ច្រកព្រំដែន​ក្នុងស្រុក​ភ្នំព្រឹក ស្រុក​កំរៀង ស្រុក​សំពៅ​លូន មាន​បទល្មើស​នាំចូល​ទំនិញ​ខូចគុណភាព​យ៉ាង​អនាធិបតេយ្យ

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ភ្នំព្រឹក ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ខិលខូច​នៅតែ​អាច​នាំចូល​ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​មាន​លាយ​សារធាតុ​គីមី​មក​ចែកចាយ​យ៉ាង​ពេញបន្ទុក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ ច្រក​ដែល​ឈ្មួញ​នាំចូល​ទំនិញ​ដូច​ខាងលើនេះ យ៉ាង​ពេញបន្ទុក​គឺ​ច្រក​អន្តរជាតិ​ដូង ច្រក​អូរ​អន្លក់ ស្រុក​កំរៀង ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក និង​ច្រក​គីឡូ​១៣​ភ្នំ​ដី និង​ច្រក​គីឡូ​លេខ​៩​ស្រុក​សំពៅ​លូន ជាដើម​។ តាម​ច្រក​នេះ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​ដូចជា ត្រី​ក្លាសេ គ្រឿង​កំប៉ុង​ហួស​កាលកំណត់​ប្រើប្រាស់ សាច់មាន់ សាច់ជ្រូក ស្លាបមាន់ និង​ប្រហិត​ខូចគុណភាព​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​ដោយ​ពុំមាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា​នៅ​ច្រក​អន្តរជាតិ​ដូង ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត នាំចូល​គ្រឿង​ឧបភោគបរិភោគ គ្រឿង​កំប៉ុង​ខូចគុណភាព ហើយ​នៅ​ច្រក​អូរ​អន្លក់ ពេលយប់​មាន​នាំចូល​ជ្រូក​ក្រហម សាច់ជ្រូក សាច់មាន់ និង​ប្រហិត​ខូចគុណភាព​។ ចំណែក​នៅ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក មានការ​នាំចូល​សាច់មាន់ ស្លាបមាន់ និង​ប្រហិត​ខូចគុណភាព​ក្នុង​មួយថ្ងៃៗ​ជាច្រើន​រថយន្ត​សម្រាប់​ចែកចាយ​បន្ត​នៅតាម​ទីផ្សារ​នៃ​ស្រុក​នានា​ក្នុង​ខេត្តបាត់ដំបង​។ ដោយឡែក​នៅ​ច្រក​ភ្នំ​ដី​គីឡូ​១៣ និង​ច្រក​គីឡូ​៩ មានការ​នាំចូល​ត្រូវ​ក្លាសេ​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ​យកទៅ​ចែកចាយ​តាម​ទីផ្សារ​ក្នុងស្រុក​នានា និង​នៅ​ក្រុង​បាត់ដំបង ដោយ​ពុំមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។

​មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ក្នុងស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន​ទេនោះ គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខូចគុណភាព និង​ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​បានឡើយ​។ សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រី​កាំកុងត្រូល​គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុង​រឿង​ឈ្មួញ​នាំចូល​គ្រឿង​ឧបភោគបរិភោគ​ដែល​ខូចគុណភាព មាន​លាយ​សារធាតុ​គីមី និង​គ្រឿង​កំប៉ុង​ហួស​កាលកំណត់​ប្រើប្រាស់​ជាដើម​។ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ទៅលើ​សមត្ថកិច្ច​ពុករលួយ​ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​គ្រឿង​ឧបភោគបរិភោគ និង​ទំនិញ​ខូចគុណភាព​ចូល​តាម​ច្រក​ក្នុងស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដោយហេតុថា​ការហូរចូល​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព និង​មាន​លាយ​សារ​ធាតុគីមី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទិញ​គ្រឿងឧបភោគ​បរិភោគ​ទាំង​នោះមក​ទទួលទាន​៕

13501627_1051554498271473_3842037657879617642_n 13445434_1051554598271463_971504329282841646_n 13466304_1051554624938127_2275985901995475914_n 13507131_1051554304938159_2064137577938424547_n 13502153_1051554528271470_7020039820108309246_n