លោក Cameron៖ បើអង់គ្លេសដើរចេញពីអឺរ៉ុប គឺនឹងពិបាកវិលវិញណាស់

នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ​ ព្រឹត្តិការណ៍បោះឆ្នោតប្រជាមតិអង់គ្លេស​ ឬ UK EU’s Referendum ​ដែលជាព្រឹត្តិការណ៍បោះឆ្នោតជាប្រវត្តិសាស្រ្តនៃរាជាណាចក្រអង់គ្លេស​ ដើម្បីសម្រេចជោគវាសនារបស់ចក្រភពអង់គ្លេស ក្នុងការកំណត់ថា​ តើអង់គ្លេសគួរបន្តនៅក្នុងសហភាពអឺរ៉ុប​ ឬត្រូវដក​ខ្លួនចេញ ​។​
កន្លងមករយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ​សហភាពអឺរ៉ុប​ និងមតិអន្តរជាតិជាច្រើនបានចេញមកប្រតិកម្ម គាំទ្រ​ និងសំណូមពរឱ្យប្រទេសអង់គ្លេសបន្តនៅ ​កុំចាកចេញពីសហភាពអឺរ៉ុប ​ព្រោះសូម្បីតែលោកនាយករដ្ឋមន្រ្តីអង់គ្លេសខ្លួនលោកផ្ទាល់ដែលជាមេដឹកនាំនៃប្រទេសនេះ ​ក៏​លោកបានអង្វរដល់ប្រជាជន​អង់គ្លេសឱ្យគិតពិចារណាឡើងវិញនូវការខាតបង់នៃការដើរចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប ​ប៉ុន្តែជាអកុសលសម្ដីរបស់លោក ​គឺពុំមានអំណាចអ្វីឡើយ ព្រោះជោគវាសនារបស់ចក្រភពអង់គ្លេសគឺស្ថិតនៅលើចុងប៊ិចរបស់ប្រជាជនអង់គ្លេស ​នៅថ្ងៃទី២៣ ​ខែ​មិថុនា​ ឆ្នាំ២០១៦ ​ស្អែកនេះ ​។ ​
សម្រាប់ប្រជាជនអង់គ្លេស ​កម្រិតនៃការយល់ដឹងអំពីបញ្ហាប្រទេសជាតិរបស់ពួកគេ ​គឺមានកម្រិតខ្ពស់​ ដូច្នេះពួកគេដឹងច្បាស់ណាស់ថា​ តើវត្តមាន​ ឬអវត្តមានរបស់អង់គ្លេសនៅក្នុងសហភាពអឺរ៉ុបផ្ដល់ផលចំណេញ​ ឬធ្វើឱ្យខាតបង់ច្រើនជាង ​។ សម្រាប់បណ្ដាពួកអភិជននៅក្នុង​ប្រទេសអង់គ្លេស ​ច្បាស់ណាស់គឺពួកគេមិនចង់ឱ្យអង់គ្លេសដើរចេញពីអឺរ៉ុបទេ ​ប៉ុន្តែសម្រាប់ប្រជាជនអង់គ្លេសដែលមានជីវភាពសាមញ្ញៗ​ គឺពួកគេចង់រស់នៅក្នុងសង្គមមួយដែលមានសន្តិភាព ​ច្រើនជាងមើលឃើញតែពីប្រយោជន៍សេដ្ឋកិច្ច ដោយសារតែដូច្នេះហើយ​ ទើបធ្វើឱ្យចក្រភព​អង់គ្លេសក្លាយជាប្រទេសសម្បូណ៌ទៅដោយផ្នត់គំនិតអភិរក្សនិយមជានិច្ច ដែលខុសពីប្រជាជននៅសហរដ្ឋអាមេរិក ​ដែលគិតតែពីសេដ្ឋកិច្ចៗ​ លុយៗ​ ។​
កាលពីថ្ងៃម្សិលមិញ ​លោកដេវីដ កាំមេរ៉ូន បានផ្ដល់បទសម្ភាសន៍ជាមួយនឹងសារពត៌មាន BBC ថា៖ ​“ក្នុងរយៈពេលជាង៦ឆ្នាំ នៃការជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអង់គ្លេស ​លោកបានព្យាយាមជួយរក្សាស្ថេរភាពរបស់អង់គ្លេសឱ្យបន្តមាននៅក្នុងសហភាពអឺរ៉ុប ​។ បើសិនជាយើងនាំគ្នា​បោះឆ្នោតផ្ដាច់ខ្លួនអង់គ្លេសចេញពីសហគមន៍អឺរ៉ុប ​នោះបញ្ហាសេដ្ឋកិច្ច ​បញ្ហាកង្វះការងារធ្វើជាដើម ​នឹងកើតឡើងសម្រាប់ប្រទេសអង់គ្លេសទាំងមូល​ ហើយយើងនឹងមិនអាចវិលត្រឡប់ចូលមកជាសមាជិកនៃសហគមន៍អឺរ៉ុបវិញបានទេ” ​​៕  ​

លោក Cameron៖ បើអង់គ្លេសដើរចេញពីអឺរ៉ុប គឺនឹងពិបាកវិលវិញណាស់ដោយ៖ ឈូក ស
ប្រភព៖ BBC