ប្រមុខ UN បង្ហាញ​ក្ដី​បារម្ភ​ពីសេរីភាព​បញ្ចេញ​មតិ​នៅ​ថៃ

ប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន បានបង្ហាញនូវក្ដីបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសថៃដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយោធា។

ប្រមុខ UN បង្ហាញ​ក្ដី​បារម្ភ​ពីសេរីភាព​បញ្ចេញ​មតិ​នៅ​ថៃ

កាសែតបាងកកប៉ុស្តិ៍បានផ្សាយថា លោក បាន គីមូន បានលើកឡើងនូវក្ដីបារម្ភបែបនេះតាមរយៈកិច្ចសន្ទនាតាមខ្សែទូរស័ព្ទរយៈពេល៣០នាទីជាមួយនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីក្រុមមេដឹកនាំអាវក្រហមបានដាក់បន្ដឹងមួយទៅអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញប្រឆាំងនឹងប្រតិបត្តិការរបស់របបយោធានេះ ដើម្បីរារាំងនឹងការបើកដំណើរការមជ្ឈមណ្ឌលឃ្លាំមើលប្រជាមតិរបស់ពួកគេ។

រណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងរបបផ្ដាច់ការ កាលពីថ្ងៃចន្ទម្សិលមិញបានដាក់ញ្ញតិមួយទៅការិយាល័យឧត្ដមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងបាងកក។ ក្រុមអាវក្រហមនេះបានតវ៉ាថា សិទ្ធិរបស់ខ្លួនត្រូវបានគេរំលោភបំពានបន្ទាប់ពីពួកគេត្រូវបានគេហាមឃាត់មិនឲ្យបើកមជ្ឈមណ្ឌលនៅតាមខេត្ត សម្រាប់តាមដានការបោកប្រាស់ការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញនៅថ្ងៃទី០៧ខែសីហាខាងមុខ។

លោក ប្រាយុទ្ធ ដែលបាននិយាយទូរស័ព្ទជាមួយលោក បាន គីមូន កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនោះបាននិយាយថា លោកបានពន្យល់នូវអ្វីដែលកំពុងកើតឡើងនៅប្រទេសថៃ។

យោងតាមបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ បានប្រាប់លោក បាន គីមូន ថាគ្រប់យ៉ាងកំពុងដំណើរទៅតាមផែនការ។

លោក ប្រាយុទ្ធ ទទួលស្គាល់ថា លោក បាន គីមូន ពិតជាបានបង្ហាញក្ដីបារម្ភអំពីបញ្ហាសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណាលោកបានពន្យល់ទៅលោក បាន គីមូន ថាប្រទេសថៃមានសេរីភាពនៃការបញ្ចេញមតិ ហើយមនុស្សគ្រប់រូបត្រូវបានគេផ្ដល់ឱកាសឲ្យបញ្ចេញទស្សនរបស់ពួកគេ៕

ប្រភពៈ VOD