អាជ្ញាធរ​ថៃ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​

អាជ្ញាធរ​ថៃ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​



បាត់ដំបង ៖ អាជ្ញាធរ​ថៃ​នៅតែ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ ​​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​​មក​ប្រទេស​កម្ពុជា​វិញ​​​ជា​ហូរហែ​ ​បន្ទាប់ពី​ពួកគេ​បាន​ឆ្លង​ដែល​ចូល​ប្រទេស​ថៃ​តាម​ច្រក​របៀង​នានា។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ពលករ​កម្ពុជា​ខុសច្បាប់​ចំនួន​១៧​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​៩​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ឲ្យ អាជ្ញាធរ​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង​ខេត្ត​បាត់ដំបង ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ចេញផ្សាយ​កាលពី​ថ្ងៃទី​២០​ ខែមិថុនា​កន្លងទៅ។

បន្ទាប់ពី​ទទួល​ពលករ​ទាំងនោះ​រួច អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​ការអប់រំ​មិន​ឲ្យ​ធ្វើការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​បែបនេះ​ឡើយ ពីព្រោះ​អាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​កើតឡើង ។ ក្រោយមក​ក៏​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ពួកគេ​រៀងៗ​ខ្លួន​វិញ។ ការ​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន​នេះ អាច​ប្រឈម​នឹង បញ្ហា​ជាច្រើន​ចំពោះ​មុខ​ដូចជា​ត្រូវ​រង​ការ​បាញ់សម្លាប់ ​និង​ចាប់​ដាក់គុក​ធ្វើ​ទារុណកម្ម​ពី​សំណាក់​ទាហាន​ថៃ​ចាញ់បោក​មេខ្យល់​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ធ្វើដំណើរ​តាម​រថយន្ត​គេច​ពី​សមត្ថកិច្ច​ថៃ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។

តាម​របាយការណ៍​ពី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​មាន​ពលករ​កម្ពុជា​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ​ជាង​៦៤​ម៉ឺន​នាក់​ ក្នុង​នោះ​ពលករ​ធ្វើការ​ដោយ​ស្របច្បាប់​មាន​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់។ តាម​របាយការណ៍​បណ្ដោះ​អាសន្ន​មួយ​របស់ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​អាជ្ញាធរ​បរទេស​បា​ន​បញ្ជូន​ពលករ​ទេសន្តរប្រវេសន៍​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​ប្រមាណ​ជាង ៦​ម៉ឺន​នាក់ ក្នុងនោះ​មាន​ស្ត្រី​ប្រមាណ​ជាង ២​ម៉ឺន​នាក់​និង កុមារ​ជាង ១​ម៉ឺន​នាក់​។ ក្នុង​នោះ​ពលករ​ដែល​ប​ញ្ជូន​ដោយ​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន​ជាងគេ ក្រៅ​ពីនេះ មាន​មកពី​ប្រទេស​វៀតណាម ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី ឡាវ រុស្ស៊ី និង​អាហ្វ្រិក​ខាងត្បូង​ជាដើម។

ប្រទេស​ថៃ​កន្លងមក​បាន​សំដែង​នូវ​ការ​ប្តេជ្ញាចិត្ត​សហការ​ជាមួយ​កម្ពុជា រួមគ្នា​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការ​មិន​ឲ្យ​មាន​ពលករ​ខុសច្បាប់​ពី កម្ពុជា ឆ្លងដែន​ទៅ​ធ្វើ​ការងារ​នៅក្នុង​ទឹកដី​ប្រទេស​ថៃ ប៉ុន្តែ​តាម​អង្កេត​ស្រាវជ្រាវ របស់​អាជ្ញាធរ​កម្ពុជា មកដល់ពេលនេះ នៅ​តែមាន​ពលករ ពលការ​នី ជាច្រើន​ពី​កម្ពុជា បាន​ទៅ​ធ្វើ​ការងារ​មិន​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ដដែល​។ ចំណែក​ចំណាត់ការ​របស់​កម្ពុជា​ក៏​នៅ​មិនទាន់បាន​ជោគជ័យ​១០០​ភាគរយ​នៅឡើយ ទេ ដោយសារ​មកដល់ពេលនេះ កម្ពុជា នៅ​មាន​ពលរដ្ឋ​ជាច្រើន​ចង់​ធ្វើ​ការងារ​ប្រថុយប្រថាន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ ប្រទេស​ពិសេស​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​ថៃ នៅ​តែ​មាន​ទទួលយក​ពលករ​ខុសច្បាប់​ជាច្រើន​នាក់​ពី​កម្ពុជា​ចូល​បម្រើ​ការងារ ដដែល៕
អាជ្ញាធរ​ថៃ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​