ព្រានព្រៃ​ដើរ​បរបាញ់​សត្វ បាញ់​២​គ្រាប់​ត្រូវ​មនុស្ស​របួសធ្ងន់​ម្នាក់

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ខណៈ​ស្ពាយ​ឈើ​គ្រ​ញួ​ង​ចុះ​ពីលើ​កំពូលភ្នំ​ដងរែក ក្រុម​ព្រាន​ស្មានថា សត្វ​បាញ់​២​គ្រាប់​បែរជា​ត្រូវ​មនុស្ស បណ្តាល​ឳ្យ​រង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចង្កេះភ្នំ​ដងរែក ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ  ខេត្តឧត្តរមានជ័យ​។ ជន​រង​គ្រោះ​ឈ្មោះ ចេ​វ សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ របួស​ធ្លាយ​ភ្លៅ​ធ្ងន់​ទាំង​សងខាង រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ដោយឡែក​បក្ខពួក​២​នាក់​ទៀត​ពុំ​បាន​ស្គាល់​ពី​អត្តសញ្ញាណ ចំណែក​ព្រានព្រៃ​ដើរ​បរបាញ់​ឈ្មោះ ឃី​ម រស់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយ​គ្នា​នឹង​ជន​រង​គ្រោះ​ដែរ ។

តាម​ការ​រៀបរាប់​ស្ថានភាព​ពី​ជន​រង​គ្រោះ ឈ្មោះ ចេ​វ សិទ្ធ និង​អ្នក​បរបាញ់​សត្វ​ឈ្មោះ ឃឹម រស់ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១០​យប់ ជន​រង​គ្រោះ​មាន​គ្នីគ្នា​៣​នាក់ បាន​ស្ពាយ​ឈើ​ក្រ​ញូ​ង ចុះ​ពីលើ​ភ្នំ ចេញពី​ទឹកដី​ថៃ ដោយ​ដើរ​កាត់​ព្រៃ ក្នុងភូមិ​សាស្ត្រ​ជូរ​ភ្នំ​ដងរែក  ស្ថិត​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។ ជន​រង​គ្រោះ​បាន​បន្ត​ថា លុះ​មក​ដល់​ផ្លូវ​យុទ្ធសាស្ត្រ​ត្រង់​កន្លែង​កើតហេតុ ពួក​គេ​បានឃើញ​ភ្លើង​ពិល របស់​អ្នក​ឆ្លុះ​សត្វ ដោយ​ស្មានថា​ជា​ភ្លើង​ពិល​របស់​សមត្ថកិច្ច​ចាំ​ចាប់​ឈើ​គ្រញូង ពួក​គេ​ក៏​នាំ​គ្នា​រត់​ពួន​ក្នុង​ព្រៃ ហើយ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ចេ​វ សិទ្ធ បានរ​ត់ទៅ​ពួន​នៅ​ម្ខាង​ផ្លូវ​តែ​ម្នាក់ឯង រីឯ​២​នាក់​ទៀត បានរ​ត់ទៅ​ពួន​ម្ខាង​ផ្លូវ​មួយទៀត ខណៈនោះ​អ្នក​ឆ្លុះ​សត្វ​ដើរមក​ដល់ ក៏​ឃើញ​គុម្ពោត​ព្រៃ ដែល​ជន​រង​គ្រោះ​បាន​ពួន​នោះ និង​ឃើញ​មាន​មែកឈើ​រង្គើ​ខ្លាំង ក៏​ស្មានថា​ជា​សត្វ ក៏​បាញ់​សំដៅ​ចំនួន​២​គ្រាប់ ស្រាប់តែ​ឮ​សូរ​សំឡេង​ស្រែក ពេល​នោះ​គ្នីគ្នា​ជន​រង​គ្រោះ​២​នាក់​ទៀត​នៅ​ម្ខាង​ផ្លូវ ក៏​ស្ទុះ​ទៅ​ចាប់​អ្នក​ឆ្លុះ​សត្វ ដោយ​ស្គាល់​ច្បាស់​ថា ជា​អ្នក​ភូមិ​ជាមួយ​គ្នា​។

តែ​ដោយសារ​ជន​រង​គ្រោះ ត្រូវ​គ្រាប់កាំភ្លើង​ធ្លាយ​ជើង​ទាំង​ពីរ ដែល​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក អ្នក​ឆ្លុះ​សត្វ និង​បក្ខពួក​ជន​រង​គ្រោះ បាន​នាំ​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុងភូមិ​ដើម្បី​ឱ្យ​សាច់ញាតិ​ដឹក​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង តែ​ពេល​នោះ រវល់​តែ​គិតតែ​រឿង ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ជន​បង្ក​ជា​អ្នក​ឆ្លុះ​សត្វ​បាន​រត់គេច​ខ្លួន​បាត់​។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​រង​របួស​ធ្ងន់ធ្ងរ តែ​មិន​ប៉ះពាល់​ដល់​ឆ្អឹង ដែល​ជន​រង​គ្រោះ គ្រាន់តែ​របួស​ធ្លាយ​ភ្លៅ​ទាំង​សងខាង មិន​អាច​ស្លាប់​នោះ​ទេ​។

គួរ​បញ្ជាក់​ថា​ដែរ តាម​ការ​ឱ្យ​ដឹង​ពី​កម្លាំង​ប្រជា​ការពារ​ភូមិ​ម្នាក់ នៅ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ បាន​ប្រាប់​ថា តំបន់​អូរ​ស្វាយ ក្នុងស្រុក​ត្រពាំង​ប្រាសាទ មាន​ពលរដ្ឋ​ខ្មែរ ចំណាកស្រុក និង​អ្នក​ភូមិ រស់នៅ​តាម​តំបន់​ជើងភ្នំ​ដងរែក គេ​បាន​សង្កេត​ឃើញ​សកម្មភាព ពលរដ្ឋ​ខ្មែរ ឡើង​ភ្នំ​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ក្រោម​ការ​បើកភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​យោធា​ឈរជើង​នៅ​តំបន់ ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដងរែក ក្នុង​ទឹកដី​ស្រុក​ត្រពាំង​ប្រាសាទ​៕