នាយករដ្ឋមន្ត្រី​ថៃ ទូរ​សព្ទ​ទៅ​ប្រមុខ UN បកស្រាយ​រឿង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-21-2016, 8:19 pm         308

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាយករដ្ឋមន្ត្រី​ថៃ ទូរ​សព្ទ​ទៅ​ប្រមុខ UN បកស្រាយ​រឿង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​​ប្រមុខ​អង្គការសហប្រជាជាតិ បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​សេរីភាព​បញ្ចេញមតិ​នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​មាន​បណ្ដឹង​ពី​មេដឹកនាំ​ក្រុម​អាវ​ក្រហម ដាក់​ទៅកាន់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​ក្រុង​បាងកក ប្រឆាំងនឹង​រដ្ឋាភិបាល​យោធា​ថៃ​។ យ៉ាងណាក្ដី មេដឹកនាំ​របប​យោធា​ថៃ បាន​បកស្រាយ​បញ្ហា​នេះ ទៅកាន់​ប្រមុខ​អង្គការសហប្រជាជាតិ តាមរយៈ​កិច្ចសន្ទនា​ទូរ​សព្ទ​ជាង​កន្លះ​ម៉ោង​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ទូរ​សព្ទ​ដោយផ្ទាល់​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ដើម្បី​ពន្យល់​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ បន្ទាប់ពី​ក្រុម​អាវ​ក្រហម​បាន​ប្ដឹង​របប​យោធា ដែល​រារាំង​ការបើក​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ការធ្វើប្រជាមតិ ទៅ​ទីស្នាក់ការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុងប្រទេស​ថៃ ។

​ក្នុងការ​សន្ទនា​រយៈពេល​កន្លះ​ម៉ោង នៅ​ថ្ងៃទី​២០ ខែមិថុនា នាយករដ្ឋមន្ត្រី​ថៃ បាន​ចំណាយពេល​រហូតដល់​២៥​នាទី ដើម្បី​ពន្យល់​លោក​អគ្គលេខាធិការ ពីអ្វី​ដែល​កំពុង​កើតឡើង​ក្នុងប្រទេស​ថៃ ខណៈដែល​លោក បាន គី​មូ​ន និយាយ​តែ​៥​នាទី​ប៉ុណ្ណោះ ជុំវិញ​ការព្រួយបារម្ភ​របស់លោក ចំពោះ​ការ​រឹតត្បិត​សេរីភាព​។ លោក ប្រា​យុទ្ធ ក៏បាន​លើកឡើង​ពី​ការធ្វើប្រជាមតិ និង​ការរៀបចំ​បោះឆ្នោត​ទូទៅ​ផងដែរ ដោយ​លោក​បញ្ជាក់ថា អ្វីៗ​កំពុងតែ​ដើរ​តាម​ផែនទី​ចង្អុល​ផ្លូវ​។​

​ក្រៅពី​បញ្ហា​បោះឆ្នោត មេដឹកនាំ​របប​យោធា​ថៃ ថែមទាំង​ប្រាប់​លោក បាន គី​មូ​ន ពី​សកម្មភាព​របស់​ម​នុស្ស​មួយក្រុម ដែល​មានបំណង​អាក្រក់ ទៅលើ​ប្រទេស​ថៃ​ទៀតផង​។ ចំពោះ​ការព្រួយបារម្ភ​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ លើ​បញ្ហា​សេរីភាព​បញ្ចេញមតិ លោក ប្រា​យុទ្ធ ឆ្លើយតប​ថា ប្រទេស​ថៃ​នៅតែ​គោរព​សិទ្ធិ​បញ្ចេញមតិ ហើយ​រដ្ឋធម្មនុញ្ញ​ព្រាង​ថ្មី ក៏បានផ្ដល់​សិទ្ធិ​ដល់​ប្រជាជន ដើម្បី​បញ្ចេញមតិ​ផងដែរ​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​២០ ខែមិថុនា មេដឹកនាំ​ក្រុម​អាវ​ក្រហម​ជាច្រើន​នាក់ បានដាក់​ញត្តិ​មួយ ទៅ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​តិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក្នុង​ទីក្រុង​បាងកក​។ ពួកគេ​អះអាងថា សិទ្ធិ​របស់​ពួកគេ​ត្រូវបាន​បំពាន បន្ទាប់​របប​យោធា​ថៃ​ហាមឃាត់​សមាជិក​របស់ខ្លួន ពី​ការបើក​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ការធ្វើប្រជាមតិ​ខែសីហា ក្នុង​ខេត្ត​ចំនួន​២៩​។

​បើតាម​កាសែត Bangkok Post លោក Nattawut Saikuar មេដឹកនាំ​ម្នាក់​នៃ​ក្រុម​អាវ​ក្រហម និយាយថា ក្រុម​អាវ​ក្រហម​ចង់​ឲ្យ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដឹង​បរិយាកាស​ប្រទេស​ថៃ នៅមុន​ការមកដល់​ថ្ងៃ​ធ្វើ​ប្រជាមតិ ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​ប្រទេស​ដទៃ​។ លោក​បន្តថា ប្រជាជន​គ្មាន​សិទ្ធិ ឬ​សេរីភាព​អ្វី​ទេ ហើយ​សកម្មភាព​របស់​ចលនា​អាវ​ក្រហម ត្រូវ​រដ្ឋាភិបាល​ចោទថា មិន​ស្របច្បាប់​ទៀតផង​៕