លោក ហ៊ុន សែន ជំរុញ​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​ចំនួន​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​អតីត​យុទ្ធជន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ជាតិ​មួយ​ចំនួន បន្ត​សកម្មភាព​លើក​កម្ពស់​ជីវភាព​អតីត​យុទ្ធជន​ក្រីក្រ​លំបាក រួម​មាន​ការ​សាងសង់​គេហដ្ឋាន វាស់វែង​ដី និង​ផ្តល់​ប្រាក់​របប​សន្តិសុខ​សង្គម​ឲ្យ​បាន​ទៀងទាត់​ជូន​អតីត​យុទ្ធជន។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៩ ទិវា​អតីត​យុទ្ធជន​កម្ពុជា នៅ​សាល​មហោស្រព​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦ ដែល​មាន​អតីត​យុទ្ធជន​ចូលរួម​ជិត ៣​ពាន់​នាក់។

ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឲ្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា សមាគម​អតីត​យុទ្ធជន និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ពង្រឹង​ការងារ​កសាង​លំនៅឋាន​របស់​អតីត​យុទ្ធជន​នៅ​តាម​សហគមន៍​នានា ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ពួក​គេ។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​វាស់វែង​ដី​ជូន​អតីត​យុទ្ធជន​ទៅ​តាម​ការ​ស្នើសុំ​របស់​ពួក​គេ៖ «»

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ណែនាំ​ដល់​ក្រសួង​អប់រំ និង​ក្រសួង​សង្គមកិច្ច ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ឲ្យ​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ផ្តល់​អាហារូបករណ៍​ជូន​កូន​ចៅ​អតីត​យុទ្ធជន ដែល​ត្រូវ​ការ​ការ​សិក្សា និង​ជំនាញ​ច្បាស់លាស់៖ «»

អតីត​យុទ្ធជន ភូមិ​តេជោអភិវឌ្ឍន៍ ៨៥៥ ២០១៦
អតីត​យុទ្ធជន​ម្នាក់​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោកស្រី ព្រុយ ជឿន និង​ស្វាមី ចិញ្ចឹម​មាន់​ទា​គ្រាន់​ដោះ​ទាល់​ម្ដងម្កាល ភូមិ​តេជោអភិវឌ្ឍន៍ ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត។ រូប​ថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦។ RFA/Yang Chandara

អតីត​យុទ្ធជន​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់ (៨៦.១៥៦​នាក់) ហើយ​អ្នក​នៅ​ក្នុង​បន្ទុក​មាន​ជាង ១៣​ម៉ឺន​នាក់ (១៣៤.៦៨១​នាក់)។ របប​សន្តិសុខ​សង្គម​សម្រាប់​អតីត​យុទ្ធជន​មាន​ចំនួន​ចាប់​ពី ៣០​ម៉ឺន​រៀល​ដល់​ជាង ១​លាន​រៀល អាស្រ័យ​ទៅ​តាម​តួនាទី និង​ពិការភាព​របស់​ពួក​គាត់។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន សាទរ​ចំពោះ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា បើ​សិន​ជា​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​អាច​អនុវត្ត​បាន​តាម​ប្រសាសន៍​នេះ​មែន អតីត​យុទ្ធជន​នឹង​អាច​កែប្រែ​ជីវភាព​របស់​ខ្លួន​បាន៖ «»

លោក ងិន សៅរ័ត្ន កត់​សម្គាល់​ថា បញ្ហា​ប្រឈម​របស់​អតីត​យុទ្ធជន​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​មាន​មុខ​របរ​ពិត​ប្រាកដ ខ្វះ​ដី​បង្កបង្កើន​ផល ការ​រំលោភ​យក​ដីធ្លី និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ជុំវិញ​ការ​បើក​ប្រាក់​បៀវត្ស​របស់​ពួក​គាត់។ ប្រធាន​អង្គការ​រូប​នេះ​យល់​ឃើញ​ថា ការ​ផ្តល់​ការ​អប់រំ និង​ជំនាញ​ដល់​កូន​ចៅ​អតីត​យុទ្ធជន គឺ​ជា​រឿង​មួយ​ដ៏​ចាំបាច់​សម្រាប់​ក្រុម​គ្រួសារ​អតីត​យុទ្ធជន ដើម្បី​ពួក​គេ​អាច​ជ្រោង​អនាគត​គ្រួសារ​បាន​ទៅ​ថ្ងៃ​មុខ។

បន្ថែម​ពី​លើ​នេះ លោក ងិន សៅរ័ត្ន ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​បន្ថែម​អំពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ការប្រាក់​ទាប ដើម្បី​ពួក​គាត់​អាច​មាន​ដើម​ទុន​សម្រាប់​បង្កបង្កើន​ផល​លើ​ដី​ដែល​រដ្ឋ​បាន​ចែក​ឲ្យ៖ «»

លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា កម្ពុជា មាន​ដី​ប្រមាណ​ជា ២​ម៉ឺន ៧​ពាន់​ហិកតារ សម្រាប់​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​អតីត​យុទ្ធជន។

ទោះ​បី​ជា​យ៉ាង​ណា អតីត​យុទ្ធជន​ជាច្រើន​រយ​គ្រួសារ​នៅ​តាម​បណ្ដា​ខេត្ត ដូចជា​នៅ​តំបន់​តេជោ​អភិវឌ្ឍន៍​ជាដើម មិន​ទាន់​ទទួល​បាន​ដី​កសិកម្ម​តាម​ការ​សន្យា​របស់​អាជ្ញាធរ​នៅ​ឡើយ។ ចំណែក​ គេហដ្ឋាន​ដែល​រដ្ឋាភិបាល​បាន​សាងសង់ និង​ប្រគល់​ជូន​អតីត​យុទ្ធជន​វិញ ក៏​មិន​សូវ​មាន​អតីត​យុទ្ធជន​ទៅ​រស់នៅ​ដែរ ពីព្រោះ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង និង​គ្មាន​ចរន្ត​សេដ្ឋកិច្ច ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។