បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ខ្យល់គ​ស្លាប់​នៅ​ក្នុងផ្ទះ​សំណាក់

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ម្នាក់​ខ្យល់គ​ដេក​ស្លាប់​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ The Mad Monkey ក្រោយ​ពី​មិនឃើញ​រូបគេ​ចុះ​មក​ហូប​អាហារ​ថ្ងៃត្រង់​ដូច​សព្វ​ដងនោះ​។ ករណី​នេះ​ដែរ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់​យីហោ The Mad Monkey ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​៣០២ ភូមិ​៦ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ Tilley Ira Ewan អាយុ​២៦​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍ កាន់​ប៉ា​ស្ព័​រលេ​ខ ៥២៤៤៥៦៣៩៨ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​តែ​ម្នាក់ឯង​នៅ​លើ​គ្រែ​លេខ​៥ ក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី របស់​ផ្ទះសំណាក់​ខាងលើ​។ មុន​ពេល​កើតហេតុ បុរស​ជនជាតិ​អង់គ្លេស​រង​គ្រោះ​ខាងលើ​គេ​មិន​បានឃើញ​ចេញ​មក​ហូប​អាហារ​ពេល​ថ្ងៃត្រង់​ដូច​សព្វដង​ឡើយ ហើយ​ក៏​ត្រូវ​ពេល​ដែល​បុគ្គលិក​ចូល​ទៅ​ធ្វើការ​រៀបចំ​បន្ទប់​ដែរ​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​ពេល​នោះ​ដែរ​ក៏​មាន​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​ម្នាក់ បាន​ចូល​ទៅ​ធ្វើការ​រៀបចំ​បន្ទប់​ក៏​ប្រទះ​ឃើញ​បុរស​រូប​នោះ​ដេក​នៅ​លើ​គ្រែ​មិន​ងើប ក៏​ទៅ​អង្រួន​ដាស់ តែ​ដងខ្លួន​មាន​សភាព​រឹង​កំព្រឹស​ដូច​គល់​អុស ទើប​ដឹង​ថា រូបគេ​ស្លាប់​បាត់​ទៅ​ហើយ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​រាយ​ការ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ពី​រឿង​នេះ​។ ពេល​ដែល​ទទួល​បាន​ព័ត៌មាន​នេះ​រួច​ហើយ កម្លាំង​នគរបាល​មូលដ្ឋាន​រួម​ទាំង​កម្លាំង​នគរបាល​ជំនាញ​ក៏​ចុះ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដោយ​មាន​ទាំង​មន្ត្រី​ស្ថានទូត​របស់​ប្រទេស​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ ដោយ​បានឃើញ​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង​។

ក្រោយ​ពី​មានការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សព​ជន​រង​គ្រោះ​រួច​ហើយ សាកសព​ត្រូវ​បាន​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​សាល​តម្កល់សព​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ ឯ​ប្រទេស​កំណើត​វិញ ៕