សូមពិនិត្យមើលសកម្មភាពរបស់គណបក្សប្រឆាំង តើស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ដែរឬទេ?

សូមពិនិត្យមើលសកម្មភាពរបស់គណបក្សប្រឆាំង តើស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ដែរឬទេ?



តាម​ទម្រង់ និង​គតិ​ច្បាប់ ការបកស្រាយ​រដ្ឋធម្មនុញ្ញ ​គឺជា​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រសិនបើ​មាន​ទឡ្ហីករណ៍​លើកឡើង ​ដើម្បី​ស្នើសុំ​ឲ្យ​មានការ​បកស្រាយ។ ប៉ុន្ដែ​មាន​ករណី​ជាច្រើន​ណាស់​ ដែល​បក្សប្រឆាំង (គណបក្ស​សង្គ្រោះ​ជាតិ) ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា តែងតែ​ប្រ​ព្រឹ​ត្ដ​នូវ​សកម្មភាព​ទាំងឡាយ​ដែល​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ។ ករណី​ទាំងនេះ​មិនអាច​និយាយថា អធម្មនុញ្ញភាព (inconstitutionnel) នោះទេ ប៉ុន្ដែ​ត្រូវតែ​កំណត់ថា សកម្មភាព​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ កំពុងតែ​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ (anti-constitutionnelle) យ៉ាង​ពេញទំហឹង​តែម្ដង។

សកម្មភាព​បែបនេះហើយ​ដែល​គេ​អាច​និយាយបានថា គណបក្សប្រឆាំង​កំពុងតែ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ (L’état dans l’état) បង្ក​ជា​ភាពចលាចល​វឹកវរ នៅក្នុង​ក្របខណ្ឌ​នៃ​បក្ស​របស់ខ្លួន ដែលជា​ទូទៅ​ប្រជាពលរដ្ឋ​ដែល​គ្មាន​និន្នាការ​វិញ គឺ​មិន​ខ្ចី​រវល់​ខ្វល់ខ្វាយ​អំពី​ការ​វឹក​ឲ្យ​ច្របល់​សភាព​នោះដែរ។

ផ្ទុយទៅវិញ ប្រសិនបើ​គេ​មិន​ស្ថិតនៅក្នុង​ក្របខណ្ឌ​មួយ​របស់​បក្សប្រឆាំង​ទេនោះ គេ​នឹង​ពិតជា​មើលឃើញ​ពី​ការ​ក្រ​ឡៃ​សភាពការណ៍​នយោបាយ​មួយ (une falsifi cation politique) របស់​គណបក្សនយោបាយ​មួយ ដែល​មិន​សម​សភាពការណ៍​បច្ចុប្បន្ន ដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងតែ​វិ​វ​ឌ្ឍ​ទៅមុខ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ការបរទេស​របស់ខ្លួន​នោះ​សោះឡើយ។

ជា​ទិដ្ឋ​ភាព​រួម​វិញ មហិច្ឆតា (L’ambition) របស់​គណបក្ស​នេះ​ គឺ​ច្បាម​យក​អ្វីដែល​ខ្លួន​អាច​ក្រឡុក​បាន ​តាម​ចិ​ត្ដ​ដែល​ខ្លួន​ប្រ​ព្រឹ​ត្ដ​នោះ។ ការមិន​គោរព​រដ្ឋធម្មនុញ្ញ​រប​ស់​គណបក្សប្រឆាំង​ ស្ដែង​ចេញពី​ការប្រឆាំង​និង​រដ្ឋធម្មនុញ្ញ​ដោយ​ចេញ​មុខ តែ​មិន​ប្រកាស (L’anti-constitution sans declaration) គឺ​ផ្ដើមចេញ​ចាប់តាំងពី​ការ​បំភ្លៃ ​នូវ​អ្វីដែល​មានចែង​ក្នុង​មាត្រា-ជំពូក​នៃ​រដ្ឋធម្មនុញ្ញ​ផង​ទៅទៀត។ ឧទាហរណ៍​ជាក់ស្ដែង ការបំពាន​ទៅលើ​ស្ថាប័ន​ព្រះមហាក្សត្រ ដូចដែល​រដ្ឋធម្មនុញ្ញ​ចែង ការ​ប្រ​ព្រឹ​ត្ដរបស់​សមាជិក​សមាជិកា​ទាំង ៥៥រូប របស់​បក្សប្រឆាំង​ទៅធ្វើ​សម្បថ ដោយឡែក​នៅមុខ​ប្រាសាទ​អង្គរវត្ដ ​កាលពី​រយៈពេល​កន្លងមក ការ​ហ៊ាន​ថ្វាយ​ញ្ញ​ត្ដិ​ចំពោះ​ព្រះមហាក្សត្រ​ សូម​ឲ្យ​ព្រះអង្គ​ព្រះ​ចុ​ត​ហ្មាយ កោះហៅ​គណបក្ស​ទាំងពីរ​ដែល​ជាប់ឆ្នោត ឲ្យ​វិល​មកកាន់​តុ​ចរចា ការរៀបចំ​ថ្វាយ​ញ្ញ​ត្ដិ ដោយ​ស្នាម​មេដៃ​អ្នកគាំទ្រ​បក្ស​របស់ខ្លួន ដែល​មួយចំនួន​មាន​ភាពមិនប្រក្រតី​ជាដើម។ល។ ទាំងនោះ​ហើយ​ដែល​ស្ដែង​ឲ្យ​ឃើញ​ ពី​ទង្វើ​មិន​សមស្រប​ទាល់តែសោះ ដែល​មេដឹកនាំ​បក្សប្រឆាំង​ហ៊ាន​ធ្វើ ​ទាំង​ងងើល​យ៉ាង​ក្លាហាន​ថែមទៀត​នោះ។

