មូលហេតុបាក់​ស្រុត​លំនៅ​ឋាន​ថៅកែ​ហាង​បឹង​សំរោង

មូលហេតុបាក់​ស្រុត​លំនៅ​ឋាន​ថៅកែ​ហាង​បឹង​សំរោង



រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​សាងសង់​ពី​បេតុង​ធំ​មួយ​របស់​ថៅកែ​ហាង​បឹង​សំរោង បាន​ស្រុត​លិច​ចូល​ទៅ​ក្នុង​ទឹក​បឹង និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​រសៀល​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី ថ្ងៃ​ទី​២១ មិថុនា ។ ទោះបីជា​បែប​ណា ចាត់​ទុក​ថា​ជា​សំណាង​ផង​ដែរ ដោយសារ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ទេ គ្រាន់តែ​ខូចខាត​របស់របរ​និង​ផ្ទះ​ទាំងមូល​តែ​ប៉ុណ្ណោះ ។

ផ្ទះ​ដែល​បាក់​ស្រុត​នោះ​ធ្វើ​ពី​ថ្ម ជា​ម៉ូ​ដ​វីឡា​កូនកាត់​មាន​ទំហំ​ប្រមាណ​៨​ម៉ែត្រ​គុណ​២០​ម៉ែត្រ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ដែល​មាន​ម្ចាស់​ឈ្មោះ មាស ឆុ​ន ភេទ​ប្រុស អាយុប្រមាណ​៦០​ឆ្នាំ ជា​មន្ត្រី​យោធា និង​ជា​ថៅកែ​ភោជនីយដ្ឋាន​បឹង​សំរោង ។

ផ្ទះ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​តាំងពី​ឆ្នាំ​២០០១ ដោយ​សង់​លើ​ទឹក​អស់​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លារ ដែល​ជុំវិញ​អម​ដោយ​សំណង់​ភោជនីយដ្ឋាន​បឹង​សំរោង ។

ទាក់ទិន​ទៅ​នឹង​ការ​បាក់​ស្រុត​នោះ ត្រូវ​បាន​ម្ចាស់​ឱ្យ​ដឹង​ថា មូលហេតុបណ្តាល​មក​ពី​អ្នក​ក្បែរ​ខាង បាន​ចាក់​ដី​ហើយ​រុញ​ខ្សាច់​ចូល​ក្រោមផ្ទះ​ដែល​មានទឹក​នោះ បណ្តាល​ឱ្យ​កាច់​ជើង​សរសរ​បាក់​ស្រុត​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គ្រឿងចក្រ​បាន​ធ្វើ​សកម្មភាព​រុញ​ខ្សាច់ ដែល​អ្នក​ជិតខាង​ដឹក​មក​ចាក់​ដើម្បី​ធ្វើ​សំណង់ ស្រាប់តែ​ផ្ទះ​បាន​បាក់​ស្រុត​លិច​ផ្អៀង​ទៅ​ក្នុង​ទឹក ​។ លោក មាស ឆុ​ន និយាយ​ថា ពេល​បាក់​នោះ​កូនចៅ​ដែល​ជា​សមាជិកគ្រួសារ​របស់​គាត់ ទាំងអស់​១៣​នាក់ ​បាន​នៅ​ខាងក្រៅ និង​ខ្លះ​ទៀត​ទៅ​រៀន​អស់​ទើប​មិន​មាន​គ្រោះថ្នាក់ ។

លោក​បានឱ្យ​ដឹង​ត្រួស​ៗ​ថា ការ​ខាតបង់​សម្ភារ​ក្នុងផ្ទះ​នេះ​អស់​ជាង​១០​ម៉ឺន​ដុល្លារ និង​មិន​គិត​ពី​តួ​ផ្ទះ​ទេ ។ អ្នក​ដែល​បង្ក​ឱ្យ​មានការ​បាក់​ស្រុត​ផ្ទះ​នេះ​បាន​ធានា​សង តែ​មិនដឹង​ថា តើ​សង​ក្នុង​តម្លៃ​ណា​នោះ​ទេ ។ ការ​បាក់​ស្រុត​ផ្ទះ​នេះ​ក៏​បាន​លិច​ជាង​ពាក់កណ្តាល​ជញ្ជាំង ហើយ​ការ​ព្យាយាម​យក​សម្ភារ​ក្នុងផ្ទះ​ចេញ គឺ​ដោយ​ការ​វាយ​ទម្លុះ​ជញ្ជាំង​ចូល​យក ៕