ឃាត់ខ្លួន​ជនជាតិ​ទ្បា​វ​ម្នាក់​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជិត​២​គី​ទ្បូ​ក្រាម​នៅ​ព្រំដែន​កម្ពុជា- ឡាវ

ឃាត់ខ្លួន​ជនជាតិ​ទ្បា​វ​ម្នាក់​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជិត​២​គី​ទ្បូ​ក្រាម​នៅ​ព្រំដែន​កម្ពុជា- ឡាវ



ព្រះវិហារ ៖ កម្លាំង​នគរបាល​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​និង​លោក​ព្រះរាជអាជ្ញា​លី​លន់​បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា។

ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នេះ​ ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ២០១៦ ​ស្ថិតនៅ​ចំណុច​មុខ​វត្ត​កំពង់​ស្រ​ឡៅ ភូមិ​កំពង់​ស្រ​ឡៅ ​ឃុំ​កំពង់ស្រ​ឡៅ​១​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​ ដែល​មាន​ជនសង្ស័យ​នាំចូល​តាម​ច្រកទ្វារ​ព្រំដែន​ទឹក​កម្ពុជា​ឡាវ​។

បច្ចុប្បន្ន​ច្រកទ្វារ​ព្រំដែន​ទឹក​នេះ​កំពុង​ល្បីល្បាញ​ខ្លាំង​ថា មាន​ឈ្មួញ​ខ្មែរ​មានអំណាច​មួយ​ចំនួន​កំពុង​រកស៊ី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជាមួយ​ជនជាតិ​ឡាវ​ជា​ហូរហែ។

ភ្នាក់ងារ​រាយការណ៍​ឲ្យ​ដឹង​ថា ​បក្ខពួក​ជន​សង្ស័យ​ម្នាក់ទៀត​បាន​លោត​ចុះ​ពីលើ​កាណូត​ហើយ​ហែល​ទឹក​ត្រឡប់​ចូល​ទៅ​កាន់​ទឹកដី​ឡាវ​វិញ​នៅ​ពេល​ដឹងខ្លួន​ថា​ កម្លាំង​សមត្ថកិច្ច​ខ្មែរ​ចុះ​បង្ក្រាប ប៉ុន្តែ​អាជ្ញាធរ​ខ្មែរ​អះអាង​ថា ​ខាង​សមត្ថកិច្ច​ឡាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​បាន​វិញ​ហើយ​។​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ខាងលើ​ឈ្មោះ​ប៊ុន​ ម៉ូ​ន​ ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ​ជនជាតិ​ឡាវ​មាន​ទីលំនៅ​ស្រុក​មឿង​ស៊ី​ង​ ខេត្ត​ណាំ​ថា​ ប្រទេស​ឡាវ​ក្នុង​នោះ​សមត្ថកិច្ច​ខាង​កម្ពុជា​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្ស៉ៅ​ក្រាម​ស​ ឬ​ ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ​ ទម្ងន់​សរុប​១,៩១៨​គីឡូក្រាម ​និង ​ប៉ាស្ព័រ​ចំនួន​១​ក្បាល។

​លោក​ មាឃ ​សំ​អូន ​ស្នងការ​រង​នគរបាល​ខេត្ត​ព្រះវិហារ​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ខែមិថុនា ឆ្នាំ២០១៦​ថា ​ពេលនេះ​សមត្ថកិច្ច​កំពុង​បន្ត​ស៊ើបសួរ​ជនសង្ស័យ​ឈ្មោះ​ប៊ុន​ ម៉ូ​ន ​នៅ​ឡើយ​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត។

លោក​ស្នងការ​រង​បន្ត​ថា ពិតជា​មាន​ជនសង្ស័យ​ម្នាក់ទៀត​បាន​លោត​ចុះ​ពី​កាណូត​ហើយ​ហែល​ទឹក​គេចខ្លួន​ប៉ុន្តែ​ខាង​អាជ្ញាធរ​ឡាវ​អះអាង​ប្រាប់​មក​កម្ពុជា​ថា​ ខាង​សមត្ថកិច្ច​ឡាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​បាន​វិញ​ហើយ​។

ជនសង្ស័យ​ប៊ុន​ ម៉ូ​ន​ នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា​ ដើម្បី​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់៕

ឃាត់ខ្លួន​ជនជាតិ​ទ្បា​វ​ម្នាក់​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជិត​២​គី​ទ្បូ​ក្រាម​នៅ​ព្រំដែន​កម្ពុជា- ឡាវ