ពេជ្រ សោភា​ នឹង​បញ្ចប់​អាជីព​​សិល្បៈ​ទាំង​ស្រុង ចាប់​ពី​ខែ​សីហា​នេះ ​ប្រសិន​បើ​មិន​ឃើញ​វត្ត​មាន​នាង នៅ​លើ​ឆាក​តន្រ្តី​

(ភ្នំពេញ)៖ បន្ទាប់ពីមានដំណឹង ដ៏រសើបបានផ្ទុះឡើងថា តារាចម្រៀង និងជាគ្រូបង្វឹកក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ អ្នកនាង ពេជ្រ សោភា សម្រេចចិត្តដើរចេញ ពីផលិតកម្មហង្សមាស ក្រោយពីបញ្ចប់កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក របស់ស្ថានីយទូរទស្សន៍ហង្សមាសរួចមក បានធ្វើឲ្យមហាជន កើតជាចម្ងល់ថា តើមានមូលហេតុអ្វីបានជា ពេជ្រ សោភា ត្រូវដើរចេញពីហង្សមាស ? តើព័ត៌មាននេះ អាចក្លាយជាការពិតកម្រិតណាដែរ? ជុំវិញដំណឹងដ៏រសើបនេះ តារាចម្រៀង ពេជ្រ សោភា បានព្រលយប្រាប់មហាជនថា សូមឲ្យទស្សនិកជន រង់ចាំមើលវត្តមានរបស់នាងសិន គឺចាប់ពីខែសីហា ឆ្នាំ២០១៦នេះ ប្រសិនបើមិនឃើញនាង ឡើងសម្ដែង ឬច្រៀងនៅលើឆាកតន្រ្តីទេ នោះមានន័យថា គឺនាងនឹងឈប់ពីសិល្បៈ ទាំងស្រុងតែម្ដង។

ជាការពិត ក្រោយពីបញ្ចប់កម្មវិធី «The Voice Cambodia» មិនទាន់ទាំងបានមួយសប្ដាហ៍ផង ថ្មីៗនេះ មានបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួន បានដាក់ការចាប់អារម្មណ៍ខ្លាំង ពីដំណឹងនៃការសម្រេចចាកចេញពីផលិតកម្ម ហង្សមាស របស់តារាស្រី អ្នកនាង ពេជ្រ សោភា ដូចដែលនាងធ្លាប់ប្រកាសកន្លងមកថា ឲ្យតែបំពេញភារកិច្ចជាគ្រូបង្វឹក ក្នុងកម្មវិធី «The Voice» រដូវកាលទី២ ចប់ពេលណា នាងនឹងត្រូវដើរចេញពីហង្សមាស។

ថ្វីត្បិតតែមានការលើកឡើងដូច្នោះ រហូតមកទល់ពេលនេះ ពោលគឺបន្ទាប់ពីកម្មវិធី «The Voice Cambodia» រដូវកាលទី២បានបញ្ចប់ទៅ រយៈពេល២ថ្ងៃរួចមកហើយ ពុំទាន់មានប្រភពជាក់លាក់ណាមួយ បញ្ជាក់ច្បាស់នៅឡើយទេថា តើតារាស្រីអ្នកនាង ពេជ្រ សោភា ពិតជាដើរចេញពីហង្សមាស ឬមួយយ៉ាងណា ខណៈទស្សនិកជនជាច្រើន កំពុងតែទន្ទឹងរង់ចាំអ៊ុតមើលចម្លើយពិត ដូចគ្នា។

ឆ្លើយតបទៅនឹងសំណួរ លើកឡើងខាងលើនេះ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ តារាចម្រៀងស្រី និងជាគ្រូបង្ហាត់ក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ កញ្ញា ពេជ្រ សោភា បានថ្លែងប្រាប់ Fresh News និង Khmertalking តាមទូរស័ព្ទថា «ដូចដែលខ្ញុំបានសរសេរ នៅលើហ្វេសប៊ុក កាលពីថ្មីៗនេះថា ការងាររបស់ខ្ញុំត្រូវបានបញ្ចប់ហើយ។ ប៉ុន្តែមិនមែនមានន័យថា ខ្ញុំឈប់ពីហង្សមាសទេ ប្រសិនជាឈប់ គឺខ្ញុំឈប់ពីសិល្បៈតែម្តង!»។

តារាចម្រៀងស្រីដែលតែងទទួល បានការគាំទ្រពីទស្សនិកជនអ្នកនាង ពេជ្រ សោភា បានបញ្ជាក់ថា« ខ្ញុំដូចជាមានអារម្មណ៍ធុញថប់ខ្លាំងណាស់ អំឡុងមួយរយៈពេលចុងក្រោយនេះ។ ម្យ៉ាងបើសិនខ្ញុំឈប់ពីសិល្បៈមែននោះ គឺចង់ទៅកន្លែងដែលឆ្ងាយ និងមានភាពស្ងប់ស្ងាត់ តែបញ្ហាដែលសំខាន់ ពេលនេះខ្ញុំមិនទាន់គិតអ្វីច្រើនទេ គ្រាន់តែចង់ប្រាប់ថា ចាប់ពីខែ៨ (សីហា) រហូតដល់បំណាច់ឆ្នាំ២០១៦នេះ ប្រសិនជាបាត់មុខខ្ញុំ មិនឃើញឡើងច្រៀងលើឆាកតន្រ្តីនានានោះទេ គឺបានន័យថា ខ្ញុំឈប់ពីសិល្បៈតែម្តង!»។

នៅពេលសួរថា បើសិនត្រូវឈប់ពីសិល្បៈដូច្នេះមែន តើ ពេជ្រ សោភា អត់សោកស្តាយនូវស្នាដៃ ដែលខ្លួនខំប្រឹងទម្រាំទទួលបានជោគជ័យ ដូចសព្វថ្ងៃនេះទេ ឬយ៉ាងណា ? ឆ្លើយសំណួរនេះ ត្រូវបានអ្នកនាង ពេជ្រ សោភា បញ្ជាក់បន្ថែមថា «ស្តាយនោះគឺខ្ញុំពិតជាស្តាយណាស់ទៅហើយ តែធ្វើម៉េច បើពេលវេលាជាអ្នកបង្ខំខ្ញុំ។ ប៉ុន្តែក៏មិនទាន់ប្រាកដថា ខ្ញុំត្រូវឈប់១០០ភាគរយដែរ តែអត្រានៃការឈប់នោះ គឺមានភាគរយច្រើនជាង នៅបន្តសិល្បៈ !»៕ 

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload