Gomez ជួយឲ្យអាល្លឺម៉ង់ នៅវគ្គ១៦ក្រុម ខណៈប៉ូឡូញ ត្រូវប៉ះ ស្វ៊ីស

ខ្សែប្រយុទ្ធ Mario Gomez បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ខណៈដែលក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ បានផ្តួលក្រុមជម្រើសជាតិអៀរឡង់ខាងជើង ក្នុងលទ្ធផល ១-០ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា ដើម្បីឈានទៅប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ក្នុងនាមជាក្រុមឈរលេខ១នៃពូល C។

gomez

ខណៈដែលលេងជាកីឡាករបម្រុងក្នុងពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងប៉ូឡូញ ខ្សែប្រយុទ្ធរបស់ក្លិប Besiktas រូបនេះ បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីពីការបញ្ជូនបាល់របស់ Thomas Mueller នៅនាទី ទី៣០ នាកីឡដ្ឋាន Parc des Princes។ ការមិនអាចស្វែងរកជ័យជម្នះដ៏ធំមួយរបស់អាល្លឺម៉ង់ បានកើតឡើងដោយសារតែការបំពេញតួនាទីយ៉ាងល្អរបស់អ្នកចាំទី Michael McGovern។

ប៉ុន្តែ វាគ្រប់គ្រាន់ក្នុងការរក្សាទីតាំងរបស់ពួកគេនៅលើកំពូលតារាងនៃពូលពីលើក្រុមជម្រើសជាតិប៉ូឡូញ ដែលបានផ្តួលក្រុមជម្រើសជាតិអ៊ុយក្រែន ១-០ ក្នុងទីក្រុង Marseille តាមរយៈគ្រាប់បាល់របស់កីឡាករ Jakub Blaszczykowski។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិប៉ូឡូញ ឈានទៅប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦។ ដោយឡែក ក្រុមអាល្លឺម៉ង់ របស់លោក Joachim Loew នឹងត្រូវផ្តោតអារម្មណ៍របស់ពួកគេទៅលើការប្រកួតវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងក្រុមអាល់បានី ស្លូវ៉ាគី ឬក្រុមឈរលេខ៣ក្នុងពូល F ដែលមិនទាន់កាត់សេចក្តីនៅឡើយទេ ក្នុងទីក្រុង Lille នាថ្ងៃអាទិត្យ ខាងមុខនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia