កូរ៉េ​ទាំង​ពីរ​ផ្ទុះ​ភាព​តាន​តឹង​គ្នា​ជុំ​វិញ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ចុះ​ចូល

ភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរបានងាកទៅផ្ដោតលើបន្ទប់តុលាការនៅទីក្រុងសេអ៊ូលនៅថ្ងៃអង្គារនេះនិងសវនការបិទទ្វារមួយទៅលើក្រុមពលរដ្ឋកូរ៉េខាងជើងចុះចូលដែលក្រុងព្យុងយ៉ាងចោទប្រកាន់ក្រុងសេអ៊ូលថាបានចាប់ជំរិតពួកគេ។

កូរ៉េ​ទាំង​ពីរ​ផ្ទុះ​ភាព​តាន​តឹង​គ្នា​ជុំ​វិញ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ចុះ​ចូល

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថាសវនការនេះនឹងជួយដល់ក្រុមមន្ត្រីនៃទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងប្រឆាំងទៅនឹងក្រុមមេធាវីសិទ្ធិមនុស្សដែលបានចោទថាស្ត្រីកូរ៉ខាងជើងទាំង១២នាក់នោះត្រូវបានគេឃុំខ្លួនដោយខុសច្បាប់។

ស្ត្រីកូរ៉េខាងជើងទាំង១២នាក់នោះគឺជាអ្នកបម្រើការក្នុងភោជនីយដ្ឋានកូរ៉េខាងជើងមួយកន្លែងនៅក្នុងប្រទេសចិន ហើយបានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងកាលពីខែមេសាកន្លងមកដោយត្រូវបានសារព័ត៌មានចាត់ទុកជាក្រុមចុះចូលធំបំផុតនៅក្នុងប៉ុន្មានឆ្នាំមកនេះ។

ខណៈដែលក្រុងសេអ៊ូលអះអាងថាមនុស្សទាំង១២នាក់នោះបានរត់គេចខ្លួនដោយខ្លួនពួកគេផ្ទាល់នោះក្រុងព្យុយ៉ាងវិញបានអះអាងថា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានចាប់ជំរិតមនុស្សទាំង១២នាក់នោះ។ កូរ៉េខាងជើង បានធ្វើយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដើម្បីឲ្យពួកគេត្រឡប់ទៅវិញ។

យុទ្ធនាការនោះមានទាំងការផលិតវីដេអូកិច្ចសម្ភាសជាមួយសាច់ញាតិរបស់ស្ត្រីទាំង១២នាក់នោះនៅកូរ៉េខាងជើងដោយបានបរិហារយ៉ាងខ្លាំងៗទៅលើអាជ្ញាធរកូរ៉េខាងត្បូងនិងទាមទារជួបជាមួយពួកគេ។

ក្រុងសេអ៊ូលបានច្រានចោលការចោទប្រកាន់ទាំងអស់និងអះអាងថាស្ត្រីទាំងនោះត្រូវបានដាក់ឲ្យនៅក្នុងកន្លែងដាច់ដោយឡែកមួយដើម្បីការពារសុវត្ថិភាពពួកគេ។

ចំពោះអ្នកចុះចូលជាជនជាតិកូរ៉េខាងជើងទាំងអស់ជីវិតនៅកូរ៉េខាងត្បូងបានចាប់ផ្ដើមជាមួយការសួរចម្លើយពីទីភ្នាក់ងារចារកម្មដែលអាចមានរយៈពេលច្រើនខែនិងបោសសម្អាតចោលនូវចារកម្ម។

ពួកគេរស់នៅក្នុងមណ្ឌលរដ្ឋាភិបាលរយៈពេល៣ខែដោយរៀនជំនាញនានាដូចជាជិះរថភ្លើង ប្រើប្រាស់ទូរស័ព្ទ និងទិញទំនិញនៅផ្សារទំនើប។

ចំណែកសវនការនៅថ្ងៃអង្គារនេះត្រូវបានធ្វើឡើងតាមសំណើរបស់សមាគមមេធាវីសង្គមប្រជាធិបតេយ្យ។

តុលាការបានបញ្ជាឲ្យស្ត្រីទាំង១២រូបនោះបង្ហាញខ្លួនម្ដងម្នាក់ ប៉ុន្តែទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងនិយាយថា ពួកគេមិនចង់ធ្វើសក្ខីកម្មនោះឡើយ ដោយសារតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនហើយតំណាងដោយក្រុមមេធាវី។

ពលរដ្ឋកូរ៉េខាងជើងជិត៣ម៉ឺននាក់បានរត់គេចពីភាពក្រីក្រនិងការគាបសង្កត់ ដើម្បីស្វែងរកជីវិតថ្មីនៅកូរ៉េខាងត្បូង៕

ប្រភពៈ VOD