ផឹក​ពី​យប់​ព្រឹក​ឡើង​ប្រកាច់​ធ្លាក់​ពីលើ​ប៉ៅ​អី​

ផឹក​ពី​យប់​ព្រឹក​ឡើង​ប្រកាច់​ធ្លាក់​ពីលើ​ប៉ៅ​អី​



ភ្នំពេញ ៖ សន្តិសុខ​យាម​នៅ​សកល​វិទ្យាល័យ​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ប្រកាច់​លើ​សួន​ស្មៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​លើ​សួនច្បារ​លោកតា​ក្រម​ង៉ុ​យ ខាងលិច​អតីត​មណ្ឌល​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ត្រូវ​បាន​រថយន្ត​សាមុយ​មក​ដឹក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ផងដែរ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រកស៊ី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា បុរសរង​គ្រោះ​ឈ្មោះ​សៅ អាយុ​៣៥​ឆ្នាំ គ្មាន​ប្រពន្ធ​-​កូន​ទេ ជា​សន្តិសុខ​យាម​វេន​យប់​យាម នៅ​សាកលវិទ្យាល័យ​មួយ​ក្បែរ​កន្លែង​កើត​ហេតុ​និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង។

ប្រភព​ដដែល​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​រាល់ពេល​ព្រឹក បុរស​រូប​នោះ​ឱ្យ​តែ​ចប់​ពី​ភារកិច្ច​យាម​វេន​យប់ គាត់​តែងតែ​យក​ប៉ៅ​អ៊ី​មួយ​មក​ដាក់​ដេក​នៅ​ក្រោម​ដើមឈើ ត្រង់​កន្លែង​កើតហេតុ​ដើម្បី​សម្រាក​យក​កម្លាំង។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​លុះ​មកដល់​ព្រឹក​ថ្ងៃ​កើតហេតុ ដោយ​ទំនងជា​ពេលយប់​គាត់​ផឹក​ស្រា​មិន​ហូប​ចំណីអាហារ ធ្វើ​ឱ្យ​ព្រឹក​ឡើង​ស្លេកស្លាំង​ហើយ​ពេល​យក​ប៉ៅ​អ៊ី​មក​ដេក​ដូច​សព្វដង ស្រាប់តែ​ប្រកាច់​ធ្លាក់​ពីលើ​ប៉ៅ​អ៊ី ដែល​អាច​ជា​ខ្យល់គរ។ ភ្លាម​នោះ​អ្នក​នៅ​ជិតខាង ក៏​នាំគ្នា​ទៅ​គក់​ច្របាច់ និង​រាយការណ៍​ទៅ​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ​ឱ្យ​ដឹងពី​រឿង​នេះ​។ បន្ទាប់មក​ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ​មកដល់​ក៏ បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សាមុយ​ដឹក​យក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ​ដើម្បី​ជួយសង្គ្រោះ​ឱ្យ​ដឹង​ខ្លួន​ឡើងវិញ​៕

ផឹក​ពី​យប់​ព្រឹក​ឡើង​ប្រកាច់​ធ្លាក់​ពីលើ​ប៉ៅ​អី​