ឥណ្ឌូ​នេស៊ី​ប្តេជ្ញា​ប្រកាន់​ជំហរ​រឹង​មាំ​ បន្ទាប់​ពីប៉ះ​ទង្គិច​នឹង​នាវា​ចិន​

ក្រុងហ្សាការតាៈ អនុប្រធានាធិបតី ឥណ្ឌូនេស៊ី បាននិយាយពីថ្ងៃចន្ទថា ប្រទេសលោកកំពុងប្តេជ្ញាការពារសិទ្ធិពិសេសរបស់ខ្លួនចំពោះជ្រុងមួយនៃសមុទ្រចិនខាងត្បូង ជាទីដែលមានការប៉ះ ទង្គិចគ្នារវាងនាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ី និងនាវាចិន។

ឥណ្ឌូ​នេស៊ី​ប្តេជ្ញា​ប្រកាន់​ជំហរ​រឹង​មាំ​ បន្ទាប់​ពីប៉ះ​ទង្គិច​នឹង​នាវា​ចិន​

លោក Jusuf Kalla បាននិយាយថា នឹងបញ្ជូនសារមួយទៅ ក្រុងប៉េកាំង ដោយទាមទារថា គេត្រូវតែគោរពអធិបតេយ្យភាពរបស់ប្រទេសនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះលើដែនទឹកជុំវិញប្រជុំកោះ Natuna។

ក្រសួងការបរទេសចិន បាននិយាយពីចុងសប្តាហ៍មុនថា នាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ីមួយ គ្រឿង បានបាញ់លើទូកនេសាទ ចិនមួយគ្រឿងនៅក្បែរប្រជុំកោះនោះកាលពីថ្ងៃសុក្រ ដោយធ្វើឲ្យមនុស្សម្នាក់រងរបួស។

កងទ័ពជើងទឹកឥណ្ឌូនេស៊ី បាន ឆ្លើយតបថា ខ្លួនបានធ្វើការបាញ់ព្រមានជាច្រើនគ្រាប់លើទូកជា ច្រើនដែលមានដោតទង់ជាតិចិន ដែលខ្លួនបានចោទប្រកាន់ថាកំពុងតែនេសាទដោយខុសច្បាប់ ប៉ុន្តែមិនមានធ្វើឲ្យមានរបួសអ្នកណាម្នាក់នោះទេ។

នេះគឺជាការប្រឈមមុខដាក់គ្នាដែលបានរាយការណ៍លើកទី បីនៅក្បែរប្រជុំកោះ Natuna ហើយនៅឆ្នាំនេះ នឹងកើតមានឡើងចុះពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់ជុំវិញការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។

ក្នុងកិច្ចសម្ភាសន៍មួយនៅវិមានរដ្ឋាភិបាល លោក Kalla បាននិយាយថា៖ «នេះមិនមែនជាការប៉ះទង្គិចគ្នានោះទេ ប៉ុន្តែយើងកំពុងការពារតំបន់នោះ»។នៅសួរថាតើរដ្ឋាភិបាលឥណ្ឌូនេស៊ី បានធ្វើការសម្រេចចិត្តកាន់តែការពារឬយ៉ាងណា លោកបាន ថ្លែងថា៖ «បាទ! យើងនឹងបន្ត ការការពារ»។

ឥណ្ឌូនេស៊ីមិនមែនជាផ្នែកមួយ នៃជម្លោះកាន់តែធំ ក្នុងតំបន់ជុំវិញសកម្មភាពរានដីរបស់ចិននៅ ក្នុងសមុទ្រចិនខាងត្បូង និងការទាមទារដ៏ធំល្វឹងល្វើយលើផ្លូវទឹកដ៏សំខាន់របស់ក្រុងប៉េកាំងទេ។

ប៉ុន្តែក្រុងហ្សាការតា បានជំទាស់ទៅនឹងការបូកបញ្ចូលតំបន់ជាច្រើននៃប្រជុំកោះ Natuna ដែលឥណ្ឌូនេស៊ីគ្រប់គ្រង នៅ ខាងក្នុង «បន្ទាត់ខណ្ឌចែក៩» មួយ ដែលក្រុងប៉េកាំងបានគូសនៅលើផែនទី ដើម្បីបង្ហាញការទាមទាររបស់ខ្លួនលើផ្ទៃទឹក។

ចិនធ្លាប់បាននិយាយថា ខ្លួនមិនឈ្លោះនិងអធិបតេយ្យភាពរបស់ឥណ្ឌូនេស៊ីជុំវិញប្រជុំកោះ Natuna ទេ ប៉ុន្តែលោក Kalla បាននិយាយថា នាវារបស់ពួកគេពេលខ្លះអះអាងថា ពួកគេមានសិទ្ធិធ្វើប្រតិបត្តិការក្នុងដែនទឹកជុំវិញប្រជុំកោះនោះ ព្រោះតំបន់ទាំងនោះ គឺជា «តំបន់នេសាទជាទម្លាប់របស់ចិន»។

យោងដល់អនុសញ្ញាអ.ស.ប.ស្តីពី ច្បាប់សមុទ្រ (UNCLOS) លោក Kalla បាននិយាយថា៖ «ប៉ុន្តែយើងផ្តោតសំខាន់លើមូលដ្ឋានច្បាប់។ យើងនឹងបញ្ជូនសារមួយទៅភាគីម្ខាងទៀត ដើម្បីឲ្យគោរពតំបន់នោះ ដោយអនុលោមទៅតាមច្បាប់»។

ចិន ទាមទារតំបន់ភាគច្រើនបំផុត នៃសមុទ្រចិនខាងត្បូង ដែលតាមរយៈផ្លូវសមុទ្រ ប្រាក់ ៥ ពាន់ពាន់លានដុល្លារត្រូវបានគេធ្វើពាណិជ្ជកម្មឆ្លងកាត់រាល់ឆ្នាំ។ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប្រ៊ុយណេ ក៏មានការ ទាមទារលើតំបន់ត្រួតស៊ីគ្នានៅ ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះផងដែរ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