បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ខុសច្បាប់​ជា​លើក​ទី​២

ខេត្តក្រចេះ ៖ ទីតាំង​ធ្វើ​អាជីវកម្ម​ជួល និង​លក់​ស៊ី​ឌី​មួយ​កន្លែង នៅ​ទីប្រជុំជន​ក្រុង​ក្រចេះ ជាប់​និង​បរិវេណ​ផ្សារ  ដែល​សមត្ថកិច្ច​អះអាង​ថា បាន​ធ្វើ​អាជីវកម្ម​ថតចម្លង​ខុសច្បាប់ ត្រូវ កងកម្លាំងប្រដាប់អាវុធ​ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ចុះ​បង្ក្រាប​។ ការ​ចុះ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​លក់ និង​ជួល​សី​ឌី របស់​កម្លាំង​សមត្ថកិច្ច ក្រោម​ការ​ដឹកនាំ​ពី​លោក សោ វុ​ទ្ធី ព្រះរាជអាជ្ញារ​រង នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ចាប់ ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយ​នេះ ព្រមទាំង​រឹបអូស​បាន​សម្ភារ​ដែល​ជា​គ្រឿង​ថតចម្លង​ស៊ី​ឌី ព្រមទាំង​ស៊ី​ឌី​ជិត​២​ពាន់​បន្ទះ​។

ម្ចាស់​អាជីវកម្ម​ដែល​រង​ការ​ចោទ​ថា​បាន​លួច​ធ្វើ​អាជីវកម្ម​លក់​ជួល​ស៊ី​ឌី និង​ធ្វើ​អាជីវ​ម្ម​ថតចម្លង​ដោយ​ខុសច្បាប់​មាន​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ​នោះ ឈ្មោះ គី​ម ម៉ូ​វ អាយុ​៥០ ឆ្នាំ​រស់នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។ បើ​តាម​ការ​លើក​ឡើង​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​លក់ ជួល និង​ថតចម្លង​ស៊ី​ឌី ខុសច្បាប់​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ផលិតកម្ម អាជីវកម្ម​សី​ឌី​ក្នុងស្រុក​មួយ​។

ការ​ចុះ​បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី របស់​អាជ្ញាធរ​ខេត្តក្រចេះ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​សកម្មភាព​ការ​ចុះ​ចាប់​បង្ក្រាប​ជា​លើក​ទី​២ បន្ទាប់​ពី​មាន​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ក្លែងក្លាយ​ខុសច្បាប់​មួយ​នៅ​ស្រុក​ឆ្លូង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ក្នុង​នោះ​ក៏​បាន​ចាប់​ឃាត់ខ្លួន និង​នាំ​ខ្លួន​ម្ចាស់​អាជីវកម្ម​មួយ​នេះ មក​តុលាការ​ផង​ដែរ​។ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​ជា​ម្ចាស់​ទីតាំង​ថតចម្លង​ស៊ី​ឌី ខុសច្បាប់​មួយ​កន្លែង​នេះ​ឈ្មោះ គី​ម ម៉ូ​វ គឺ​ក្រោយ​ការ​ឃាត់ខ្លួន ត្រូវ​បាន​នគរបាល​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា នេះ​ដើម្បី​បន្ត​ចំណាត់ការ​៕