ស្តែង​ខ្លាំង​ណាស់ ស្រុត​ផ្ទះ​ដូចធរណីស្រូប

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​​ផ្ទះ​បើក​​ភោជនីយដ្ឋាន​​មួយ​កន្លែង​យីហោ
«​បឹង​​សំរោង​» បាន​បាក់​ស្រុត​ចុះ​ក្រោម តែ​សំណាងល្អ មិន​មាន​មនុស្ស​ណា​ម្នាក់​ បាន​រងគ្រោះថ្នាក់​នោះ​ទេ ដែល​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មិថុនា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​​ព្រែក​លៀប ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

ប្រភព​ឱ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើគឺ​ធ្វើ​អំពី​ថ្ម​ ជា​របៀប​វីឡា​កូនកាត់​ មាន​ទំហំ​៨​ម៉ែត្រ គុណ​១០​ម៉ែត្រ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​មាស ឆុ​ន ជា​មន្ត្រី​យោធា ។ នៅ​ជិត​​​ផ្ទះ​​កើតហេតុ គេឃើញ​មាន​​សង់​ជា​តូប​តូច​ក្បែរ​​ៗ​​គ្នា សម្រាប់​​លក់ដូរ​ផង​ដែរ ។

ប្រភព​បន្ត​ថា ករណី​នេះត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដាក់​ការ​​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ពំនូកដី​​នៅ​ខាង​ត្បូង ដែល​ផ្ទះ​អ្នក​ជិត​ខាង​​បាន​ចាក់​ក្បែរ​នោះ លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​កាលពី​​ម្សិលមិញ ទើប​បណ្តាល​ឱ្យ​ដី​ហៀរ​ចូល​កៀន​ផ្ទះ​ធ្ងន់​ស្រុត​ចុះ​ក្រោម​តែ​ម្តង ។តែ​ទោះបី​ជា​យ៉ាងណា មូលហេតុ​ច្បាស់ ​គឺ​មិន​ទាន់​​កំណត់​បាន​​ទេ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ និង​ឃើញ​ខាង​ម្ចាស់ផ្ទះ​កំពុង​​រើ​​អីវ៉ាន់​​ចេញ​​​ផង​ដែរ ។