ក្រុមម្ចាស់មេដាយមាសពិភពលោក ចាញ់ក្នុងការប្រកួតពាន ស ខេង

ក្រុមយុវនារីរបស់ក្លិបទីស្តីការគណៈរដ្ឋមន្ត្រី បានបង្កើតនូវរឿងដ៏មិនគួរឲ្យជឿមួយ តាមរយៈការយកឈ្នះក្រុមម្ចាស់មេដាយមាសពិភព របស់លោកអ្នកស្រី កែ ឡេង ដើម្បីក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់សម្តេច ស ខេង ប្រចាំឆ្នាំ២០១៦ កាលពីថ្ងៃចន្ទ ម្សិលមិញ។

localsportb2

នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ លើវិញ្ញាសាជាក្រុម៣នាក់ទល់៣នាក់ នៅលើទីលានវាយប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញនោះ ក្រុមក្រសួងការពារជាតិរបស់លោកស្រីកែ ឡេង បានធ្វើការនាំមុខ សម្រាប់ការចាប់ផ្តើមដំបូង ប៉ុន្តែ ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី បានប្តូរយុទ្ធសាស្រ្ត បានល្អវិញ និងបានយកឈ្នះក្រុមក្រសួងការពារជាតិ ក្នុងលទ្ធផល ១៣-៦ រីឯក្លិបកីឡាប៉េតង់សេនារាជសីហ៍ បានទទួលលេខ៣ និងក្លិបយោធភូមិភាគពិសេស ទទួលបានលេខ៤។

localsportb3

ចំណែកការប្រកួតជាក្រុម៣នាក់ទល់៣នាក់ផ្នែកបុរស ដណ្តើមពានធំប្រចាំព្រឹត្តិការណ៍នេះ ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី២ បានផ្តួលក្រុមយោធភូមិភាគពិសេស ដើម្បីលើកពានដ៏គួរឲ្យកោតសរសើរ ខណៈយោធភូមិភាគពិសេស២ បានយកឈ្នះក្រុមមន្ទីរអយក ខេត្តស្វាយរៀង ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣។

localsportb

ចំពោះការប្រកួតដណ្តើមពានសមាគមរបស់ក្រុមដែលបានធ្លាក់ចេញពីការប្រកួតដណ្តើមពានធំ លេខ១បានទៅក្រុមក្រសួងការពារជាតិ លេខ២ក្រុមអគ្គភស្តុភាក្រសួងការពារជាតិ និងលេខ៣ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី២។ រីឯវិញ្ញាសា១នាក់ទល់១នាក់ យុវនារីអាយុក្រោម១៧ឆ្នាំ មកពីក្លិបក្រសួងមហាផ្ទៃ ក្លាយជាម្ចាស់ជើងឯក លេខ២បានលើយុវនារីរបស់ក្លិបទីស្តីការគណៈរដ្ឋមន្ត្រី១ លេខ៣យុវនារីរបស់ក្លិបសាលាអន្តរជាតិវេស្ទលែនខេត្តកណ្តាល និងលេខ៤បានទៅយុវនារីរបស់ក្លិបមន្ទីរអប់រំ យុវជន ខេត្តបាត់ដំបង។

localsportb4

យ៉ាងណាមិញ យុវជនអាយុក្រោម១៧ឆ្នាំ សិន រង បានយកឈ្នះ ស៊ីវ សុផានីត្រា ដើម្បីឈ្នះមេដាយមាស លើវិញ្ញាសា១នាក់ទល់១នាក់ផ្នែកយុវជន លេខ៣ ឃួន លីហូរ និងលេខ៤ កុយ សុភក្ត្រា។ វិញ្ញាសា៣នាក់ទល់៣នាក់យុវជនចម្រុះអាយុក្រោម១៧ឆ្នាំវិញ លេខ១បានទៅ ក្រុមមន្ទីរអយក ខេត្តកណ្តាល លេខ២ក្រុមកងយោធភូមិភាគពិសេស លេខ៣ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី១ និងលេខ៤ក្រុមក្រសួងមហាផ្ទៃ២ ខណៈវិញ្ញាសាផ្នែកវ័យចាស់អាយុ៥៥ឆ្នាំឡើង លេខ១បានទៅសមាគមមន្ទីរអយក ខេត្តស្វាយរៀង លេខ២ក្លិបទីស្តីការគណៈរដ្ឋមន្ត្រី១ លេខ៣ក្លិបទីស្តីការគណៈរដ្ឋមន្ត្រី២ និងលេខ៤មន្ទីរអយក ខេត្តព្រៃវែង៕