កីឡាករ​កូរ៉េ​ខាង​ត្បូង​របស់​ក្រោន កំពុង​ធ្វើ​តេស្ដ​នៅ​ម៉ាឡេស៊ី

ខ្សែ​បម្រើ​កណ្ដាល​សញ្ជាតិ​កូរ៉េខាងត្បូង​ Sim Woon Sub នឹង​ចាកចេញ​ពី​​ក្លឹប​ភ្នំពេញ​ក្រោន​ហើយ ​ដោយ​កំពុង​តែ​ធ្វើ​តេស្ត​នៅ​ក្លឹប​ Kuantan FA ដែល​លេង​នៅ​​លីគ​លំដាប់​ទី​ពីរ Malaysia Premier League ​របស់​ប្រទេស​ម៉ាឡេស៊ី។

 

កីឡាករ​កូរ៉េ​ខាង​ត្បូង​របស់​ក្រោន កំពុង​ធ្វើ​តេស្ដ​នៅ​ម៉ាឡេស៊ី

 Sim Woon Sub

 

​បើ​តាម​ Page ​ផ្លូវ​ការ​របស់​ក្រោន​បាន​បញ្ជាក់​ថា​ នៅ​ពេល​ដែល​ Sim ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ដើម​រដូវ​កាល​នៃ​លីគ​កំពូល​កម្ពុជា ក្រោន​បាន​យល់​ព្រម​ថា​កីឡាករ​រូប​នេះ​អាច​ចូលរួម​សាកល្បង​ជាមួយ​ក្លឹប​ដែល​មាន​លំដាប់​ខ្ពស់​ជាង​បាន ប្រសិន​មាន​ឱកាស​។  ដូច្នេះ​ហើយ​ទើប​បច្ចុប្បន្ន​នេះ​កីឡាករ​កូរ៉េ​ខាង​ត្បូង​វ័យ​២៦​ឆ្នាំ​ខាង​លើ ​កំពុង​តែ​ស្ថិត​នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ធ្វើ​តេស្ដ​សមត្ថភាព  ហើយ​ប្រសិន​បើ​ជោគជ័យ​រូប​គេ​នឹង​លេង​ឱ្យ​ក្រុម Kuantan FA  ​តែ​ម្ដង។

 

កីឡាករ​កូរ៉េ​ខាង​ត្បូង​របស់​ក្រោន កំពុង​ធ្វើ​តេស្ដ​នៅ​ម៉ាឡេស៊ី

 

Sim Woon Sub ​ជា​កីឡាករ​ដែល​ក្រោន​នាំ​ចូល​តាំង​ពី​ខែ​មេសា​កន្លង​ទៅ​ជាមួយ​ Jang In Yong ហើយ​ វត្តមាន​របស់​ខ្សែ​បម្រើ​ការពារ​រូប​នេះ ​បាន​ជួយ​ក្រោន​ច្រើន​នៅ​តំបន់​កណ្ដាលក្នុង​៤​ប្រកួត​ដែល​រូបគេ​ចូល​លេង។ ​ការ​ចាកចេញ​របស់​កីឡាករ​បរទេស​មួយ​នេះ ស្រប​ពេល​ជាមួយ​គ្នា​ដែល​ក្រោន​ក៏​កំពុង​តែ​បំពេញ​ឯកសារ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​និង​អាហ្វ្រិក​ខាង​ត្បូង​មក​ចូល​ក្រុម​សម្រាប់​ជុំ​ទី​២ ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