ចែករំលែក បទពិសោធន៍ខ្លះៗ ទាក់ទងនឹងបញ្ហា «ខ្ចីលុយស្រួល ទារវិញលំបាក» នរណាខ្លះយល់ពីអារម្មណ៍មួយនេះ?

ភ្នំពេញ៖ តើលុយពិតជាបញ្ហាសម្រាប់អ្នកមែនទេ? យើងដឹងហើយថា បច្ចុប្បន្នលុយពិតជាពិបាករកណាស់ និងការចំណាយច្រើនគួរសមដែរ រហូតដល់បុគ្គលមួយចំនួនមានការងារធ្វើហើយ ក៏នៅតែខ្ចីលុយគេចាយទៀតសឹងមិនគ្រប់។

ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ គឺមានបុគ្គលជាច្រើន តែងតែត្អូញត្អែររឿងលុយកាក់ សឹងតែថាពេលខ្លះ មានលុយឲ្យគេខ្ចីហើយ បែរជាវេទនាជាងអត់លុយចាយទៅទៀត ព្រោះថាបុគ្គលមួយចំនួន ពេលត្រូវការលុយខ្ចីគេបានយ៉ាងស្រួល  ដោយប្រើគ្រប់មធ្យោបាយលួងលោមទាំងអស់  ប៉ុន្តែពេលសងវិញម្តងៗ តែងតែមានរឿងរកាំរកូស មិនចេះចប់មិនចេះហើយ  ជួនស៊ីដាច់ក៏មាន  រហូតអាចកកើតជាហឹង្សា ឬពាក្យជេប្រទិចផងដែរ។

ថ្ងៃនេះផងដែរ ក្រុមការងារខ្មែរឡូត បានធ្វើការចុះសាកសួរមតិមួយចំនួន ទាក់ទងទៅនឹងប្រធានបទដែលបានលើកឡើង ដើម្បីចង់ដឹងពីបទពិសោធន៍ ក៏ដូចជាអារម្មណ៍ខ្លះៗរបស់ពួកគាត់ ពេលដែលជួបរឿងបែបនេះ គួរតែមានវិធីសាស្រ្ត ឬការដោះស្រាយដោយរបៀបណា ដើម្បីចែកជូនដល់ប្រិយមិត្តអ្នកអាន បានស្វែងយល់បន្ថែមផងដែរ។

ជួបជាមួយអ៊ំស្រី សុភា អាយុ៥៥ឆ្នាំ សព្វថ្ងៃជាអាជីវករ លក់ដូរនៅក្នុងផ្សារមួយកន្លែង ក្នុងរាជធានីភ្នំពេញ បាននិយាយរៀបរាប់ប្រាប់ខាងក្រុមការងារខ្មែរឡូត យ៉ាងក្បោះក្បាយថា គាត់ពិតជាពិបាក ពិបាកណាស់ពេលឲ្យលុយគេខ្ចីម្តងៗ ព្រោះពេលទារវិញមិនដែលស្រួលឡើយ។

អ៊ំស្រីនិយាយថា៖ «...អ៊ំមិនមែនមនុស្សកំណាញ់ទេក្មួយ រឿងលុយកាក់តិចតួចប៉ុណ្ណឹងនោះ ហើយអ៊ំក៏មិនមែនជាអ្នកមានអីដែរ តែពេលខ្លះអ៊ំចេះតែអាណិត តែគេវិញមិនអាណិតយើងវិញទេ។ អ៊ំតែងតែឲ្យគេខ្ចីតែរហូតដែលហ្នឹង តែអ្វីដែលអ៊ំស្អប់បំផុតនោះ ត្រង់ថាអាអ្នកដែលខ្ចីលុយគេហ្នឹង ពេលសងវិញម្តងៗដូចអូសឫស្សីបញ្រ្ចាស់ចុងអីចឹង មហាលេសរាប់រយជំពូក។  យ៉ាងណាមិញ បើនិយាយទៅពីមុន អ៊ំក៏ធ្លាប់ជាអ្នករកស៊ីចងការប្រាក់ ឲ្យគេខ្ចីម្នាក់ផងដែរ តែមិនមែនធំដុំដល់ថ្នាក់រាប់រយដុល្លារដូចគេទេ យ៉ាងច្រើនបំផុតត្រឹម ១០០ដុល្លារអីហ្នឹងអស់ហើយ»

