ប្រហែស​ណាស់ ! ដឹង​អត់ថា​ធ្វើ​ឲ្យ​គេ​បាត់បង់​ជីវិត

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ធ្វេសប្រហែស​ក្នុង​ពេល​បំពេញការងារ បណ្ដាល​ឲ្យ​អ្នក​បើករថយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត ដោយសារ​តែ​ដង​យោង​ស្ទូច​កន្ត្រក​ផ្ទុក​ស៊ីម៉ង់ត៍​លើស​ទម្ងន់​បាក់​សង្កត់​លើ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​ទីតាំង​ក្រុម​មួយ​ស្ថិត​នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឈួ​ន សុវណ្ណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ អ្នកបើកបរ​រថយន្ត មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ខណៈ​ជន​រង​គ្រោះ​បើករថយន្ត​ចូល​ដឹក​ស៊ីម៉ង់ត៍ ជន​រង​គ្រោះ​ក៏​បើកទ្វារ​ចុះ​មក​ឈរ​ក្បែរ​រថយន្ត ពេល​នេះ​គ្រឿងចក្រ​ស្ទូច​ស៊ីម៉ង់ត៍​បាន​លើក​កន្ត្រក​ស៊ីម៉ង់ត៍​មក​ដាក់​លើ​រថយន្ត ស្រាប់តែ​បាក់​ធ្លាក់​សង្កត់​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ការណ៍ តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បាន​បញ្ជូន​សាកសព​ជន​រង​គ្រោះ​ទៅ​ស្រុក​កំណើត ដើម្បី​ប្រគល់​ជូន​គ្រួសារ​នៃ​សព​រៀបចំ​ធ្វើ​ពិធីបុណ្យ​ទៅ​តាម​ប្រពៃណី ៕