ផ្ទះ​៩៩១​ខ្នង ដួល​រលំ ផ្ទះ ៤៥៩៨​ខ្នង​របើក​ដំបូល ធ្វើ​ឲ្យ​មនុស្ស ៧​នាក់​ស្លាប់ និង​១០៦​នាក់​របួស

ផ្ទះ​៩៩១​ខ្នង ដួល​រលំ ផ្ទះ ៤៥៩៨​ខ្នង​របើក​ដំបូល ធ្វើ​ឲ្យ​មនុស្ស ៧​នាក់​ស្លាប់ និង​១០៦​នាក់​របួស



ភ្នំពេញ ៖ ឆមាស​ទី​១​ដើម​ឆ្នាំ​២០១៦​នេះ មាន​ផ្ទះ ៩៩១​ខ្នង​ដួល​រលំ និង​ផ្ទះ​៤៥៩៥ ខ្នង​របើក​ដំបូល សាលារៀន និង​អគារ​ផ្សេងៗ​ទៀត​ចំនួន ៥៣​អគារ​រង​ការខូចខាត និង​បណ្តាល​ឲ្យ​មនុស្ស ៧​នាក់​ស្លាប់ និង​១០៦​នាក់​រងរបួស ដោយសារ​ខ្យល់​កន្ត្រាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក ញ៉ឹម វណ្ណដា អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ។

របាយការណ៍​បាន​បង្ហាញ​ថា គ្រោះធម្មជាតិ​ដោយសារ​ខ្យល់កន្ត្រាក់​សរុប​ប្រចាំ​ឆមាស​ទី​១​ឆ្នាំ​២០១៦ មាន​ចំនួន ១២៤​ករណី កើតឡើង​នៅ​ក្នុង​ស្រុក​-​ក្រុង​ចំនួន ៩៦ នៃ​ខេត្ដ​ក្រុង​ចំនួន​២០ គឺ​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៥ ហើយ​ឥទ្ធិពល​នៃ​អាកាសធាតុ បានធ្វើ​ឲ្យ​ស្ថានភាព​កម្ដៅ​កើន​ឡើង​ខ្លាំង​ក្នុង​ខែមេសា ក្នុង​កម្រិត​(៤២​អង្សា​) និង​គ្រោះរាំងស្ងួត​រយៈពេល​យូរ​អូស​បន្លាយ​រហូតដល់​ខែឧសភា។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា រាល់​ការ​ប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ ត្រូវបាន​ជួយ​ឧបត្ថម្ភ​ពី​កាកបាទ​ក្រហមកម្ពុជា ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សហការ​ជាមួយ​អាជ្ញាធរ រាជធានី​-​ខេត្ដ សប្បុរសជន និង​អង្ក​ការ​ដៃគូរ​ឈរជើង​នៅ​មូលដ្ឋាន​បានជា​បន្ដ​បន្ទាប់ ទៅតាម​លទ្ធភាព និង​សមត្ថភាព​៕