អ៊ំស្រី សុភា បន្តទៀតថា «...ពេលគេមកខ្ចីលុយយើងម្តងៗ យើងចេះតែចង់ឲ្យគេខ្ចីហើយ   ព្រោះចង់បានការស៊ី តែមើលមនុស្សដែលហ្នឹងក្មួយ បើមិនសូវស្គាល់ ឬមិនសូវទុកចិត្តក៏មិនឲ្យខ្ចីដែរ លុះត្រាតែមានអ្នកធានា  លុយមិនមែនស្រួលរកឯណា ព្រោះធ្លាប់មានអ្នកស៊ីដាច់តែញយហ្នឹង។  ពេលខ្លះដល់ខែដែលត្រូវសងការ  ឬដើម ត្អូញរហូតមិនដែលថាមានលុយទេ  តែអ្នកខ្លះវិញគេត្រូវស្រួលក៏ស្រួលទៅ អ្នកខ្លះវិញយ៉ាប់ គឺយ៉ាប់ម៉ង។ ជួនអ្នកខ្ចីលុយខ្លះហ្នឹងនិយាយថា ខ្ចីតែមួយខែ  ឬពីរខែអីទេ ធានាសងទាំងការទាំងដើម  មានឯណាក្មួយ ចាំទៅអាអ្នកនិយាយបែបហ្នឹង យ៉ាងយូរក៏មួយឆ្នាំដែរ រហូតស៊ីដាច់គ្មានសងវិញក៏មានដែរ...»

អ៊ំស្រីបន្ថែមថា «...ប៉ុន្តែសំណាងដែរ ចេះបានការស៊ីពីគេវិញខ្លះៗ  ចង់ស្មើដើមវិញដែរ បើគេមិនសងដើមយើងវិញ ក៏មិនដឹងធ្វើយ៉ាងណាដែរ សុខចិត្តឲ្យគេទៅ ព្រោះអ៊ំក៏មិនចេះទៅរករឿងរញ៉េរញ៉ៃអីច្រើនដែរ  តែបើថាខ្ចីលុយពីអ៊ំច្រើន  អាហ្នឹងអាចទៅរករឿងខ្លះដែរ  តែមិនមែនទៅជេរបញ្ចោរគេកប់ៗមាត់  ឬប្រើហិង្សាអីទេ ស្រួលមិនស្រួលគេលួចទៅរកគ្រូ ​ធ្វើអំពើដាក់យើងងាប់អត់អំពើ ព្រោះអាស៊េរីៗហ្នឹងកើតមានច្រើនណាស់។  បើគេបោកលុយយើងហើយ ចាត់ទុកថាជាកម្មពាររបស់គេទៅ ជាតិក្រោយគេគង់តែមកសងយើងវិញទេ  អ៊ំគិតតែតាមផ្លូវព្រះទេក្មួយ»

