តើ​អ្វីខ្លះ​ដែល​អ្នក​គួរ​ដឹង​ពី​ការ​ប្រជាមតិ​ចាក​ចេញពី​អឺរ៉ុប​របស់​អង់គ្លេស «Brexit »? និពន្ធដោយ : ថ្មីៗ       June-21-2016, 9:59 pm         74

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តើ​អ្វីខ្លះ​ដែល​អ្នក​គួរ​ដឹង​ពី​ការ​ប្រជាមតិ​ចាក​ចេញពី​អឺរ៉ុប​របស់​អង់គ្លេស «Brexit »?​ការបោះឆ្នោត​ប្រជាមតិ Brexit នៅ​អង់គ្លេស​ថា​តើ​គួរ​នៅ​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប ឬ​គួរ​ចាកចេញ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ២៣ មិថុនា​ឆ្នាំ ២០១៦ នេះ​។ គេ​ឃើញ​មាន​ចលនា​ឃោសនា​និង​អំពាវនាវ​ឲ្យ​ប្រជាជន​អង់គ្លេស​បោះឆ្នោត​គាំទ្រ​ការបន្ត​សមាជិកភាព​ក្នុង​សហ​ភា​អឺរ៉ុប​នេះ​ផុសផុល​ឡើង​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​ដែល​ធ្លាប់​លេងល្បែង​នយោបាយ​ដោយ​បង្កើត​ប្រជាមតិ​នេះ​ឡើង​ដើម្បី​ដាក់​គំនៀប​លើ​សហភាព​អឺរ៉ុប​នោះ ក៏​ត្រលប់មក​តស៊ូ​មតិ​និង​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាជន​អង់គ្លេស​បោះឆ្នោត​គាំទ្រ​ការបន្ត​នៅ​ជា​ផ្នែក​មួយ​នៃ​សហភាព​អឺរ៉ុប​ទៀត​ដែរ​។ តើ​មាន​អ្វីដែល​អ្នក​គួរ​ដឹង​ពី​បញ្ហា​នេះ​?

១. អ្វី​ទៅជា «Brexit »?
Brexit ជា​ពាក្យ​ពេញ​គឺ “British Exit” ដែល​វា​មានន័យថា ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។​

២. បោះឆ្នោត​សម្រេច​លើ​អ្វី​?
​សំណួរ​ក្នុងពេល​បោះឆ្នោត​គឺ​៖ តើ​អង់គ្លេស​គួរ​នៅ​បន្ត​ជា​សមាជិក ឬ​ចាក​ចេញពី​សហភាព​អឺរ៉ុប​? ហើយ​អ្នកបោះឆ្នោត​មាន​សិទ្ធិ​ឆ្លើយថា «​យល់ព្រម​» និង​«​មិន​យល់ព្រម​»​។​

៣. អ្នកណាខ្លះ​អាច​បោះឆ្នោត​ប្រជាមតិ​?
​បើតាម​សារព័ត៌មាន Al Jazeera ប្រជាជន​ចក្រភព​អង់គ្លេស​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ និង​ប្រជាជន​អង់គ្លេស​រស់នៅ​បរទេស​ដែល​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​រយៈពេល​ក្នុង​១៥​ឆ្នាំ​ចុងក្រោយ​អាចមាន​សិទ្ធិ​បោះឆ្នោត​ប្រជាមតិ​បាន​។

