មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​បន្ត​អប់រំ​សិស្ស​អំពី​ការ​ជ្រើស​យក​ចំណី​អាហារ​មាន​គុណភាព

មន្ត្រី​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បន្ត​បើក​យុទ្ធនាការ​ចុះ​អប់រំ​កុមារ​តូចៗ​នៅ​តាម​សាលា​មួយ​ចំនួន ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​គុណភាព​នៃ​ការ​ជ្រើស​ចំណី​អាហារ ឬ​ភេសជ្ជៈ​គ្រប់​ប្រភេទ​ដែល​មាន​គុណភាព​មក​ទទួល​ទាន។

មន្ត្រី​សង្គម​ស៊ីវិល គាំទ្រ​ចំពោះ​សកម្មភាព​នេះ ហើយ​ស្នើ​ដល់​អាណាព្យាបាល ត្រូវ​ចូលរួម​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​មន្ត្រី​កាំកុងត្រូល មុន​នឹង​ជ្រើសរើស​ចំណី​អាហារ ឬ​អាហារ​ទទួល​ទាន​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ។

សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ប្រកាស​លេខ​ទូរស័ព្ទ​ចំនួន ៣​ខ្សែ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ទាក់ទង​ទៅ​កាន់​ស្ថាប័ន​នេះ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ពុល​ចំណី​អាហារ ឬ​ទីតាំង​លក់​ដូរ​ណា​មួយ​ដាក់​លក់​នំ​ចំណី និង​អាហារ​ទទួល​ទាន​គ្មាន​គុណភាព ឬ​ហួស​កាល​កំណត់​ប្រើប្រាស់ ជាដើម។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​ពលរដ្ឋ​សង្ស័យ​ពី​ផលិតផល ឬ​ចំណី​អាហារ​ណា​គ្មាន​គុណភាព គឺ​ត្រូវ​ផ្ដល់​ព័ត៌មាន​តាម​ទូរស័ព្ទ​មក​កាន់​ស្ថាប័ន​កាំកុងត្រូល​ជា​បន្ទាន់ ដើម្បី​ចុះ​ពិនិត្យ​ដល់​ទីតាំង​ឲ្យ​បាន​ទាន់​ពេលវេលា៖ «សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាក់ទង​មក​កាន់​លេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១២ ៩៧៥ ៦៥៧ និង ០១៧ ៤៤៣ ៧៣៧»

លោក ជា ប៉ិច លើក​ឡើង​ដូច្នេះ គឺ​ធ្វើ​ឡើង​នៅ​គ្រា​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​ស្ថាប័ន​នេះ​មួយ​ក្រុម ចុះ​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​តូចៗ និង​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​មិថុនា ឲ្យ​យល់​ដឹង និង​ជ្រើសរើស​នំ​ចំណី ឬ​អាហារ​ណា​ដែល​មាន​គុណភាព និង​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​ប្រចាំ​ថ្ងៃ។ លោក ជា ប៉ិច ឲ្យ​ដឹង​ថា សកម្មភាព​នេះ គឺ​មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ជា​ប្រចាំ​ខែ ឬ​ក្នុង​មួយ​សប្ដាហ៍​ម្តង គឺ​ធ្វើ​នៅ​តាម​សាលា​រៀន និង​នៅ​តាម​ទីផ្សារ​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ។ លោក​ថា កន្លង​មក ខេត្ត​នេះ​មិន​ទាន់​មាន​បញ្ហា​ប្រឈម​នៃ​ការ​ប្រើប្រាស់​មុខ​ទំនិញ ឬ​ចំណី​អាហារ នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ជា​គោលការណ៍​របស់​ស្ថាប័ន​កាំកុងត្រូល គឺ​បន្ត​ការងារ​ចុះ​អប់រំ​អំពី​វិធី​ជ្រើសរើស​ចំណី​អាហារ​ឲ្យ​មាន​គុណភាព បាន​ជ្រាប​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​សហការ។

ជាមួយ​ការ​នាំ​មក​នូវ​អាហារ​កំប៉ុង​ខូច​គុណភាព លោក ជា ប៉ិច បាន​បង្ហាញ​កុមារ​តូចៗ​ថា ទំនិញ​គ្រប់​មុខ​ដែល​វេច​ខ្ចប់​មិន​បាន​ល្អ គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ គ្មាន​ចុះ​ទីតាំង​ផលិត ឬ​ក្រុមហ៊ុន​ឲ្យ​បាន​ត្រឹមត្រូវ និង​ហួស​កាល​កំណត់​ប្រើប្រាស់​ជាដើម ហាម​ដាច់​ខាត​មិន​ត្រូវ​យក​មក​ប្រើប្រាស់ ឬ​ទទួល​ទាន​ទេ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។

