ឆក់​កាបូប ស្ត្រី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ឆក់​កាបូប ស្ត្រី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ទួល​ស្វាយព្រៃ​១ ល្បាត​ដេញ​តាម​ចាប់ កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ១៩៩ កែង​៣៧៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​ បន្ទាប់​ពី​យុវជន​រូប​នោះ​ធ្វើ​សកម្មភាព​ឆក់​កាបូប។

ជនរងគ្រោះ​ឈ្មោះ អុន ចាន់​រ៉ា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល ក្នុង​ខណ្ឌ​មានជ័យ ជិះ​ម៉ូតូ​ម៉ាក​គុប សេ​៥០ ពណ៌​ស្លែ។

ស្ត្រីជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើត គាត់​បាន​ជិះ​ម៉ូតូ តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច កើតហេតុ ស្រាប់​តែ​មាន​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ពីក្រោយ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បានសម្រេច​រួច​ពួកគេ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាមៗ​នោះ នាង​ស្រែក​ឲ្យ​គេ​ជួយ​ចោរៗ ក៏​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ចេញ​មក​ជួយ​ស្ទាក់​ចាប់ ស្រប​ពេល​សមត្ថកិច្ច ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​១​ល្បាត​ក្បែរ​នោះ ដេញ​តាម​ចាប់​បាន​ម្នាក់ និង​បន្សល់ទុក​ម៉ូតូ​២​គ្រឿង ហើយ​បក្ខពួក​៣​នាក់​ទៀត​រត់​គេច​ខ្លួន​បាត់ស្រមោល។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ច្រឹង រតនា ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ម្ដុំ​ទួល​សង្កែ​។ ចំណែក​ជនសង្ស័យ​ជិះ​ម៉ូតូ​២​គ្រឿង​១​ម៉ាក ស៊ុយ​ស៊ូ​គី​ឡេ​ត ពាក់​ស្លាក់​លេខ​ភ្នំពេញ 1FU-4606 និង​១​គ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1FE-3244។

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​១ បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ចំការមន​ដើម្បី​សួរនាំ​និង​បន្ត​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់៕