អាជ្ញាធរ​ខណ្ឌ​សែន​សុខ បង្ក្រាប​ទីតាំង​ហ្គេម​មួយ​កន្លែង​ ចាប់​ក្មេងៗ​១៣​នាក់​យក​មក​អប់រំ និង​រឹបអូស​បាន​កុំព្យូទ័រ​១៧​គ្រឿង

អាជ្ញាធរ​ខណ្ឌ​សែន​សុខ បង្ក្រាប​ទីតាំង​ហ្គេម​មួយ​កន្លែង​ ចាប់​ក្មេងៗ​១៣​នាក់​យក​មក​អប់រំ និង​រឹបអូស​បាន​កុំព្យូទ័រ​១៧​គ្រឿង



ភ្នំពេញ ៖ មន្ត្រី​អាជ្ញាធរ​ខណ្ឌ​សែន​សុខ អនុវត្ត​តាម​បញ្ជា​ណែនាំ​របស់ លោក ប៉ឹល កុសល អភិបាល​ខណ្ឌ បាន​បង្ក្រាប​ទីតាំង​បើក​ហ្គេម​អ៊ី​ន​ធើ​ណិ​ត​១​កន្លែង ​នៅ​ក្នុង​អគារ​ផ្ទះល្វែង​១​កន្លែង​នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ដែល​ជា​លទ្ធផល បាន​រឹបអូស​យក​កុំព្យូទ័រ ចំនួន​១៧​គ្រឿង និង​ឃាត់ខ្លួន​ក្មេង​ប្រុសៗ​ចំនួន​១៣​នាក់​យក​មក​អប់រំ។

តំណាង​មន្ត្រី​របស់​សាលា​ខណ្ឌ​សែន​សុខ បាន​និយាយ​ថា នៅ​ក្នុង​ការ​បង្ក្រាប​នោះ​ដោយ​សារ​មាន​ប្រជាជន​បាន​មក​ប្តឹង​ថា កូន​ៗ​របស់​ពួកគាត់​បាន​គេច​សាលារៀន​មក​ចូល​សម្ងំ​លេង​ហ្គេម​អ៊ី​ន​ធើណិ​ត នៅ​ទីនោះ។

ដោយសារតែ​មាន​បណ្តឹង ទើប​លោក អភិបាល​បាន​បញ្ជូន​កម្លាំង​មក​អង្កេត​ឃើញ​មាន​ក្មេងៗ​ចូល​លេង​មែន​ក៏​ចាត់​ការ​ឲ្យ​បង្ក្រាប​តែ​ម្តង។

នៅ​ក្នុង​ការ​បង្ក្រាប​នោះ ម្ចាស់​ហ្គេម​បាន​រារាំង​សមត្ថកិច្ច មិន​ឲ្យ​ចូល​បង្ក្រាប​ទេ ដោយ​បាន​អះអាង​ថា គាត់​មាន​ច្បាប់ ​តែ​មិន​ឲ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​ច្បាប់​ឡើយ​និង​បង្ហាញ​ពី​ឥរិយាបថ មាក់ងាយ​មក​លើ​សមត្ថកិច្ច​ផង​នោះ​ ទើប​សមត្ថកិច្ច បង្ក្រាប​ឲ្យ​ខាងតែ​បាន​នៅ​ក្នុង​ពេល​ភ្លាមៗ​នោះ។

បញ្ហា​ហ្គេម ពង្វក់​ក្មេងៗ​សិស្សសាលា និង​មនុស្ស​ចាស់ បាន​កើត​ឡើ​ង ព្រោងព្រាត​ពាស​ពេញទី​ក្រុងភ្នំពេញ ជ្រក​ក្រោម​ផ្លាក អ៊ី​ន​ធើ​ណិ​ត ហើ​យ​នៅ​ក្នុង​ទីតាំង​ផ្ទះ​បើ​ក​ហ្គេម​នោះ​បើក​សម្រាប់​ក្មេង​លេង​វិញ អ្នកខ្លះ​មាន​ដាក់​សារជាតិ​ថ្នាំញៀន​ក្នុង​ធុង​ទឹក​ឲ្យ​ផឹក ឬក៏​ជា​កន្លែង​លួច​បម្រើ​សេវា​សេព​គ្រឿងញៀន​ផង​ដែរ ​ដែល​កន្លងមក​សមត្ថកិច្ច​ធ្លាប់​បាន​បង្ក្រាប​មក​ហើយ​ដែរ​។

ចំណែក​ទីតាំង​អ៊ីន​ធើ​ណិ​ត មួយ​ចំនួន​ទៀត​សម្រាប់​មនុស្ស​ចាស់​សុទ្ធ​តែ​ជា​កន្លែង​ភ្នាល់​ចាក់​បាល់​តែ​ម្តង​គឺ​ស្ទើរ​តែ​១០០​ភាគរយ​ទៅ​ហើ​យ។

ការ​បង្ក្រាប​ហ្គេម​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​ស្ទើរ​តែ​ទាំងអស់​និង​នៅ​គ្រប់​ទីកន្លែង​នាំគ្នាសប្បាយ​ចិត្ត​ ហើ​យ​ក៏​ទទូច​ស្នើ​សុំ​ឲ្យ​លោក​ចៅហ្វាយក្រុង​ភ្នំពេញ​ចេញ​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​ប្រភេទ​នេះ​ចោល​ទៅ​ព្រោះ​ វា​ធ្វើ​ក្មេងៗ​សិស្សសាលា​គេច​វេស​មិន​ចូល​រៀន​ដោយសារ​វក់​នឹង​ការ​លេង​ហ្គេម​នេះ​៕

អាជ្ញាធរ​ខណ្ឌ​សែន​សុខ បង្ក្រាប​ទីតាំង​ហ្គេម​មួយ​កន្លែង​ ចាប់​ក្មេងៗ​១៣​នាក់​យក​មក​អប់រំ និង​រឹបអូស​បាន​កុំព្យូទ័រ​១៧​គ្រឿង