បទល្មើស​ឈូសឆាយ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ពុំមាន​ការបង្ក្រាប​នៅឡើយ​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​និង​ដី​តំបន់ហាមឃាត់​កើតឡើង​កាន់តែច្រើន ហើយ​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​នៅពេល​យប់​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ហេតុនេះហើយ​ទើប​ពួកគាត់​មាន​សេចក្ដី​ព្រួយបារម្ភ​ខ្លាចក្រែង​ព្រៃ​លិច​ទឹក​ជាប់​បឹង​ទន្លេសាប​ក្នុង​ឃុំ​ចំណារ ត្រូវ​វិនាស​ហិនហោច​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

ប្រភពពី​ប្រជាពលរដ្ឋ​ឃុំ​ចំណារ​ក្រោម បាន​ឲ្យ​ដឹង​ទៀតថា​បទល្មើស​ឈូសឆាយ​ព្រៃ​លិច​ទឹក​និង​សកម្មភាព​ភ្ជួរ​ដី​នៅ​តំបន់ហាមឃាត់ សង្ស័យ​មានការ​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់​៣​ជម្រក​ត្រី​ពង​កូន និង​តំបន់​មួយចំនួនទៀត​រាប់រយ​ហិកតា​បានកើត​ឡើង​អស់​រយៈពេល​ប្រមាណ​១​ខែ​មកហើយ មិនឃើញ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ កន្លែង​ដែល​ទទួលរង​នូវ​ការ​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ច្រើនជាងគេ គឺ​នៅ​ចំណុច​ខាងជើង​ភ្នំ​ជី​មុ​ស ក្បែរ​មាត់បឹង​ទន្លេសាប ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ជលផល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ជាប់​មាត់បឹង​ទន្លេសាប​ជាបន្ទាន់ ព្រោះ​បទល្មើស​នោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង​កូន និង​ប៉ះពាល់​ដល់ទី​កន្លែង​ឃ្វារ​គោក្របី​របស់​ប្រជាពលរដ្ឋ​នៅ​រដូវប្រាំង​ផងដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ក្រុម​ជនល្មើស​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​បច្ចុប្បន្ន​ព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​ត្រូវ​វិនាស​ហិនហោច​ជា​បន្តបន្ទាប់​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ជាប់​មាត់បឹង​ទន្លេសាប​ក្នុង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ជាបន្ទាន់​កុំ​ឲ្យ​រាលដាល​តទៅទៀត​៕

image1701លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