ជាប់​បាក់ឌុបហើយ គួរ​ប្រឡង​គ្រូ ឬ​បន្ត​ថ្នាក់​ឧត្ដមសិក្សា?

ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៥-២០១៦ ជិតមកដល់ហើយ តើសិស្សានុសិស្ស បានសម្រេចចិត្តហើយឬនៅថា គួរប្រឡងគ្រូសិន ឬបន្តថ្នាក់ឧត្ដមសិក្សា។ តោះ! ទៅស្ដាប់មតិយុវវ័យ។

ជាប់​បាក់ឌុបហើយ គួរ​ប្រឡង​គ្រូ ឬ​បន្ត​ថ្នាក់​ឧត្ដមសិក្សា?រូបតំណាង

“ជម្រើសទាំងពីរសុទ្ធតែសំខាន់ ដូច្នេះពួកគាត់ (សិស្ស) ត្រូវគិតឱ្យបានល្អិតល្អន់។ តែបើតាមគំនិតខ្ញុំ បើគ្មានលុយទេ គួរប្រឡងគ្រូបឋម ឬអនុអីសិនទៅ។ ចាំបានប្រាក់ខែ មករៀនតសៅរ៍-អាទិត្យ។ តែបើមានលុយ មករៀនតែម្ដងក៏ល្អ។ ចិត្តខ្ញុំ ចង់ឱ្យប្រឡងគ្រូសិន មិចមិចយើងបានក្របខណ្ឌរដ្ឋ”។ សម្ដីរបស់កញ្ញា ដានី។

មិនខុសពី ដានី ទេគឺយុវតី លីណា មកពីខេត្តកណ្ដាលបានឱ្យយោបល់ថា បើជឿជាក់លើខ្លួនឯង អ្នកដែលជាប់បាក់ឌុប គួរតែដាក់ពាក្យប្រលងគ្រូ ព្រោះបើជាប់ក្របខណ្ឌរដ្ឋគឺល្អ ហើយពួកគេមានឱកាស បង្ហាត់បង្រៀនសិស្សរាប់សិបនាក់ ឱ្យក្លាយជាធនធានមនុស្សដ៏រឹងមាំ សម្រាប់ប្រទេសជាតិ។

លីណា ថា៖ “សម្រាប់អ្នកគ្មានលទ្ធភាព គួរប្រឡងគ្រូ ព្រោះអីរដ្ឋល្អ។ រាល់ថ្ងៃហ្នឹង គេរកតែក្របខណ្ឌរដ្ឋទេ។ ពេលគាត់ចេញបង្រៀន គាត់អាចសន្សំលុយរៀនតបាន ហើយថែមទាំងបានផ្ទេរចំណេះដឹងដល់ក្មេងៗ”។ចំណែកយុវជន ផៃ សុវណ្ណរ៉ា បានចែករំលែកបទពិសោធន៍ថា កាលចប់បាក់ឌុបឆ្នាំ ២០០៧-២០០៨ លោកបានទិញពាក្យប្រលងគ្រូអនុវិទ្យាល័យហើយ ប៉ុន្តែដោយសារចង់រៀនមុខវិជ្ជា ដែលខ្លួនស្រលាញ់ពេក លោកក៏បោះបង់ចោលការប្រលង។

សុវណ្ណរ៉ា បញ្ជាក់ថា៖ “ខ្ញុំទិញពាក្យរួចហើយ តែដូរចិត្តវិញ។ ខ្ញុំរៀនអក្សរសាស្ត្រអង់គ្លេស… យើងលទ្ធភាព (ប្រាក់) ល្មមៗពិបាកណាស់…ខ្ញុំត្រូវធ្វើការថ្ងៃ រៀនយប់ គ្មានពេលរៀនដិតដល់។ មិត្តភ័ក្ដិខ្ញុំ ជាប់គ្រូមធ្យម គ្រូបឋមគេការងាររដ្ឋ មានលុយរៀននៅសាកលខ្លួនឯង មិនបាច់ពឹងឪពុកម្ដាយ”។

យល់ថាល្អទាំងពីរ តែយុវជន ហុង វណ្ណា បុគ្គលិកធនាគារ វ័យ២៣ឆ្នាំប្រាប់ថា បើមានសមត្ថភាព យកល្អពួកគេត្រូវប្រឡងយកអាហារូបករណ៍ ហើយបើជាប់ ១០០% នោះ កាន់តែល្អប្រសើរ។អតីតសិស្សអាហារូបករណ៍មួយរយភាគរយ ផ្នែកគណនេយ្យនៃវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងថា៖ “បើសមត្ថភាពល្អដែរ គាត់គួរប្រឡងអាហារូបករណ៍ បាន ៥០%, ៦០%, ១០០% ក៏ល្អដែរ។ ណាមួយរៀននៅសាកល មានឧកាសការងារល្អច្រើន ទទួលបានព័ត៌មានលឿន”។

ចុះប្រិយមិត្តវិញយល់ថា មួយណាល្អ? មោះ! ជួយឱ្យយោបល់ដល់ប្អូនៗតិចមក។

ប្រភព៖ sabay

  • ជាប់​បាក់ឌុបហើយ គួរ​ប្រឡង​គ្រូ ឬ​បន្ត​ថ្នាក់​ឧត្ដមសិក្សា?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: