉ូតូ​ចំនួន​២​គ្រឿង​មក​ហើយ ​ដែល​រក​មិនឃើញ​សោះ គេ​រង់ចាំ​មើល​ថា ​តើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី មាន​ចំណាត់ ការ​យ៉ាងណា​ចំពោះ​ម្ចាស់​ផ្ទះ​សំណាក់នោះ៕
អ្នកគ្រូ​បង្រៀន​​ម្នាក់​ មក​សម្រាក​នៅផ្ទះ​សំណាក់​ហាវ៉ៃ​ បាត់​ម៉ូតូ​មួយ​គ្រឿង​កណ្ដាល​ថ្ងៃត្រង់​ ម្ចាស់​ផ្ទះ​សំណាក់​បាន​ត្រឹម​​​ឆ្លើយ​ដោះសា

អ្នកគ្រូ​បង្រៀន​​ម្នាក់​ មក​សម្រាក​នៅផ្ទះ​សំណាក់​ហាវ៉ៃ​ បាត់​ម៉ូតូ​មួយ​គ្រឿង​កណ្ដាល​ថ្ងៃត្រង់​ ម្ចាស់​ផ្ទះ​សំណាក់​បាន​ត្រឹម​​​ឆ្លើយ​ដោះសា