មិនខុសគ្នាប៉ុន្មានជាមួយនឹង អ៊ុំស្រី សុភាព ខាងលើប៉ុន្មានឡើយ ចំណែកឯអ្នកមីង រស្មី វ័យ៤០ឆ្នាំ បច្ចុប្បន្នជាអ្នកជាងកាត់ដេរ  និងប៉ាក់ឌិន ហើយបច្ចុប្បន្នក៏កំពុងតែបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ ឯកទេសគ្រប់គ្រងពាណិជ្ជកម្ម ព្រោះបើតាមការឲ្យដឹងរបស់គាត់ គឺគាត់ពិតជាស្រលាញ់  និងឲ្យតម្លៃដល់ការសិក្សាណាស់ ហើយតាមរយៈការលើកឡើងស្រដៀងគ្នានេះដែរ អ្នកមីង រស្មី មានប្រសាសន៍ថា «...សម្រាប់មីង គឺមីងខឹងតែម្តង ពេលខ្លះបែរទៅជាឯងម្ចាស់លុយ សុខចិត្តនិយាយសម្តីផ្អែម លួងលោមជាមួយគេទៅវិញ ធ្វើយ៉ាងណាឲ្យគេបានសងលុយមកយើងវិញ។ ជួនពេលខ្លះ ខឹងពេកទៅទារដល់ផ្ទះ រហូតឈ្លោះប្រកែកទាស់ពាក្យសម្តីនឹងគ្នាក៏មានដែរ ហើយមិនតែប៉ុណ្ណោះ អាអ្នកខ្ចីលុយហ្នឹង ឆ្ងាញ់ត្រង់បោះសម្តីមកឲ្យមីងថា “លុយនៅហោប៉ៅបងឯងតើ បើបងឯងមិនឲ្យខ្ញុំខ្ចី ក៏ខ្ញុំបោកបងឯងមិនបានដែរ” ។ គ្រាន់តែលឺសម្តីគេនិយាយចឹងមក ចប់និយាយម៉ង ចុងក្រោយបានត្រឹមតែឈឺចាប់ តែអំណាចខឹងហើយ សុខចិត្តអុជធ្យូងដាក់បណ្តាសារចោលម៉ងទៅ»

អ្នកមីង រស្មី បានបន្ថែមទៀតថា «ជឿចុះអូន ភាគច្រើនមនុស្សបោកប្រាស់ សម្តីផ្អែម ហើយពូកែបញ្ចុះបញ្ចូលណាស់ កុំសូវទុកចិត្តពេក»

ដោយឡែក យុវតីវ័យ ២២ឆ្នាំ សព្វថ្ងៃជានិស្សិតនៅ សាកលវិទ្យាល័យបៀលប្រាយ និងកំពុងតែបម្រើការនៅស្ថានប័នឯកជនមួយកន្លែង ក្នុងផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ កញ្ញា លីដា បានរៀបរាប់ប្រាប់ថា «សម្រាប់ខ្ញុំ ពេលមិត្តភក្តិខ្ចីលុយ ទោះបីតិចតួចច្រើនក្តី ខ្ញុំមិនដែលទៅទារគេវិញទេ សុខចិត្តចាំមើលថា តើពេលណាគេនឹកឃើញសងយើងវិញ...? ព្រោះពេលខ្លះទារទៅខ្លាចក្រែងគេអន់ចិត្តនឹងយើង ណាមួយត្រូវជាមិត្តភក្តិនឹងគ្នាទៀត  ខ្លាចមើលមុខគ្នាមិនចំ។ ទោះយ៉ាងណាពេលខ្លះ ខ្ញុំក៏ដឹងពីស្ថានភាព លំបាករបស់គេដែរ បានចេះតែធ្វើហ៊ីៗទៅ។ តែយ៉ាងណាគេមិនដែល ធ្វើឲ្យខ្ញុំខកចិត្តរឿងលុយកាក់អីទេ ព្រោះគេខ្ចីមិនដែលចេះយូរផង ហើយក៏មិនដែលសម្តីអាក្រក់ជេរគ្នាអីដែរ។ សូម្បីតែខ្ញុំពេលខ្លះខ្វះខាតលុយចាយមិនដល់ខែ ហើយទៅពឹងពាក់ខ្ចីគេវិញ ក៏ខ្ញុំមិនដែលធ្វើឲ្យគេពិបាកចិត្ត ជាមួយនឹងខ្ញុំដែរ ដឹងតែដល់ពេលត្រូវសងគឺសងហើយ»