អ្វីដែល​នាំ​ឲ្យ​មានការ​កត់សម្គាល់ផ្ទួនៗ បន្ទាប់ពី​ក្រុមតំណាងរាស្ដ្រ​គណបក្សប្រឆាំង ​ពាក់ព័ន្ធ​ទៅនឹង​ការ​ប្រ​ព្រឹ​ត្ដ​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេស ក្នុងនោះ​ការ​ប្រ​ព្រឹ​ត្ដ​ផ្ទាល់ខ្លួន​ទាំង​លោក ​សម រង្ស៊ី និង​លោក កឹម សុខា គឺជា​រឿង​បុគ្គល​សុទ្ធសាធ ពាក់ព័ន្ធ​ទៅនឹង​ស្ថាប័ន​យុ​ត្ដា​ធិ​ការ បែរជា​គណបក្ស​នេះ ក៏ដូចជា​បុគ្គល​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​នាក់ បែរជា​ថ្កោល​ថា ជា​រឿង​នយោបាយ ឬ​ប្រ​ព្រឹ​ត្ដ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ពី​សំណាក់​បក្ស​កាន់អំណាច​ទៅវិញ។

ជា​ទស្សនៈ​មួយ​របស់​ស្មេរ​នេះ សូម​សាធារណមតិ មេ​ត្ដា​ពិចារណា​មើលថា តើ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​ដែរឬទេ? តើ​ការ​បួងសួង​នៅមុខ​ប្រាសាទ​អង្គរវត្ដ មានន័យ​យ៉ាងដូចម្ដេច បើ​ចំពោះមុខ​វិញ​គឺ​លោក កឹម សុខា ឯណោះ​ដែល​ត្រូវ​ចូលទៅ​បំភ្លឺ ចំពោះមុខ​តុលាការ ព្រោះតែ​ភាគី​ដើមបណ្ដឹង​ជា​ស្ដ្រី២នាក់ ដែល​បាន​ប្ដឹង​ចោទ​ពី​លោក​នោះ។

បារមី​មហានគរ​ជួយ​បាន ណាស់​តែ​ចំពោះ​ជន​ស្នេហា​ជាតិ​ក្នុងការ​ប្រឆាំង ការពារ​សត្រូវ​បរទេស​ដែល​ឈ្លានពាន​ទឹកដី ប៉ុន្ដែ​មិនគួរណា​ឡើយ​យក​រឿង​ចង់បាន​អំណាច ឬ​ចៀសវាង​រឿងក្ដី​ទៅ​បន់ស្រន់​បួងសួង​ជា​លេស ថា​ដើម្បី​សុំ​សេចក្ដីសុខ និង​ជាការ​ទាមទារ​ឲ្យ​មានការ គោរព​អភ័យឯកសិទ្ធិ​អ្នកតំណាងរាស្ដ្រ​ស្អី​នោះទេ។ ឧបមា​ថា នា​សម័យអង្គរ អង្គរ​ក្សត្រ​នៃ​ចក្រភព​ខ្មែរ​កាលណោះ​មាន​រដ្ឋធម្មនុញ្ញ​មែន​ក្ដី ក៏​រដ្ឋធម្មនុញ្ញ​នោះ​មិនមែន​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ដែរ៕