អាមេរិក​៖ ទិញ​រថយន្ត​ជជុះ​មួយគ្រឿង ទទួលបាន​កាំភ្លើង​មួយ​ដើម​ដោយ​ឥតគិតថ្លៃ​ និពន្ធដោយ : ធីតា       June-21-2016, 8:59 pm         91

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​៖ ទិញ​រថយន្ត​ជជុះ​មួយគ្រឿង ទទួលបាន​កាំភ្លើង​មួយ​ដើម​ដោយ​ឥតគិតថ្លៃ​« ជាវ​រថយន្ត​មួយគ្រឿង ទទួលបាន​កាំភ្លើង​មួយ​ដើម » នេះ​ជា​ពាក្យឃោសនា​ផ្សព្វផ្សាយ​ដែល​ត្រូវបាន​ឃ្លាំង​លក់​រថយន្ត​ជជុះ Hagan’s Motor Pool នៅ​រដ្ឋ New Hampshire សហរដ្ឋអាមេរិក​បង្ហោះ​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ កាំភ្លើង​ប្រភេទ AR-១៥ នឹងត្រូវ​ផ្តល់ជូន​គ្រប់​អតិថិជន​។ វា​គឺជា​កាំភ្លើង​ប្រភេទ​តែមួយ​ជាមួយនឹង​ខ្មាំង​កាំភ្លើង​ដែល​បាន​បាញ់រះ​នៅក្នុង​ក្លឹប​មួយ​នៃ​ទីក្រុង Orlando រដ្ឋ​ហ្លូ​រី​ដា កាលពី​ថ្ងៃទី ១២ មិថុនា​កន្លងទៅនេះ​។ ការបាញ់រះ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤៩ នាក់ និង​អ្នករងរបួស ៥៣ នាក់​។​

​កម្មវិធី​ពិសេស​នេះ​បានចាប់ផ្តើម​កាលពីដើម​ខែឧសភា ពោលគឺ​មុន​សោកនាដកម្ម​នេះ​។ ការឃោសនា​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែសីហា​នេះ ចំពោះ​ការ​ជាវ​រថយន្ត​ជជុះ​ម៉ូដ​មួយចំនួន​។ ឃ្លាំង​លក់​រថយន្ត​នេះ​បាន​សហការ​ជាមួយ​ហាង​លក់​កាំភ្លើង Renaissance Firearms នៅ​ទីក្រុង Rochester ដោយ​ប្រគល់​ភារៈ​ឲ្យ​ហាង​នេះ​ក្នុង​ការផ្តល់​កាំភ្លើង ផ្ទៀងផ្ទាត់​ប្រវត្តិ​របស់​អតិថិជន និង​បំពេញ​ឯកសារ​តាមផ្លូវ​ច្បាប់​។​

​ការផ្តល់ជូន​កាំភ្លើង​ដោយ​ងាយៗ​នេះ​នាំ​ឲ្យ​មានមតិ​គាំទ្រ និង​ជំទាស់​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់ Hagan’s Motor Pool ។ អ្នកខ្លះ​យល់ថា គួរតែ​មានការ​រឹតបន្តឹង​ខ្លាំង​ជាង​មុន​ចំពោះ​ការប្រើប្រាស់​អាវុធ​។ លោក Mike Hagan ម្ចាស់​ឃ្លាំង​បាន​ប្រាប់​គេហទំព័រ Fox 25 ថា មកទល់ពេលនេះ មាន​កាំភ្លើង AR-15s ចំនួន ៤ និង​កាំភ្លើង​ដៃ ៩ មី​លី​ម៉ែត្រ​មួយ​ដើម​ត្រូវបាន​ផ្តល់ជូន​អតិថិជន​ហើយ​។ គេហទំព័រ​នេះ​បាន​សួរ​លោក​ថា តើ​លោក​មិន​បារម្ភ​ថា អាវុធ​ទាំងនេះ​អាច​នឹង​យកទៅ​ប្រើប្រាស់​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ទេ​ឬ​។ លោក​បាន​ឆ្លើយតប​ថា អ្វីៗ​អាស្រ័យ​លើ​ថា តើ​មនុស្ស​មានបំណង​ធ្វើ​ឬ​យ៉ាងណា​ប៉ុណ្ណោះ​៕

​ប្រភព​៖ Boston