ឃាត់ខ្លួន​យុវជន​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ម្នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​សង្ស័យ​ម្នាក់​ជា​បក្ខពួក​ក្រុម​ចោរឆក់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពី​៥ ទៅ​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បាន​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ក្រោយ​ពី​រូបគេ និង​បក្ខពួក​ជិះ​ម៉ូតូ​ចំនួន ៣​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​អ្នកដំណើរ​ម្នាក់​ទៅ​តាម​ផ្លូវ ហើយ​ដួល​នោះ​។ ករណី​ឆក់​ការ​បូ​ប​មិន​បាន​សម្រេច​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ នៅ​ចំណុច​ផ្លូវ​លេខ​១៩៩ កែង​នឹង​ផ្លូវ​លេខ​៣៧៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ដែល​ឃាត់ខ្លួន​បាន​នេះ​មានឈ្មោះ ច្រឹង រតនា អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១A នៃ​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្នាក់​នៅផ្ទះ​លេខ ២២៧ ផ្លូវ​លេខ ២៧៣ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១IFE-៣២៤៤ មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក let’s ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១FU-៤៦០៦​គ្រឿង​ទៀត​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​រត់​ចោល​។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ  អ៊ុ​ន ចាន់​រ៉ា អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ មាន​ទីលំនៅ​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា Cub ៥០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​១X-៣៦៣១ មួយ​គ្រឿង​តែ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​លេខ ១៩៩ ដោយ​មាន​ស្ពាយ​កាបូប​ពណ៌​ខ្មៅ​មួយ លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ពី​៥​ទៅ​៦​នាក់ ជិះ​ម៉ូតូ​ចំនួន ៣​គ្រឿង មក​ពីក្រោយ និង​ឡោម​ព័ទ្ធ​នាង​ជិត​។ ពេល​នោះ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ដែល​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក let’s ខាងលើ ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​នាង ។ ពេល​នោះ​នាង​ក៏​ស្រែក​ឆោឡោ​ថា ចោរ​ៗ ភ្លាម​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​បាន​ស្ទុះ​មក​ចាប់ខ្លួន​បាន​ម្នាក់​ប្រគល់​ឲ្យ​នគរបាល ចំណែកឯ​ក្រុម​ជនសង្ស័យ​ដទៃ​ទៀត​ខ្លះ​បាន​រត់ឡើង​ជិះ​ម៉ូតូ​របស់​បក្ខពួក​គេ និង​ខ្លះ​ទៀត​រត់​ចោល​ម៉ូតូ​គេចខ្លួន​បាត់​អស់​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ក៏​បា​មក​ដាក់​ពាក្យបណ្តឹង ចំណែកឯ​យុវជន​សង្ស័យ​ជា​បក្ខពួក​ក្រុម​ចោរឆក់​កាបូប​មិន​បាន​សម្រេច​ម្នាក់​នោះ រួម​ទាំង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​បញ្ជូន​មក​ធ្វើការ​សា​កក​សួរ​នៅ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ដើម្បី​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