ទន្ទឹមនឹងនោះផងដែរ បងប្រុស វិសាល អាយុ២៣ឆ្នាំ បច្ចុប្បន្នជានិស្សិត និងកំពុងតែបម្រើការនៅស្ថាប័នរដ្ឋមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានប្រាប់មកខាងក្រុមការងារខ្មែរឡូតដែរថា «សម្រាប់រឿងលុយកាក់នេះ វាមិនមែនជារឿងងាយស្រួលឡើយ។ បើតាមបទពិសោធន៍របស់បងវិញ ពេលមិត្តភក្តិខ្វះខាត ហើយមកសុំខ្ចីលុយពីបងម្តងៗ ពេលខ្លះមិនចង់ឲ្យខ្ចីទេ ក៏ដោយសារតែបងដឹងថាមនុស្សម្នាក់ហ្នឹង ខ្ចីមិនងាយសង ពេលទារវិញ ស្តីឲ្យឯងលើសដើម ជួលកាលស៊ីដាច់ក៏មានដែរ ហើយអ្នកដែលឧស្សាហ៍មកខ្ចីលុយហ្នឹង  មានតែមុខដដែលៗហ្នឹង។  និយាយអីចឹងមិនមែនចង់មានន័យថា បងអាត្មានិយម អាក្រក់ ឬចិត្តកំណាញ់ឡើយ គ្រាន់តែរឿងលុយកាក់ខ្ចីតិចតួចប៉ុណ្ណឹងនោះ តែពេលខ្លះពិតជាគួរឲ្យធុញទ្រាន់ណាស់ សំខាន់ជួនកាលវាក៏អាចប៉ះពាល់ដល់ការងារបងផងដែរ ព្រោះអ្នកខ្លះទូរស័ព្ទមករំខានរហូត»

បងប្រុសបន្ថែមទៀតថា «...ហើយបើនិយាយពីរឿងខ្ចីលុយគេវិញ សម្រាប់បងដូចជាមិនសូវដែរទេ។ ទោះបីបើបងខ្ចីលុយគេមែន ក៏មិនដែលនៅជំពាក់ទុំដូចគេឡើយ បើថាថ្ងៃណាសងគឺថ្ងៃនោះហើយ មិនចេះកាឡិចកាឡុចដូចគេទេ ព្រោះទាំងគេទាំងយើង សុទ្ធតែមានចិត្តដូចគ្នា ទាំងស្រលាញ់ អន់ចិត្ត ខឹង ស្អប់។ បើយើងស្រួលជាមួយគេ ថ្ងៃក្រោយទៅគេចេះតែស្រួលជាមួយយើងទៀតហើយ»

យ៉ាងណា នេះគ្រាន់តែជាមតិលើកឡើង របស់ប្រិយមិត្តយើងមួយចំនួនតូច ដែលក្រុមការងារខ្មែរឡូតយើង បានធ្វើការចុះសាកសួរផ្ទាល់តែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ប្រិយមិត្ត មិត្តអ្នកអានវិញ មានមតិយល់ឃើញយ៉ាងណាដែរ ចំពោះប្រធានបទមួយនេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចែករំលែក បទពិសោធន៍ខ្លះៗ ទាក់ទងនឹងបញ្ហា «ខ្ចីលុយស្រួល ទារវិញលំបាក» នរណាខ្លះយល់ពីអារម្មណ៍មួយនេះ?

ចែករំលែក បទពិសោធន៍ខ្លះៗ ទាក់ទងនឹងបញ្ហា «ខ្ចីលុយស្រួល ទារវិញលំបាក» នរណាខ្លះយល់ពីអារម្មណ៍មួយនេះ?
រូបភាព៖ អ៊ំស្រី សុភា

ចែករំលែក បទពិសោធន៍ខ្លះៗ ទាក់ទងនឹងបញ្ហា «ខ្ចីលុយស្រួល ទារវិញលំបាក» នរណាខ្លះយល់ពីអារម្មណ៍មួយនេះ?
រូបភាព៖ អ្នកមីង រស្មី

ចែករំលែក បទពិសោធន៍ខ្លះៗ ទាក់ទងនឹងបញ្ហា «ខ្ចីលុយស្រួល ទារវិញលំបាក» នរណាខ្លះយល់ពីអារម្មណ៍មួយនេះ?
រូបភាព៖ កញ្ញា លីដា

ចែករំលែក បទពិសោធន៍ខ្លះៗ ទាក់ទងនឹងបញ្ហា «ខ្ចីលុយស្រួល ទារវិញលំបាក» នរណាខ្លះយល់ពីអារម្មណ៍មួយនេះ?
រូបភាព៖ បងប្រុស វិសាល