សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ចុះ​សួរសុខទុក្ខលោក​ព្រឹទ្ធាចារ្យ និង​មន្ត្រី​ចូល​និវត្តន៍

កាលពីព្រឹក​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​ព្រឹទ្ធាចារ្យ និង​មន្ត្រី​ចូល​និវត្តន៍ ក្នុង​ក្រុងព្រះសីហនុ និង​ក្នុងស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពី​បំពេញបេសកកម្ម​នៅ​ស្រុក​ស្ទឹង​ហាវ សម្តេច​ភក្តី បាន​ឆ្លៀត​ចូល​សួរសុខទុក្ខ លោក​ព្រឹទ្ធាចារ្យ លឹ​ម ណៃ ដែល​ជា​អតីត​លេខា​បក្ស ទីក្រុង​កំពង់សោម ក្នុង​ទស្សវត្សរ៍​ទី​៨០ ហើយ​បច្ចុប្បន្ន​នេះ លោកតា​មាន​អាយុ ៨២ឆ្នាំ និង​កំពុង​រស់នៅ​ក្នុងភូមិ​គ្រឹះ ក្នុង​ក្រុងព្រះសីហនុ ។

បន្ទាប់​មក សម្តេច​ភក្តី ក៏​បាន​អញ្ជើញ​ចូល​សួរសុខទុក្ខ លោកតា ខាំ ខ្វាន់ ដែល​ជា​អតីត អនុ​លេខា​បក្ស​ក្រុង​កំពង់សោម និង​ជា​ស្នងការ​នគរបាល​ក្រុង​ផង​ដែរ សព្វថ្ងៃ លោកតា មាន​អាយុ ៨២​ឆ្នាំ និង​រស់នៅ​ក្នុង​គេហដ្ឋាន​របស់​លោកតា ក្នុង​ក្រុងព្រះសីហនុ និង​ជា​ចុង​ក្រោយ សម្តេច​ភក្តី បាន​ចូល​សំណេះសំណាល សួរសុខទុក្ខ លោក មាស ហាន់ ដែល​ជា​អតីត​ចៅហ្វាយស្រុក ស្ទឹង​ហាវ បច្ចុប្បន្ន​ជា​មន្ត្រី​ចូល​និវត្តន៍ ហើយ​កំពុង​មាន​ជម្ងឺ និង​ពិការ រស់នៅ​ភូមិ​៤ ឃុំ​ទំនប់​រលក​ថ្មី ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

សូមបញ្ជាក់ថា ក្នុង​ឱកាស​ចុះ​ជួប​សំ​ណោះ​សំ​ណា​ល សួរសុខទុក្ខ​មន្ត្រីរាជការ អាជ្ញាធរ នៅ​សាលាស្រុក​ស្ទឹង​ហាវ សម្តេច​ភក្តី បាន​ជំរាប​ជូន​ត្រួស​ៗ អំពី​ប​ច្ចប្ប​ន្ន​ភាព និង​សភាពការណ៍​រួម​របស់​ប្រទេស​ជាតិ ដែល​កំពុង​មានការ​អភិវឌ្ឍន៍ រីក​ចម្រើន​ឥត​ឈប់​ឈរ និង​បាន​ផ្តល់​អនុសាសន៍ ឲ្យ​អាជ្ញាធរ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ បន្ត​ព្យាយាម​ដោះស្រាយ​បញ្ហា និង​ការ​លំបាក​របស់​ប្រជាជន​យើង ដោយ​បង្កើន​ការ យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​លើ​ការងារ ​៖

-​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឲ្យ​បាន​កាន់តែ​ល្អ បើ​ទោះជា ភូមិសាស្ត្រ​ស្រុក​យើង មាន​អំណោយផល​ល្អ​ក្តី ក៏​យើង​មិន​ត្រូវ​ធ្វេសប្រហែស ឬ​មើល​ស្រាល​សភាពការណ៍​ឡើយ ។

