​គ្រាប់ស្វាយចន្ទី មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!

​គ្រាប់ស្វាយចន្ទី មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!


​គ្រាប់ស្វាយចន្ទី មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​!!!

​គ្រាប់ស្វាយចន្ទី ក្រៅពី​មាន​រូបរាង​ប្លែក​នោះ យើង​ក៏​អាច​ទទួល​ទាន​បាន ដោយ​ការ​ស្ងោរ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ទៀត នៅពេល​ញ៉ាំ​ជា​អាហារសម្រន់​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺថា វា​គឺជា​ប្រភព​នៃ​ជាតិ​រ៉ែ និង​វីតាមីន​ដ៏​អស្ចារ្យ​មួយ​ដែរ​។ ភាគច្រើន គ្រាប់ស្វាយចន្ទី​ត្រូវបាន​គេ​យក​ទៅ​រំ​លីង និង​រោយ​អំបិល​បន្ថែម ដើម្បី​បង្កើន​រសជាតិ​។ ដូច្នេះ តើ​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ ចំពោះ​សុខភាព​មនុស្ស​យើង​?

ឈាម​
គ្រាប់​ស្វាយចន្ទី​មាន​ជាតិ​ដែក និង​ទង់ដែង​ល្មម ដែល​អាច​ជួយ​រាងកាយ ក្នុង​ការផលិត​គ្រាប់​ឈាម​ក្រហម​បាន​។ ជាមួយគ្នានេះដែរ វា​ក៏​ជួយ​ថែរក្សា​សុខភាព​ឆ្អឹង សរសៃប្រសាទ សរសៃឈាម និង​ប្រព័ន្ធ​ភាព​ស៊ាំ ឲ្យមាន​សុខភាព​ល្អ និង​ធ្វើការ​បាន​កាន់តែ​ល្អ​ដែរ​។

ភ្នែក​
តើ​អ្នក​មាន​ដឹង​ទេ​ថា គ្រាប់ស្វាយចន្ទី ល្អ​ចំពោះ​ភ្នែក​ដែរ​ទេ​? នេះ​ដោយសារ​តែ​វា​មាន​សារធាតុ Zeaxanthin និង Lutein ដែល​ដើរតួនាទី​ជា​អង់​ទី​អុក​ស៊ីដង់ នៅពេល​ញ៉ាំ​វា​ជា​ទៀងទាត់​។ សារធាតុ​ទាំងនេះ នឹង​ជួយ​ការពារ​ភ្នែក​ពី​ការខូចខាត​ដោយសារ​ពន្លឺ និង​កាត់បន្ថយ​ជំងឺភ្នែកឡើងបាយ​ទៀត​។

ឆ្អឹង​
សារធាតុ​ដ៏​សំខាន់​មួយ របស់​គ្រាប់ស្វាយចន្ទី គឺ​ម៉ាញ៉េ​ស្យូម ដែល​មាន​នាទី ដូច​កាល់ស្យូម​ដែរ ក្នុង​ការជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ​។

មាន​វីតាមីន​ខ្ពស់​
គ្រាប់ស្វាយចន្ទី ពោរពេញ​ទៅដោយ​វីតាមីន​ជាច្រើន​ដូចជា Pantothenic Acid, Riboflavin, Niacin និង Thiamin ដែល​ជួយ​ថែរក្សា​សុខភាព ពី​ជំងឺ​ផ្សេងៗ​បាន​។

បេះដូង​
នៅពេល​ប្រៀបធៀប​នឹង​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ គ្រាប់​ស្វាយចន្ទី​មាន​ជាតិ​ខ្លាញ់​ទាប ដែល​ត្រូវបាន​គេ​រកឃើញ​ថា​ជា​ប្រភេទ​ខ្លាញ់ Oleic Acid និង​ត្រូវបាន​គេ​ស្គាល់​ទៀតថា ជា​ខ្លាញ់​ល្អ​បំផុត​សម្រាប់​បេះដូង​។ និយាយ​រួម គឺ​វា​គ្មាន​កូ​ឡេ​ស្តេ​រ៉ុល​តែម្តង ព្រមទាំង​ជួយ​ឲ្យ​ចៀសផុត ពី​ជំងឺ​បេះដូង​ទៀត​។

បង្ការ​ជំងឺមហារីក​
សារធាតុ Proanthocyanidins ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុម​របស់ Flavonols សម្រាប់​ជួយ​ប្រឆាំង​នឹង​កោសិកា​មហារីក តាមរយៈ​បញ្ឈប់​ការ​បំបែក​ខ្លួន​របស់​វា​។ សារធាតុ​ទង់ដែង និង Proanthocyanidins ដ៏​ច្រើន​ក្នុង​គ្រាប់ស្វាយចន្ទី នឹង​ជួយ​ប្រឆាំង​នឹង​កោសិកា​មហារីក និង​មហារីក​ពោះវៀនធំ​ដែរ​។

សម្រក​ទម្ងន់​
តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ការ​ញ៉ាំ​គ្រាប់ស្វាយចន្ទី ពីរ​ដង​ក្នុង​មួយថ្ងៃ និង​ជា​រៀង​រាល់ថ្ងៃ​ទៀត នឹង​អាចជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក ទឹកនោម​ផ្អែម និង​ជំងឺ​បេះដូង​សរសៃឈាម​បាន​។ ក្រៅពី​នេះ​ជាតិ​ខ្លាញ់ Monounsaturated និង Polyunsaturated ដែល​មាន​ក្នុង​គ្រាប់ស្វាយចន្ទី​គឺជា​របស់​ដ៏​ល្អ​មួយ ក្នុង​ការគ្រប់គ្រង​ទម្ងន់ និង​បន្ថយ​ការកើនឡើង​កូ​ឡេ​ស្តេ​រ៉ុល និង​ខ្លាញ់​ក្នុង​បេះដូង​។

តើ​គួ​រញ៉ាំ​គ្រាប់ស្វាយចន្ទី ញឹកញាប់​ប៉ុណ្ណា​ទៅ​?
ការ​ញ៉ាំ​គ្រាប់ស្វាយចន្ទី​ពី ៥ ទៅ ១០ គ្រាប់​ជា​រៀងរាល់ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​។ អ្នក​អាច​ញ៉ាំ​វា​ជា​អាហារសម្រន់ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ផ្សេង ដែល​មិន​ផ្តល់​សុខភាព​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។