៤.​ហេតុអ្វី​ការបោះឆ្នោត​ប្រជាមតិ​បែបនេះ​កើតឡើង​?
​រឿង​គ្រប់យ៉ាង​សុទ្ធតែជា​ល្បែង​នយោបាយ​របស់​នាយករ​ដ្ឋ​មន្ត្រី​ដេវីដ ខេ​មេ​រ៉ូ​ន ដែល​បង្កើតឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប​មុន​ការបោះឆ្នោត​ឆ្នាំ ២០១៥ ។ លោក​ថា បើ​លោក​ជាប់ឆ្នោត​ជាថ្មី​លោក​នឹង​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​មួយ​ដើម្បី​កំណត់​ជោគវាសនា​អង់គ្លេស​។ លោក​ធ្វើបែបនេះ​ដើម្បី​ឆ្លើយតប​ការ​ត្អូញត្អែរ​របស់​អ្នកនយោបាយ​បក្ស​ឯករាជ្យ​និង​អ្នកនយោបាយ​បក្ស​អភិរក្ស​របស់លោក​ផ្ទាល់​ផង​ជុំវិញ​បញ្ហា​ប្រឈម​អង់គ្លេស​ពេល​ស្ថិតនៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​។ បញ្ហា​នោះ​មានការ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ស្ថាប័ន​អឺរ៉ុប​រាល់​ឆ្នាំ និង​ការហូរចូល​នៃ​ជនអន្តោប្រវេសន៍​អឺរ៉ុប​ខាងកើត​មកកាន់​អង់គ្លេស ធ្វើ​ឲ្យ​អង់គ្លេស​មាន​បន្ទុក​ធ្ងន់​ផ្នែក​សេដ្ឋកិច្ច ហើយ​ប្រជាជន​អង់គ្លេស​ត្រូវ​បាត់បង់​ការងារ​ទៀត​។ ដូច្នេះហើយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​នឹង​ផ្តល់​លទ្ធភាព​ពេញលេញ​ដល់​អង់គ្លេស​ក្នុងការ​គ្រប់គ្រង​ព្រំដែន​ខ្លួនឯង និង​មានអំណាច ឯករាជភាព ក៏ដូចជា​ស្វ័យភាព​ពេញលេញ​ក្នុងការ​គ្រប់គ្រង​បញ្ហា មិនមែន​ពឹង​លើ​ស្ថាប័ន​ព្រុ​ច​សែ​ល​ដូច​បច្ចុប្បន្ន​។  ប៉ុន្តែ​ក្រោយមក​មានការ​ចរចា​ច្រើនដង​រវាង​អង់គ្លេស​និង​បណ្តា​មេដឹកនាំ​អឺរ៉ុប ហើយ​ការ​ព្រមព្រៀងគ្នា​កើតឡើង​រវាង​ក្រុង​ឡុង​ដ៍ និង​ព្រុ​ច​សែ​ល​។ ដូច្នេះហើយ​បានជា ដេវីដ ខេ​មេ​រ៉ូ​ន ងាក​មក​អំពាវនាវ​ឲ្យ​ប្រជាជន​បោះឆ្នោត​គាំទ្រ​ការបន្ត​ស្ថិតនៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​។

៥.​អ្នកណា​ប្រឆាំង និង​អ្នកណា​គាំទ្រ​ការចាកចេញ​?
​អ្នក​ចង់​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​មាន​បណ្តា​អ្នកនយោបាយ​មកពី​បក្ស​ការងារ បក្ស​ប្រជាធិបតេយ្យ​សេរី បក្ស​បៃតង រួមទាំង​គណបក្ស​ជាតិ​ស្កុ​តឡែ​ន​។ ចំណែក​អ្នក​ដែល​ចង់​ឲ្យ​អង់គ្លេស​បន្ត​ស្ថិតនៅ​សហភាព​អឺរ៉ុប​មាន​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន និង​បណ្តា​អ្នកនយោបាយ​បក្ស​អភិរក្ស​ផង​។ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ពីរ​នាក់​សុទ្ធតែ​គាំទ្រ​ការបន្ត​ស្ថិរ​ត​នៅ​សមាជិក​សហភាព​អឺរ៉ុប​។​

៦.​មេដឹកនាំ​បរទេស​ណា​ចង់ឃើញ​អង់គ្លេស​សិ្ថ​ត​នៅ និង​ចង់ឃើញ​អង់គ្លេស​ចាកចេញ​?
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អំពាវនាវ​ឲ្យ​ប្រជាជន​អង់គ្លេស​ពិចារណា​ឡើងវិញ និង​បោះឆ្នោត​គាំទ្រ​ការ​ស្ថិតនៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​។ ចិន ឥណ្ឌា ជប៉ុន និង​ប្រទេស​ធំៗ​ផ្សេងទៀត​សុទ្ធតែ​អំពាវនាវ​ឲ្យ​អង់គ្លេស​បន្ត​ស្ថិតនៅ​ជា​សមាជិក​សហភាព​អឺរ៉ុប ព្រោះ​គេ​ដឹងថា​បញ្ហា​ប្រឈម​ច្រើន​កើតឡើង​ជាពិសេស​ផលប៉ះពាល់​សេដ្ឋកិច្ច និង​ការទន់ខ្សោយ​នៃ​សហភាព​អឺរ៉ុប​តែម្តង​។​
​ចំណែក​មេដឹកនាំ​បរទេស​ដែល​ចង់ឃើញ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​គឺ​សេដ្ឋី​អចលនទ្រព្យ​និង​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ​ម្នាក់​ប៉ុណ្ណោះ​។​

