លោក Santos លើកទឹកចិត្តឲ្យ Ronaldo បង្ហាញពីភាពខ្លាំងពេលជួបហុងគ្រី រាត្រីនេះ

លោក Fernando Santos គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ កំពុងតែគាំទ្រឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo រកគ្រាប់បាល់បញ្ចូលទីជាលើកទី១របស់គេក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ តាមរយៈការស៊ុតបាល់បំប៉ោងសំណញ់ទីនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិហុងគ្រី នៅរាត្រីថ្ងៃពុធនេះ ដើម្បីជួយឲ្យក្រុមរបស់គេឈានទៅវគ្គ១៦ក្រុមចុងក្រោយ។

santos

Ronaldo កំពុងតែស្រេកឃ្លានក្នុងការរកគ្រាប់បាល់បើកឆាករបស់គេក្នុងប្រទេសបារាំង ដើម្បីក្លាយជាកីឡាករដំបូងគេក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុងយុទ្ធនាការ Euro ជុំផ្តាច់ព្រ័ត្រ បួនលើកជាប់ៗគ្នា។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ គឺជាម្ចាស់កំណត់ត្រានៃការរកគ្រាប់បាល់បានច្រើនជាងគេ ប៉ុន្តែ រូបគេមិនទាន់បានរកគ្រាប់បាល់បញ្ចូលទីនៅឡើយទេក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ បើទោះបីមានឱកាសដល់ទៅ២០លើកក៏ដោយ។ Ronaldo បានបង្កើតកំណត់ត្រាថ្មីរបស់ព័រទុយហ្គាល់ ជាមួយនឹងការបង្ហាញខ្លួនជាអន្តរជាតិលើកទី១២៨របស់គេ ក្នុងពេលក្រុមខ្លួនបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិអូទ្រីស កាលពីថ្ងៃសៅរ៍ ដែលក្នុងពេលនោះរូបគេបានស៊ុតបាល់ប៉េណាល់ទីមិនចូលទី។

រូបគេបានស៊ុតបាល់ប៉េណាល់ទីនៅនាទី ទី៧៩ ប៉ះទៅនឹងបង្គោលទី ក្នុងទីក្រុងប៉ារីស ក្រោយពីមិនអាចរកគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមរបស់ខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់ កាលពីថ្ងៃអង្គារ សប្តាហ៍មុន។ បច្ចុប្បន្ន ព័រទុយហ្គាល់ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លខ៣ពីក្រោយក្រុមជម្រើសជាតិអ៊ីស្លង់ និងហុងគ្រី ដែលជាក្រុមពួកគេត្រូវតែផ្តួលក្នុងកីឡដ្ឋាន Stade de Lyon ដើម្បីមានភាពជាក់លាក់ក្នុងការឈានទៅប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ។ លោក Santos បានឲ្យដឹងថា៖ «Ronaldo គឺជាកីឡាករម្នាក់ដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានច្រើន ហើយខ្ញុំប្រាកដចិត្តថា រូបគេនឹងរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតបន្ទាប់ពេលជួបហុងគ្រី»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១យប់៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

11.10.09 Portugal 3-0 Hungary
10.09.09 Hungary 0-1 Portugal
09.10.99 Portugal 3-0 Hungary