ជំហរ​កម្ពុជា​លើ​សមុទ្រ​ចិន​ខាងត្បូង ជួយ​សម្រួល​ឡាវ​មិន​ឲ្យ​ឯកា និង​រង​សម្ពាធ​ខ្លាំង និពន្ធដោយ : ទេព អ៊ីវិសាល       June-21-2016, 4:28 pm         471

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជំហរ​កម្ពុជា​លើ​សមុទ្រ​ចិន​ខាងត្បូង ជួយ​សម្រួល​ឡាវ​មិន​ឲ្យ​ឯកា និង​រង​សម្ពាធ​ខ្លាំងលោក ហេង សារិទ្ធ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ​ការចោទប្រកាន់​កម្ពុជា​ជា​អ្នក​បំផ្លាញ​ដំណោះស្រាយ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ក្របខណ្ឌ​អាស៊ាន គឺជា​រឿង ដែល​មិនអាច​ទទួលយកបាន​នោះទេ​សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ នោះ ក៏​ព្រោះតែ​ក្រៅពី​កម្ពុជា គ្មាន​រដ្ឋ​ណាមួយ​ដែល​អាច​សម្រេចបាន​នូវ​លិ​ខិ​តូ​បក​រណ៍​ជា​សាវ​ន្ត​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុងនាម ជា​ប្រធាន​អាស៊ាន​ឡើយ​។ ចុងក្រោយ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានបញ្ជាក់​ពី​ជំហរ​អ​ព្យា​ក្រឹត្យ​លើ​ជម្លោះ និង​ប្រកាស ថា នឹងមិន​ជជែក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​ក្នុង​វេទិកា​មិន​សមស្រប​នោះ​។  អ្នកស្រាវជ្រាវ យល់ឃើញថា ជំហរ​នេះ នឹងធ្វើ​ឲ្យ​ឡាវ​មាន​ភាព​ធូរស្រាល និង​មិនមាន​ភាព​ឯកា​ឡើយ​។

​ដោយសារ​ទ្រាំ​មិនបាន​ចំពោះ​ការមើលឃើញ​កម្ពុជា​លើផ្លូវ​អវិជ្ជមាន​ក្នុងការ​ចូលរួម​ដោះស្រាយ​សមុទ្រ​ចិន​ខាងត្បូង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២១​ខែមិថុនា ម្សិលមិញ បាន​អះអាង​ជាថ្មី​យ៉ាង ម៉ឺងម៉ាត់​ពី​គោលជំហរ​របស់​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ សម្តេច បញ្ជាក់ថា​កម្ពុជា​មិន​ស្ថិតនៅ ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណាមួយ​ឡើយ​។ កម្ពុជា មាន​គោលនយោបាយ​អ​ព្យា​ក្រឹត្យ ហើយ​កុំ​យក​កម្ពុជា​ដើម្បី​ជា​ឈ្នាន់​សម្រាប់​ភាគី​ជម្លោះ​ប្រជែង​គ្នា​នោះ​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ ដោយ​ប្រើ​យន្តការ​អាស៊ាន​-​ចិន ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​សេចក្តីថ្លែងការណ៍​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DOC) ខិតខំ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(COC)​រវាង​អាស៊ាន​-​ចិន​និង​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ ដោយ​ជជែក​ពិភាក្សាគ្នា​។ ជាមួយគ្នានេះ សម្តេច ក៏​ទទូច​ភាគី​ពាក់ព័ន្ធ​អត់ធ្មត់​ពី​ការ​គំរាម និង​ប្រើប្រាស់​កងកម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ​។​