៧. ប្រជាមតិ​គ្មាន​អនុភាព​គតិយុត្តិ ហើយ​ត្រូវការ​សភា​អនុម័ត​ច្បាប់​
​តាមពិតទៅ លទ្ធផល​ប្រជាមតិ​មិនមាន​អនុភាព​គតិយុត្តិ​ឡើយ​។ ទោះបី​ប្រជាជន​ភាគច្រើន​បោះឆ្នោត​ថា ព្រម​ចាកចេញ​ក៏​មិនអាច​ធ្វើទៅបាន​ស្វ័យប្រវត្តិ​ដែរ​។ ដើម្បី​សម្រេច​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺ​រ៉ុ​បាន វា​តម្រូវ​ឲ្យ​សភា​អង់គ្លេស​អនុម័ត​ច្បាប់​ដែល​សំដៅ​ដល់​ការ​និរាករណ៍​ច្បាប់​ស្តីពី​សហគមន៍​អឺរ៉ុប​ឆ្នាំ ១៩៧២ ផងដែរ​។ 

៨.​ចាកចេញ​ល្អ​ឬ​អត់​?
​ល្អ​ឬ​អាក្រក់​វា​អាស្រ័យ​លើ​អ្នកបកស្រាយ​និង​ការយល់ឃើញ​របស់​ភាគី​ប៉ុណ្ណោះ​។ អ្នក​ចង់​ចាកចេញ​យល់ថា វា​នឹង​ផ្តល់​អំណាច​និង​ឯករាជភាព​ពេញលេញ​ដល់​អង់គ្លេស​ក្នុងការ​ចាត់ចែង គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​ក្នុងស្រុក ជាពិសេស​វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​អង់គ្លេស​កើនឡើង​ខ្ពស់​។ នេះ​ក៏​ព្រោះ​អង់គ្លេស​មិនចាំបាច់​ខ្វល់​រឿង​ជនអន្តោប្រវេសន៍ ហើយ​អង់គ្លេស​ក៏​លែង​ខ្វល់ រឿង​បង់លុយ​ឲ្យ​សហភាព​អឺរ៉ុប​រាល់​ឆ្នាំ​។ ហើយ​មួយវិញទៀត​អង់គ្លេស​ក៏​នឹងមាន​លទ្ធភាព​ពេញលេញ​ក្នុងការ​ដណ្តើម​អាសនៈ​របស់ខ្លួន​ផ្ទាល់​នៅតាម​ស្ថាប័ន​អន្តរជាតិ​ធំ​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់​ឲ្យ​សហភាព​អឺរ៉ុប​តំណាង​ឲ្យ​ទៀត​។​

​ប៉ុន្តែ វា​មិនមែន​ងាយស្រួល​និង​ល្អ​ដូច​គេ​គិត​ទេ​ដឹង​។ អ្នកជំនាញ និង​ស្ថាប័ន​ស្រាវជ្រាវ​ជាច្រើន​បាន​វាយតម្លៃថា អង់គ្លេស​នឹង​ខាតបង់​ខ្លាំង​ជាពិសេស​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ពេលដែល​ប្រទេស​នេះ​ដើរ​ចេញពី​សហភាព​អឺរ៉ុប​។ ហើយ​សហភាព​អឺរ៉ុប​វិញ​នោះ​ក៏​នឹង​ប្រឈម​បញ្ហា​ដូចគ្នា ជាពិសេស​វា​នឹង​កាន់តែ​ចុះខ្សោយ​ផងដែរ​៕