ថ្ងៃក្រោយ​ឲ្យ​រាង ! សំណាង​ហើយ​មិន​ឆេះ​ដល់​លិង្គ កុំ​អី​វីវរ​ធំ​ហើយ

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​រលាក​មួយ​កំណាត់​ក្រោម​របួស​ធ្ងន់ធ្ងរ និង​ម្នាក់​ទៀត​រលាក​មួយ​ចំហៀង​ខាងឆ្វេង​ស្រាល ខណៈ​​នាំ​គ្នា​ចាក់​សាំង​ម៉ាស៊ីន​កាត់​ស្មៅ​ក្បែរ​ចង្ក្រាន​ស្រប​ពេល​បាន​ខ្យល់​បក់​ខ្លាំង​បណ្ដាល​ភ្លើង​ឆាបឆេះ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​ចម្ការ​ដំឡូង​មី ស្ថិត​ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ម៉ើ ម៉ៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កសិករ រង​របួស​ភ្លៅ​ទាំង​សងខាង​រហូត​ដល់​កំភួនជើង និង​រលាក​ដៃស្តាំ​, ទី​២-​ឈ្មោះ ស៊ី​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រង​របួស​ចំហៀង​ខាងស្តាំ​ស្រាល ឆេះ​ម៉ូតូ​ផ្នែក​ខាង​មុខ​អស់​១​គ្រឿង ឆេះ​ម៉ាស៊ីន​កាត់​ស្មៅ​អស់​១​គ្រឿង ទាំងអស់​គ្នា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​សម្តី​ជន​រង​គ្រោះ​ឈ្មោះ ម៉ើ ម៉ៅ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ រូបគេ​បាន​នាំ​គ្នា​៣​នាក់​ជិះ​ម៉ូតូ​យក​ម៉ាស៊ីន​ទៅ​ស៊ីឈ្នួល​កាត់​ស្មៅ​ក្នុង​ចម្ការ​ដំឡូង​មី​របស់​បងប្អូន លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ម៉ាស៊ីន​១​គ្រឿង​អស់​សាំង ហើយ​រូបគេ​ក៏​ប្រញាប់​ជិះ​ទៅ​ទិញ​សាំង​យក​មក​ចាក់​ដើម្បី​កាត់​ស្មៅ​បន្ត​ទៀត ។ ជន​រង​គ្រោះ​បន្ត​ទៀត​ថា ខណៈ​កំពុង​តែ​ចាក់​សាំង​នៅ​ក្បែរ​ចង្ក្រាន​ចំងាយ​ប្រហែល​២-៣​ម៉ែត្រ ស្រាប់តែ​ខ្យល់​បក់​នាំ​អណ្តាត​ភ្លើង​ចេញពី​ចង្ក្រាន​មក​​ឆាបឆេះ​សាំង​រលាក​២​នាក់ រត់​ចែក​ជើង​គ្នា​ព្រាត ។ តែ​សំណាងល្អ​រូបគេ​ស្លៀក​កន្សែង​បណ្តាល​ឱ្យ​ឆាប​ត្រឹម​ភ្លៅ​ចុះ​ក្រោម រីឯ​បុរស​ចំណាស់​ម្នាក់​ទៀត​ឆាបឆេះ​អស់​១​ចំហៀង​ខាងស្តាំ​ បន្ទាប់​មក​ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ប្រញាប់​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ហើយ​ត្រូវ​គ្រូពេទ្យ​ចាក់​ថ្នាំ និង​រុំ​បង់​ទាន់​ពេល ។

ជន​រង​គ្រោះ​បញ្ជាក់​ថា សំណាង​ហើយ ដែល​ភ្លើង​នេះ​មិន​ឆាបឆេះ​ដល់​ពងស្វាស (លិង្គ) កុំ​អី​វីវរធំហើយ ដោយ​ពិបាក​ក្នុង​បត់ជើងតូច ហើយ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ថែម​ទៀត​ផង ៕