​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​បន្ទាប់ពី មានការ​រិះគន់ ថា កម្ពុជា​បានធ្វើ​ឲ្យ​ខូច​កិច្ចប្រជុំ អាស៊ាន​មួយទៀត​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង​ដែល​បាន​ប្រារព្ធ​ឡើង​ក្នុង​ខេត្ត​គួ​ន​មីង​នៃ​ប្រទេស​ចិន កាលពី​ថ្មីៗ​នេះ​។ មួយវិញទៀត ប្រតិ​កម្មនេះ ក៏​ជាការ​ឆ្លើយ​ទៅ​ការបញ្ចុះ​បញ្ចូល​ឲ្យ​កម្ពុជា​ដើម្បី​ចេញ សេចក្តីថ្លែងការណ៍​គាំទ្រ​លើ​សេចក្តីសម្រេច​របស់​មជ្ឈកា​រ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំងនឹង​ចិន ដែល​ប្រមុខ​រដ្ឋាភិបាល បាន​បដិសេធ​មិន​ធ្វើឡើង​ឡើយ និង​ថែមទាំង​ចាត់ទុកជា​រឿង​នយោបាយ និង​ការរៀបចំ​ទុកជាមុន​ទៀតផង​។

​អ្វី​គួរកត់សម្គាល់​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា សម្តេច នឹងមិន​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​ក្នុង​វេទិកា​មិន​សមស្រប​។ សម្តេច ថែមទាំង​និយាយថា ជំហរ​កម្ពុជា​នឹង​អាចជួយ​ដល់​តួនាទី​ជា​ប្រធាន​របស់​ឡាវ​ដែលជា​ប្រធាន​អាស៊ាន​ទៀតផង​។ សម្តេច បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ គិតថា គ្រប់​ប្រទេស​គេ​យក​(​ការលើកឡើង​ពី​គោលជំហរ​កម្ពុជា​លើ​សមុទ្រ​ចិន​ខាងត្បូង​)​ទៅហើយ​ថ្ងៃនេះ ហើយ​គេ​គូស​ពីក្រោម​ទៀត​។ ទាំង​ចិន ក៏​គូស ទាំង​ប្រទេស​នានា​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ក៏​គូស​។ ប៉ុន្តែ​ជួនកាល​ប្រធាន អាស៊ាន សប្បាយចិត្ត​ដែរ​។ ឡាវ កំពុងតែ​វេទនា​ចិត្ត​។ ចឹ​ង​បាន​កម្ពុជា​ជួយ​យោង​ដែរ​»​។

​សូម​ជម្រាប​ផងដែរ​ថា ឆ្នាំ​២០១៦​នេះ ឡាវ គឺជា​ប្រធាន​អាស៊ាន​។ តួនាទី​នេះ ប្រាកដ​ណាស់​ថា ឡាវ នឹងមាន​សម្ពាធ​ច្រើន​ក្នុងនាម​ជា​អ្នកសម្របសម្រួល​ជាពិសេស​ក្នុង​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​គេ​រំពឹងថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នឹងត្រូវ​បាន​ជជែក​នោះ​។​

​លោក ហេង សារិទ្ធ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ យល់ឃើញថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នឹងត្រូវ​ឡើងក​ម្តៅ​ខ្លាំង នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ក្រុង​វៀងចន្ទន៍​ចុងឆ្នាំ​២០១៦​ខាងមុខនេះ​។ លោក អះអាងថា ការប្រឈមមុខ ការទូត គឺជា​រឿង​គេច​មិន​ផុត​នោះទេ ខណៈពេលដែល ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ ក្រុងឡាអេ ក៏​ត្រៀម​ប្រកាសសេចក្តី​សម្រេច​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​នោះ​។ តែ​លោក សង្កត់ធ្ងន់ថា «​ការប្រឈមមុខ​ការទូត គឺ​ល្អប្រសើរ​ជាង​ការប្រឈមមុខ​ផ្នែក​យោធា ឬ​កងកម្លាំង​ដែល​នឹង​បង្ក​ឲ្យ​មានការ​បង្ហូរឈាម​នោះ ដ្បិត​រដ្ឋ​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង  ធា្ល​ប់​មាន ការប៉ះទង្គិច​គ្នា​ជាច្រើនលើក​រួចទៅហើយ​នោះ​»​។

