មី​យ៉ាន់​ម៉ា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ប្រឆាំង​សាសនិក​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​? និពន្ធដោយ : សៅ ផលនិស្ស័យ       June-21-2016, 9:39 pm         136

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មី​យ៉ាន់​ម៉ា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ប្រឆាំង​សាសនិក​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​?​របាយការណ៍ សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា  មី​យ៉ាន់​ម៉ា​អាច​ប្រព្រឹត្ត​បទ​«​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​» ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ គេ​រកឃើញថា ករណី​រំលោភ​ទ្ធ​បំពាន​សិទ្ធិ​ធ្ងន់ធ្ងរ​និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ប្រឆាំង​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​នេះ​។ ប៉ុន្តែ​ការដោះស្រាយ​វិបត្តិ​មនុស្សជាតិ​នេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ទោះ​មី​យ៉ាន់​ម៉ា​ស្គាល់​លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ​។ ច្បាប់​និង​បទបញ្ញត្តិ​នានា​នៅ​មី​យ៉ាន់​ម៉ា​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​រើសអើង​ប្រជាជន​ភាគតិច​នេះ​ស្រាប់ ហើយ​សូម្បីតែ​ម្ចាស់​ពាន់រង្វាន់​ណូបែល​សន្តិភាព​ក៏​មិន​ហ៊ាន​ចេញមុខ​ដោះស្រាយ​និង​និយាយ​ពាក្យ​រ៉ូ​ហ៊ីង​យ៉ា​។ សូម្បីតែ​ជួប​ជាមួយ​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ លោកស្រី អ៊ុង​សាន សូ​ជី នៅ​ចៀសវាង​ប្រើពាក្យ​រ៉ូ​ហ៊ីង​យ៉ា​នេះដែរ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ចាប់តាំងពី​ហិង្សា​សាសនា​រវាង​សាសនិក​ឥស្លាម​និង​ព្រះពុទ្ធ​កើតឡើង​ក្នុង​ឆ្នាំ ២០១២ ការរំលោភបំពាន​សិទ្ធិ​និង​អំពើហិង្សា​ប្រឆាំង​ប្រជាជន​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ រ៉ា​ក់​ឃិន (Rakhine) កើត​ឡើងជា​ចំហរ ញឹកញាប់ ហើយ​ធ្ងន់ធ្ងរ​ជាមុន​។ ហើយ​ពេលខ្លះ​អំពើហិង្សា​ប្រឆាំង​ជនជាតិភាគតិច​នេះ​កើតឡើង​ដោយមាន​ការឃុបឃិត​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​ទៅទៀត​។ 

​ក្រៅពី​រង​ទុក្ខ​បុ​ក្ខ​ម្នេញ​ដោយសារ​អំពើហិង្សា​និង​ការ​បំពារបំពាន​ផ្លូវភេទ ប្រជាជន​ភាគតិច​នេះ​ក៏ត្រូវ​រង​ការបង្ខិតបង្ខំ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ៗ និង​ត្រូវគេ​ដកហូត​សិទ្ធិ​ជា​មូលដ្ឋាន​ដោយ​មិនអាច​ដើរហើរ ត្រូវគេ​កំណត់​សិទ្ធិ​មានកូន និង​គ្មាន​សញ្ជាតិ​ត្រឹមត្រូវ​ទៀត​។ នេះ​មិន​រាប់បញ្ចូល​ទាំង​ការចាប់ខ្លួន ឃុំខ្លួន​និង​ការធ្វើ​ទារុណកម្ម​ផ្សេងទៀត​ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ផង​។​

​តាមពិតទៅ ហិង្សា​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នេះ​កើតឡើង​ញឹកញាប់​ដោយសារ​ការ​បញ្ឆេះ​កំហឹង​ពី​សំណាក់​ចលនា​សង្ឃ​ជ្រុលនិយម​និង​ដែលមាន​ឥទ្ធិពល Ma Ba Tha ។ ចលនា​នេះ ចោទ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ថា ព្យាយាម​ធ្វើ​ឥស្លាម​នីយកម្ម​និង​ទាមទារ​ផ្តាច់​រដ្ឋ​រ៉ា​ក់​ឃិន​ពី​មី​យ៉ាន់​ម៉ា​ផង​។ ក្រុម​នេះ​បាន​ដុះខាត់​ខួរក្បាល និង​បណ្តុះ​គំនិត​ស្អប់ខ្ពើម និង​រើសអើង​ក្នុងចំណោម​ជនជាតិ​ភូមា​ភាគច្រើន​ដើម្បី​ប្រឆាំង​ជនជាតិភាគតិច​មួយក្រុម​នេះ​។

