៤​ខែ​ដំបូង ការនាំចេញ​របស់​ថៃ​មក​កម្ពុជា​ធ្លាក់ចុះ ២០​ភាគរយ​ និពន្ធដោយ : ញ៉ុង​ ហេង       June-21-2016, 10:39 pm         127

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132៤​ខែ​ដំបូង ការនាំចេញ​របស់​ថៃ​មក​កម្ពុជា​ធ្លាក់ចុះ ២០​ភាគរយ​​ភ្នំពេញ​៖ ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ ទំហំ​ទឹកប្រាក់​នាំចេញ​របស់​ថៃ​មក​កម្ពុជា បាន​ធ្លាក់ចុះ​ដល់​ទៅ​២០​ភាគរយ​។ ខាង​ភាគី​ថៃ អះអាងថា ការធ្លាក់ចុះ​នេះ បណ្ដាល​ពី​ថយចុះ​បរិមាណ​នាំចេញ​សម្ភារៈ​សំណង់ និង​ការធ្លាក់​តម្លៃ​ប្រេង​។​

​ការនាំចេញ​របស់​ថៃ​មក​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់ ១,៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ ថយចុះ​២០​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥ ដែលមាន​ទឹកប្រាក់​ដល់​ទៅ ១,៧​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​។​

​បើតាម​លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ដឹងថា ការធ្លាក់​ទំហំ​ពាណិជ្ជ​កម្មនេះ បណ្ដាល​ពី​ការធ្លាក់ចុះ​តម្លៃ​ប្រេង បើទោះបី​បរិមាណ​នាំ​ប្រេង​ចូល​កម្ពុជា​នៅ​ដដែល​ក៏ដោយ​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​ថ្ងៃទី​២០​ខែមិថុនា លោកស្រី ជី​រ៉ា​ណាន់ បន្ថែមថា ការផ្គត់ផ្គង់​សម្ភារៈ​សំណង់ ដូចជា​ស៊ីម៉ងត៍ និង​ដែក​របស់​ថៃ​ចូល​ទីផ្សារ​កម្ពុជា បាន​ធ្លាក់ចុះ ដោយសារ​មានការ​នាំចូល​ផលិតផល​ទាំងនេះ​ពី​ប្រទេស​ចិន និង​វៀតណាម​ជំនួស​វិញ​។ លោកស្រី ក៏​សង្កត់ធ្ងន់​ពី​ការកើនឡើង​សមត្ថភាព​ផ្គត់ផ្គង់​ស៊ីម៉ងត៍ ដោយ​រោងចក្រ​ក្នុងស្រុក​របស់​កម្ពុជា​ផងដែរ​។​

​ទន្ទឹមនឹងនេះ របាយការណ៍​ពី​ស្ថានទូត​ថៃ​ក៏​បង្ហាញ​ពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែលមាន​ទឹកប្រាក់ ១,៧​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​ដំបូង​នេះ​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ចូល​ទីផ្សារ​ប្រទេស​ថៃ មាន​ទឹកប្រាក់​ប្រមាណ ៣៥០ លាន​ដុល្លារ​។

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ ឈានដល់​ទឹកប្រាក់​ប្រមាណ ៥,៦​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ទឹកប្រាក់​នាំចូល​ពី​ថៃ​មក​កម្ពុ​ជាមាន​រហូតដល់​ទៅ ៤,៩​ពាន់​លាន​ដុល្លារ​៕