​យ៉ាងណា​ក៏​ដោ យ លោក ហេង សារិទ្ធ ដែលជា​អ្នកនិពន្ធ សៀវភៅ​«​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​សហគមន៍​អាស៊ី​បូព៌ា និង​នយោបាយ​ការបរទេស​កម្ពុជា​ក្នុង​អាស៊ាន​» បាន​ឲ្យ​ដឹង​ដែរ​ថា កម្តៅ​សមុទ្រ ចិន​ខាងត្បូង​ក្នុង​កិច្ចប្រជុំ​មិនមែន​ទើបតែ​កើនឡើង​នោះទេ​។ លោក បន្ថែមថា បញ្ហា​នេះ បានចាប់ផ្តើម ខ្លាំង​តាំងពី​ឆ្នាំ​១៩៩២​មកម្ល៉េះ ពោលគឺ​នៅពេលដែល​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​ទាក់ទង​នឹង សមុទ្រ​ចិន​ខាងត្បូង​ដែល​ពេលនោះ សមាជិក​អាស៊ាន មានតែ​ប្រាំមួយ​រដ្ឋ​ប៉ុណ្ណោះ​។ រដ្ឋ​ទាំងនោះ រួមមាន ព្រុយ​ណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ​។

​ជុំវិញ​តួនាទី​របស់​ឡាវ​ដែលជា​ប្រធាន​របស់​អាស៊ាន​ដែល​គេ​មើលឃើញថា​កំពុងតែ​រង​សម្ពាធ​ដោយ​ការឡើង​កម្តៅ​នៃ​សមុទ្រ​ចិន​ខាងត្បូង​នោះ អ្នកស្រាវជ្រាវ មើលឃើញថា ឡាវ នឹងមាន​ភាព​ធូរស្រាល​ដោយសារ​ជំហរ​របស់​កម្ពុជា​។ លោក សង្កត់ធ្ងន់ថា «​ឡាវ នឹងមិន​ឯកា​នោះទេ ដ្បិត យ៉ាងហោចណាស់​ឡាវ មាន​កម្ពុជា​ដែលជា​សមាជិក​អាស៊ាន​មួយ​ដែលមាន​គោលជំហរ​អ​ព្យា​ក្រឹត្យ ខណៈ​រដ្ឋ​ផ្សេងទៀត មាន​គោលជំហរ​ហួសហេតុ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​»​។ គោលជំហរ​អ​ព្យា​ក្រឹត្យ​ដែល​អ្នកស្រាវជ្រាវ​លើកឡើង សំដៅលើ​យន្តការ​បី​ចំណុច​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​នោះឯង​។​

​ជាក់ស្តែង​នោះ លោក ហេង សារិទ្ធ បាន​លើក​ពី​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែល​បាន​ធ្វើឡើង​ក្នុង​ឆ្នាំ​២០០២​ដែលជា​លិ​ខិ​តូ​បក​រណ៍​ដ៏​សំខាន់​របស់​អាស៊ាន​-​ចិន​លើ​យន្តការ​សមុទ្រ​ចិន​ខាងត្បូង និង​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ផង​។ លោក ចាត់ទុក​គោលជំហរ​ដែលជា​យន្តកា​រ​បី​ចំណុច រួមទាំង​សេចក្តីថ្លែងការណ៍​នេះ បានបង្ហាញ យ៉ាងច្បាស់​ពី​តួនាទី​របស់​កម្ពុជា ក្នុងការ​ប្រើ​ដៃ​ម្ខាង​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​អាស៊ាន និង​ចិន និង​ដៃ ម្ខាង​ទៀត​ធ្វើ​ឲ្យ​ភាព​តានតឹង​មាន​លក្ខណៈ​ធូរស្រាល​វិញ​៕