១. មី​យ៉ាន់​ម៉ា​អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters របាយការណ៍​អង្គការសហប្រជាជាតិ​ដែល​ចេញផ្សាយ​ថ្ងៃ​ចន្ទ ទី ២០ មិថុនា ម្សិលមិញ បាន​វាយតម្លៃថា  មី​យ៉ាន់​ម៉ា​អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ដើម្បី​ប្រឆាំង​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​។ របាយការណ៍​នេះ​បាន​រកឃើញ​សកម្មភាព​បំពារបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​និង​ឃោរឃៅ​ដែល​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា រួមមាន​ទាំង​ការបដិសេធ​ការផ្តល់​សញ្ជាតិ ការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវកាយ​ផ្លូវចិត្ត​និង​ការអនុវត្ត​ទារុណកម្ម​ផ្សេងទៀត​ជាច្រើន​។ ប្រជាជន​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​១២​ម៉ឺន​នាក់​រស់នៅ​លំបាក​វេទនា​គ្មាន​លំនៅ​ត្រឹមត្រូវ​និង​រស់ក្នុង​ជុំរំ​ដោយ​គ្មាន​សិទ្ធិ​ដើរហើរ ហើយ​ខ្លះទៀត​រត់​ភៀសខ្លួន​ឲ្យ​ផុតពី​ការ​ធ្វើទុក្ខបុកម្នេញ និង​ភាពក្រីក្រ​លំបាក​វេទនា​នេះដែរ​។

​ប្រមុខ​ស្ថាប័ន​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ Zeid Ra'ad Al Hussein បាន​ព្រមាន​ថា បើសិនជា​មានការ​បង្កើត​តុលាការ​និង​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវ អំពើហិង្សា​និង​រំលោភបំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​នេះ​អាច​នឹង​ក្លាយជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ដែលជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ថែមទៀត​។  លោក ពន្យល់​បន្ថែមថា រដ្ឋាភិបាល​ថ្មី​ហាក់​មាន​ជំហរ​ចង់​ដោះស្រាយ ប៉ុន្តែ​លោក​កត់សម្គាល់ថា​បញ្ហា​នេះ​ចាក់​ឬ​ស​ជ្រៅ​ក្នុងសង្គម​មី​យ៉ាន់​ម៉ា​។ សូម្បីតែ ច្បាប់ បទបញ្ញត្តិ​នានា និង​គោលនយោបាយ​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​ប្រឆាំង​និង​រើសអើង​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​នេះ​នៅ​ស្ថិត​ជា​ធរមាន​និង​ស្ថិតក្រោម​ការអនុវត្ត​ដដែល​។ ម្យ៉ាង បញ្ហា​និ​ទណ្ឌ​ភាព​នៃ​ការប្រើប្រាស់​ហិង្សា​ប្រឆាំង​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​កើតឡើង វារឹតតែ​ជំរុញ​ឲ្យ​ហិង្សា​ប្រឆាំង​ជនជាតិភាគតិច​នេះ​កើតឡើង​កាន់តែខ្លាំង​និង​ច្រើន​ជាមុន​។​

​ដូច្នេះហើយ​ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​ខាងលើ​បាន​បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ជាពិសេស​រដ្ឋាភិបាល​ថ្មី​ដែល​ឡើងកាន់​អំណាច​តាម​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ​នេះ​។ វា​ចាំបាច់​ត្រូវមាន​វិធានការ​ជាក់លាក់​និង​ចូលរួម​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ប៉ុន្តែ​ជាធម្មតា វា​មិនមែនជា​រឿង​ស្រួល​ឡើយ​។ ទោះ​រដ្ឋាភិបាល​ទោះ​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​ខ្លះ​ក៏ដោយ ក៏​រដ្ឋាភិបាល​ត្រូវ​ប្រ​ឈ​បញ្ហា​ច្រើន និង​សម្ពាធ​ខ្លាំង​ផងដែរ​។​

