សហភាពអឺរ៉ុប សម្រេច​បន្ត​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​រយៈពេល​៦ខែ​ទៀត

ក្នុងសំណុំរឿងវិបត្តិអ៊ុយក្រែន និងរុស្ស៊ី សហភាពអឺរ៉ុប បានសម្រេចបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើរុស្ស៊ីរយៈពេល៦ខែ បន្ថែមទៀត បើទោះបីជាមានការអំពាវនាវ ឲ្យមានបន្ទន់ឥរិយាបថ បន្ធូបន្ថយឲ្យគ្នាទៅវិញទៅមក យ៉ាងណាក៏ដោយ។ ជាការឆ្លើយតប នឹងទណ្ឌកម្មទាំងនេះ រុស្ស៊ីក៏បានហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អឺរ៉ុបវិញដែរ ។

សមាជិកទាំង២៨ នៃសហភាពអឺរ៉ុប បានសម្រេចរួមគ្នា នៅទីក្រុងព្រុចសែល ថាត្រូវបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីរយៈពេល៦ខែទៀត ពោលគឺចាប់ពីខែកក្កដា រហូតដល់តំណាច់ខែមករា ឆ្នាំក្រោយ។ ទណ្ឌកម្មសេដ្ឋកិច្ចនេះ គឺមានជាប់ពាក់ព័ន្ធជាអាទិ៍ ធនាគាររបស់រុស្ស៊ី ក្រុមហ៊ុននាំចេញ នាំចូលប្រេងរបស់រុស្ស៊ី ព្រមទាំងក្រុមហ៊ុនផលិតសម្ភារៈសិករបស់រុស្ស៊ីជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ជនជាតិរុស្ស៊ីចំនួនជិត១៥០នាក់ ដែលអ្នកខ្លះជាមន្ត្រីនិងជាថៅកែធំៗ ដែលស្និទនឹងលោកពូទីន ក៏ជាប់នៅក្នុងបញ្ជីរខ្មៅរបស់សហភាពអឺរ៉ុប ហើយត្រូវអឺរ៉ុប ហាមមិនឲ្យចូលដីអឺរ៉ុបទេ។

គួររំលឹកថា ទណ្ឌកម្មនេះ គឺសហភាពអឺរ៉ុប បានដាក់ទៅលើរុស្ស៊ីនៅចុងឆ្នាំ២០១៤ ដើម្បីជាការស្តីបន្ទោស ទៅលើរុស្ស៊ីដែលបានលូកដៃ បញ្ឆេះសង្រ្គាមបំបែកទឹកដី នៅភាគខាងកើតអ៊ុយក្រែន។ បារាំង និងអាល្លឺម៉ង់ បានព្យាយាមនាំភាគីទាំងអស់ មកកាន់តុចរចា ដោយបានសម្រេចឲ្យមានកិច្ចព្រមព្រៀង ទីក្រុងមីនស្គ៍។ យោងតាមកិច្ចព្រមព្រៀងនេះ រុស្ស៊ីត្រូវតែគោរពបទឈប់បាញ់ និងអនុញ្ញាតឲ្យមានការវិលត្រលប់មករកសន្តិភាព នៅភាគខាងកើតអ៊ុយក្រែនវិញ។

ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប បានធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ី ក្នុងឆ្នាំ ២០១៥ និងដើមឆ្នាំ ២០១៦ នេះ ជួបបញ្ហាលំបាកយ៉ាងខ្លាំង។ ជាការសងសឹក រុស្ស៊ីក៏បានហាមឃាត់ការនាំចូលផលិតផលកសិកម្ម បន្លែផ្លែឈើ ទឹកដោះគោជាដើម របស់សហភាពអឺរ៉ុប។

ដោយឡែក លោកបេត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតីអ៊ុយក្រែន ដែលកំពុងតែមានវត្តមាននៅទីក្រុងប៉ារីស បានមានប្រសាសន៍ថា ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី គឺជាវិធីតែមួយគត់ ដើម្បីដាក់ពិន័យលើរុស្ស៊ី ហើយហាមកុំឲ្យរុស្ស៊ី មកបង្ករចលាចលនយោបាយ នៅភាគខាងកើតអ៊ុយក្រែនទៀត។

តែយ៉ាងណាក៏ដោយ លោកហ្សង់ម៉ាក អេរ៉ូ រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែងកាលពីថ្ងៃចន្ទទី ២០ មិថុនាថា គេគួរចាប់ផ្តើមពិចារណាអំពីការដកទណ្ឌកម្ម ដើម្បីជានាគ្នាជាមួយរុស្ស៊ីវិញ នៅដំណាច់ឆ្នាំ២០១៦នេះ។ ចំណែកលោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ធ្លាប់បានបញ្ជាក់ថា អាល្លឺម៉ង់ មិនប្រឆាំងទេ ក្នុងការដកទណ្ឌកម្ម ជាតំណាក់ បន្តិចម្តងៗ ពីរុស្ស៊ី។

យ៉ាងណាមិញ លោក ហ្សង់ក្លូដ ជុងគើ ប្រធានគណកម្មការអឺរ៉ុប ដែលបានធ្វើទស្សនកិច្ចនៅក្រុងសាំង បេតេស្បួរក៍ កាលពីដើមខែមិថុនា បានមានប្រសាសន៍ថា វិធីតែមួយគត់ដើម្បីឲ្យរុស៊្សី និងអឺរ៉ុបមើលមុខគ្នាត្រង់វិញ គឺត្រូវតែលុបទណ្ឌកម្មសេដ្ឋកិច្ចទាំងសងខាងចោល។ ចំណែកលោក ប្រធានាធិបតីរុស្ស៊ីបានឆ្លើយតបថា ខាងរុស្ស៊ីគេមិនមានចិត្តប្រកាន់ខឹងគំគួននឹងសហភាពអឺរ៉ុបទេ តែការដកទណ្ឌកម្មត្រូវធ្វើទាំងសងខាងមិនមែនរុស្ស៊ីតែម្នាក់ឯងទេ។

យ៉ាងណាក៏ដោយ ក្រុមការងារបារាំង និងអាល្លឺម៉ង់ នឹងត្រូវប្រគល់របាយការណ៍ស្តីពីការគោរពអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងមីនស្គ៍ នៅដំណាច់ឆ្នាំ២០១៦នេះ ហើយយោងតាមរបាយការណ៍នេះ ទើបគេសម្រេចថាត្រូវបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី រឺត្រូវលប់វាចោល៕

ប្រភពៈ RFI