គេ​ថា​ស៊ី​ឆ្កែ​ស៊យ​ណាស់ ! ចុះ​ទម្រាំ​ស៊ី​ឆ្កែ​វត្ត​ស៊យ​យ៉ាងណា?

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បន្ទាប់​ពី​បុរស​ម្នាក់​និង​គូកន​បាន​នាំ​គ្នា​ផឹក​ស្រាស​ក្លែម​សាច់​ឆ្កែ​វត្ត បន្ទាប់​ពី​ផឹក​រួច​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម្ម ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ជាតិ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៤-៨៥ ស្ថិត​ក្នុងភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ស្រុក​ថ្ពង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហុ​ន សៅ​រី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​គូកន​បាន​នាំ​គ្នា​ផឹក​ស្រាស​ក្លែម​សាច់​ឆ្កែ​វត្ត ។ ក្រោយ​ពេល​ផឹក​រួច​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េ​រ​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-4041 ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ​បុក​គោ​យន្ត​កន្ត្រៃ​ដឹកអុស​ពីក្រោយ​បណ្ដាល​ឲ្យ​ដាច់​បំពង់ខ្យល់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម្ម ។ ឃើញ​បែប​នេះ​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ដឹកអុស​បាន​បើក​រត់​បាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ រួច​ទុក​គោ​យន្ត​ចោល ចុះ​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