រដ្ឋមន្ត្រី​ក្រសួង​ដែនដី​អះអាង​ថា​គ្មាន​ការ​ដូរ​ឈ្មោះ​ឆ្មេរ​អូរឈើទាល​នៅ​ខេត្ត​ព្រះសីហនុ​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា អះអាង​ថា គ្មាន​ការ​ដូរ​ឈ្មោះ​ឆ្មេរ​អូរឈើទាល ទៅ​ជា​ឆ្នេរ​សម្ដេច​តេជោ ហ៊ុន សែន ទេ។ ការ​បញ្ជាក់​នេះ ក្រោយ​ពី​មាន​ការ​រិះគន់​ថា រដ្ឋាភិបាល​គ្រោង​ប្ដូរ​ឈ្មោះ​ឆ្នេរ​សមុទ្រ​អូរ​ឈើទាល ដាក់​ឈ្មោះ​ប្រមុខ​រដ្ឋាភិបាល។

លោក ជា សុផារ៉ា សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ថា គណកម្មការ​ដើម្បី​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន ឲ្យ​ជ្រាប​ថា គ្មាន​ឆ្នេរ​តេជោ ហ៊ុន សែន នៅ​ឆ្នេរ​អូរឈើទាល​ទេ។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា សារព័ត៌មាន​វីអូឌី (VOD) បាន​ស្រង់​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ជា សុផារ៉ា រួម​នឹង​​ការ​បង្ហោះ​រូបភាព​ប្លង់​ឆ្នេរ​ផង ដែល​សរសេរ​ថា “ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០១៦ ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​និង​សប្បុរសជន​ក្នុង​ប្រទេស“។ ចំណែក​រូបភាព​ក្នុង​ប្លង់​មាន​សរសេរ​ជា​អក្សរ​ថា ខ្លោងទ្វារ​ច្រក​ចូល “ឆ្នេរ​សមុទ្រ​សម្ដេច​តេជោ សែន” ត្រង់​ខ្លោងទ្វារ​ច្រក​ចូល​ឆ្នេរ​អូរឈើទាល។

ក្រោយ​ពី​ព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​បង្ហោះ​រិះគន់​ដល់​រដ្ឋាភិបាល ដោយ​ចែក​រំលែក​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ ចំពោះ​គម្រោង​ប្ដូរ​ឈ្មោះ​ឆ្មេរ​អូរឈើទាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។