២.​លោកស្រី ស៊ូ​ជី ធ្វើ​អ្វី​មិនបាន​សោះ​ឬ​មិនមាន​ឆន្ទៈ​?
​ទាក់ទិន​បញ្ហា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ការរក្សា​ការស្ងៀមស្ងាត់​របស់​ម្ចាស់​ពានរ​ង្វ​ន់​ណូបែល​ស​និ្ត​ភាព​លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​គេ​រិះគន់​ខ្លាំងៗ​។ បច្ចុប្បន្ន លោកស្រី​បាន​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​និង​ជាទី​ប្រឹក្សា​រដ្ឋ ដែលជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​រដ្ឋាភិបាល​ដែរ ប៉ុន្តែ​គេ​នៅតែ​មើលមិនឃើញ​លទ្ធភាព​ដែល​លោកស្រី លូកដៃ​កាន់តែ​ជ្រៅ​ក្នុង​ការបង្កើត​ដំណោះស្រាយ​បញ្ចប់​ជម្លោះជាតិសាសន៍​និង​សាសនា​នេះឡើយ​។ ទោះ​ស្ថិត​លើផ្លូវ​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ និង​មាន​រដ្ឋាភិបាល​ប្រជា​ធិ​តេ​យ្យ​ក្តី ក្តីសង្ឃឹម​ថា​អាច​ទទួលបាន​សិទ្ធិ​ពេញលេញ​ដូច​គេ​ដូច​ឯង​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ទំនង​នៅត្រឹម​ជា​សុបិន ឬ​វា​អាច​កើតឡើង​ដែរ​ប៉ុន្តែ​ក្នុងពេល​យូរអង្វែង​ទៀត​។  

​ដូច​ឃើញស្រាប់ បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​លោកស្រី Yanghee Lee បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ម្សិលមិញ​នេះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​លោកស្រី នៅតែ​រក្សា​ជំហរ​ដោយ​មិន​ហៅ​ឈ្មោះ​ប្រជាជន​ម៉ូ​ស្លី​ម​នោះ​ថា​ជា​ជនជាតិ​«​រ៉ូ​ហ៊ីង​យ៉ា​»​ឡើយ​។ លោកស្រី​ស៊ូ​ជី ផ្ទាល់​ធ្លាប់​ពោល​ពី​ក្តី​លំបាក​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​នេះដែរ​កន្លងមក​ប្រាប់​មេដឹកនាំ​ពិភពលោក​ដែល​លោកស្រី​បាន​ជួប​។ លោកស្រី​ពន្យល់ថា វា​ជា​រឿង​ស្មុគស្មាញ​និង​ពិបាក​ដោះស្រាយ​បំផុត​មួយ​សម្រាប់​មី​យ៉ាន់​ម៉ា ព្រោះ​ដូច​គេ​ដឹង​ស្រាប់​ហើយ​ការ​ស្អប់ខ្ពើម​និង​ផ្នត់គំនិត​រើសអើង​ជាតិ​សាសន៍​នេះ​ចាក់ស្រេះ​យ៉ាងជ្រៅ​ក្នុង​ខួរក្បាល​ប្រជាជន​ភូមា​ដែលជា​ក្រុម​ភាគច្រើន​រួចទៅហើយ​។ អាច​និយាយ​ឲ្យ​ស្រួល​ស្តាប់ រឿង​គ្រប់យ៉ាង​ជា​រឿង​នយោបាយ​និង​ទាក់ទិន​លើ​ប្រជាប្រិយភាព​នយោបាយ​រប​ស់លោក​ស្រី​តែម្តង​។ 

​ទាក់ទិន​ការហៅ​ឈ្មោះ​នេះដែរ អ្នកតំណាង​មី​យ៉ាន់​ម៉ា​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​អះអាងថា ការរិះគន់​មី​យ៉ាន់​ម៉ា​របស់​អង្គការសហប្រជាជាតិ​រឿង​រើសអើង​ជាតិ​សាសន៍​និង​បដិសេធ​ហៅ​ឈ្មោះ​ប្រជាជន​ម៉ូ​ស្លី​ម​នៅ​រ៉ា​ក់​ឃិន​ថា រ៉ូ​ហ៊ីង​យ៉ា ជា​កំហុសឆ្គង​មួយ​។ អ្នកស្រី Thet Thinzar Tun បាន​សង្កត់ធ្ងន់ថា ការប្រើប្រាស់​ពាក្យ​រ៉ូ​ហ៊ីង​យ៉ា ប្រៀបដូចជា​ការចាក់​សាំង​លើ​ភ្លើង ពោលគឺ​ធ្វើ​ឲ្យ​រឿង​គ្រប់យ៉ាង​កាន់តែ​អាក្រក់​ឡើង​។ លោកស្រី​ថា រក្សាបាន​នូវ​ស្ថិរភាព​និង​សន្តិភាព គេ​ត្រឹម​ហៅ​ប្រជាជន​ទាំងនោះ​ថា​ជា​សហគមន៍​ឥស្លាម​បាន​ហើយ​។​