-​ចំពោះ​ការ​ផ្តល់​សេវា​សាធារណៈ បំរើប្រជាជន ត្រូវ​បន្ត​យកចិត្តទុកដាក់​ធ្វើ​ឲ្យ​បាន​ល្អ​ទៀត និង​ខិតខំ​កាត់​បន្ថយ​ភាព​អសកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពារ ដល់​ផលប្រយោជន៍ របស់​ប្រជាជន ដែល​ធ្វើ​ឲ្យ​ប្រជាជន​ថ្នាំងថ្នាក់ ។

-​ចំពោះ​ការ​គ្រប់គ្រង ការងារ​ផលិតកម្ម អាជីវកម្ម នៅ​ក្នុង​មូលដ្ឋាន ក៏​ត្រូវ​តែ​ពង្រឹង ការ​ការពារ​អ្នក​វិនិយោគទុន​ដែល​មាន​ស្រាប់ និង​ទាក់ទាញ​ប្រភព​ទុន​វិនិយោគ ទាំង​ក្នុង ទាំង​ក្រៅប្រទេស បន្ថែម​កាន់តែ​ច្រើន​... ចំពោះ​បញ្ហា​រង​ផល​ប៉ះពាល់ ពី​រោងចក្រ និង​មូលដ្ឋាន​ឧស្សាហកម្ម ផលិតកម្ម មួយ​ចំនួន គឺ​ត្រូវ​មាន​វិធានការ​ដោះស្រាយ​ទាន់​ពេលវេលា និង​បកស្រាយ​ពន្យល់​ប្រជាជន​យើង​ឲ្យ​បាន​សម​ស្រប​បំផុត ។

-​យកចិត្តទុកដាក់​ចំពោះ​ការ​គ្រប់គ្រង អភិរក្ស​ធនធានធម្មជាតិ និង​ស​ម្ប​តិ្ត​វប្បធម៌​ដែល​មាននៅ​ក្នុង​មូល​ដា្ឋ​ន ។

-​ចំពោះ​ប​ញ្ហ​ប្រឈម ការ​លំបាក​នានា សូម​បន្ត​អប់រំ បន្ត​ដោះស្រាយ ដោយ​ប្រើប្រាស់​ធនធាន​សរុប កម្លាំង​សរុប និង​មិន​ត្រូវ​អស់សង្ឃឹម ហើយ​ត្រូវ​តែ​មាន​ជំនឿ ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​យើង​។

វិធាន​ការណ៍ គ្រប់គ្រង ដោះស្រាយ ដែល​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​គឺ ៖ វិធាន​ការណ៍​អប់រំ វិ​.​រដ្ឋបាល និង​វិធាន​ការណ៍​ច្បាប់ ។ ចំពោះ​មុខ ត្រូវ​បន្ត​ជំរុញ​ខ្លាំងក្លា ការ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ និង​លិខិត​ឯកសារ​គតិយុត្តិ ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ បើ​មាន​ជួប​ការ​លំបាក សូម​ទំនាក់ទំនង ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ដើម្បី​រួម​គ្នា​ដោះស្រាយ ។

មុន​បញ្ចប់​សម្តេច​ភក្តី បាន​ណែនាំ​អំពី​លក្ខការណ៍​នៃ​ការងារ​គ្រប់គ្រង​ដឹកនាំ ដែល​ត្រូវ​តែ​មានការ​តាម​ត្រួតពិនិត្យ​ជា​ប្រចាំ បញ្ហា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង ការ​កសាង​ធ្លុង​សាមគ្គីភាព​ក្នុង​ប្រជាជន​ទាំងមូល ធានា​ឲ្យ​ប្រជាជន​យើង​រស់នៅ​បាន​សុខសាន្ត គ្មាន​ការ​រើសអើង ដើម្បី រួម​គ្នា​កសាង អភិ​វ​ឌ្ឈ​មូលដ្ឋាន​យើង ខេត្ត​យើង និង​ប្រទេស​ជាតិ​យើង​..៕