គ្រូបង្រៀន និង​កុមារ​តូចៗ​រៀន​នៅ​សាលា​បឋម​សិក្សា​ព្រៃនប់ ជាង ៣០០​នាក់ បាន​ចូលរួម​ស្តាប់​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ អប់រំ​អំពី​ការ​ជ្រើសរើស​យក​នំ​ចំណី ឬ​អាហារ​ដែល​មាន​គុណភាព​មក​ទទួល​ទាន​ដោយ​យក​ចិត្ត​ទុក​ដាក់។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ការងារ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​បាន​ចុះ​អប់រំ​ដល់​កុមារ និង​គ្រូបង្រៀន អំពី​សុវត្ថិភាព​នៃ​ការ​ជ្រើស​យក​នំ​ចំណី និង​អាហារ​ទទួល​ទាន​មាន​គុណភាព​ពេល​នេះ។ លោក ប៊ួន ណារិទ្ធិ ចាត់​ទុក​ថា ការងារ​របស់​មន្ត្រី​កាំកុងត្រូល​ចុះ​អប់រំ​អំពី​ការ​ជ្រើស​យក​ចំណី​អាហារ​ដល់​កុមារ​តូចៗ​នៅ​តាម​សាលា​នានា និង​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណភាព ឬ​ប្រើ​សារធាតុ​គីមី ដែល​អាជីវករ​ដាក់​លក់​នៅ​តាម​ទីផ្សារ​មួយ​ចំនួន ថា​មាន​សារសំខាន់​បំផុត៖ «មន្ត្រី​កាំកុងត្រូល​ត្រូវ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​មុខ​ទំនិញ​គ្រប់​ប្រភេទ​នៅ​តាម​ព្រំដែន​គោក និង​ទឹក ពី​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ថៃ និង​វៀតណាម ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ទំនិញ​ខូច​គុណភាព​ទាំង​នោះ ភាគ​ច្រើន​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស»

នាយក​រង​សាលា​បឋម​សិក្សា​ព្រៃនប់ លោក ប៉ែន ប៊ុនធឿន បាន​ស្វាគមន៍​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​ដែល​ជ្រើស​យក​សាលា​ខ្លួន ចុះ​អប់រំ​ដល់​កុមារ​តូចៗ​ឲ្យ​យល់​ដឹង​ពី​ការ​ជ្រើស​យក​នំ​ចំណី និង​អាហារ​ហូប​ចុក​ឲ្យ​មាន​គុណភាព។ លោក​អំពាវនាវ​ដល់​អាណាព្យាបាល ពិសេស​លោកគ្រូ​អ្នកគ្រូ​នៅ​ទូទាំង​ប្រទេស ឲ្យ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ដើម្បី​សុខភាព​កុមារ​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ៖ «យល់​ថា​ការ​ចុះ​អប់រំ​ដល់​កុមារ ឬ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​មើល​កាលបរិច្ឆេទ​មុខ​ទំនិញ ឬ​កំប៉ុង ដប​មិន​ល្អ និង​ទំនិញ​គ្មាន​ដាក់​ទីតាំង ឬ​ក្រុមហ៊ុន​ផលិត​ឲ្យ​បាន​ច្បាស់លាស់ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​អាណាព្យាបាល​គ្រប់ៗ​រូប​នៅ​តាម​គ្រួសារ​នីមួយៗ»

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា យុទ្ធនាការ​ចុះ​អប់រំ​កុមារ​តូចៗ​នៅ​តាម​សាលា​នានា​ជា​បន្តបន្ទាប់ ឬ​ចាប់​ផ្ដើម​មាន​សកម្មភាព​ញឹកញាប់ គឺ​បាន​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៥ បន្ត​រហូត​មក​នេះ។ សកម្មភាព​នេះ គឺ​មាន​គោល​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​កុមារ ពិសេស​អាណាព្យាបាល​នៅ​តាម​គ្រួសារ​នីមួយៗ​ឲ្យ​ចេះ​ពិនិត្យ និង​ជ្រើស​យក​ចំណី​អាហារ ឬ​ភេសជ្ជៈ​កំប៉ុង ដប​ដែល​មាន​គុណភាព ឬ​មាន​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។