ភ្ញៀវ​បាត់​ម៉ូតូ​នៅផ្ទះ​សំណាក់ តែ​ម្ចាស់ផ្ទះ​ថា​អត់​ទទួលខុសត្រូវ​ទេ

ខេត្តរតនគិរី ៖ នារី​ជា​គ្រូបង្រៀន​ម្នាក់​បាន បាត់​ម៉ូតូ​មួយ​គ្រឿង​ខណៈ​ពេល​ចូល​សម្រាក​ផ្ទះសំណាក់​មួយ​កន្លែង បន្ទាប់​ពី​បាន​មក​រៀន​បំពេញវិជ្ជា​នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ភូមិ​ថ្មី​។ ម៉ូតូ​មួយ​គ្រឿង​ដែល​បាន​បាត់​នោះ​ម៉ាក​សង់​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៦ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​។ ផ្ទះសំណាក់​នោះ​មាន​យីហោ ហា​វៃ ស្ថិត​នៅ​ភូមិ​ទេ​សន្លុង សង្កាត់​បឹ​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។

នារី​រង​គ្រោះ​ឈ្មោះ ផា​ន់ ជូន ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​០៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ស្រុក​កូន​មុំ បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នាង​បាន​ចេញ​ទៅ​រៀន​លុះ​ម៉ោង​១០​នាង​ខ្ញុំ​ត្រឡប់​ចូល​ផ្ទះសំណាក់​វិញ​ក្នុង​ចន្លោះ​ម៉ោង​១០​ទៅ​និង​៤៥​នាទី​ព្រឹក ចូល​សម្រាក​ក្នុង​បន្ទប់​លុះ​ចេញ​ទៅ​រៀន​វិញ​ក៏​បាត់​ម៉ូតូ​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ ស្លាក​លេខ​រតនគិរី 1C-7060 តួលេខ​9470544 តែ​ម្តង ហើយ​នាង​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្នងការដ្ឋាន​បន្ទាប់​មក​សមត្ថកិច្ច​បញ្ជូន​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​កន្សែង​វិញ​។ ករណី​នេះ​លោក រុំ សា​រិ​ទ្ធ នាយ​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង បាន​ប្រាប់​ថា​លោក​បញ្ជូន​សំណុំរឿង​ឲ្យ​ថ្នាក់លើ​ហើយ ។ ចំពោះ​ការ​បាត់​ម៉ូតូ​នៅផ្ទះ​សំណាក់​ហា​វៃ​ខាងលើ​នេះ​ម្ចាស់ផ្ទះ​សំណាក់​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ការ​បាត់បង់​មិន​ទទួលខុសត្រូវ​ឡើយ​។

គួរ​បញ្ជាក់​ផ្ទះសំណាក់​ហា​វៃ​នេះ​មានការ​បាត់បង់​ម៉ូតូ​របស់​ភ្ញៀវ​ចំនួន​ពីរ​លើក​មក​ហើយ ផ្ទះសំណាក់​មិន​ព្រម​ទទួលខុសត្រូវ​នោះ​ទេ ដោយ​គ្រាន់តែ​លើក​ហេតុផល និង​ពាក្យ​បដិសេធន៍​ថា​មិន​ព្រម​សង​តែ​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​ហាក់បីដូចជា​មានការ​ធ្វើ​ព្រងើយកន្តើយ​មិន​អន្តរាគមន៍​ក្នុង​ការ​បាត់បង់​ទ្រព្យសម្បតិ្ត​របស់​ភ្ញៀវ​ទេ​ចំពោះ​ផ្ទះសំណាក់​ហា​វៃ​មួយ​នេះ​។ សូម​ផ្តាំ​ទៅ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ខេត្តរតនគិរី​កុំទៅ​សម្រាក​ផ្ទះសំណាក់​ដែល​មានឈ្មោះ ហា​វៃ ប្រយ័ត្ន​បាត់បង់​ទ្រព្យសម្បត្តិ​ព្រោះ​ផ្ទះសំណាក់​នេះ​មិន​ទទួលខុស​ត្រូវការ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ​ដែល​មក​សម្រាក​នោះ​ទេ​៕