សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ទៅ​លក់​នៅ​ស្រុក​យួន​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

សេចក្ដីរាយការណ៍​ពី​សកម្មជន​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​តែប៉ុណ្ណោះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​បទល្មើស​កាប់​ឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​និង​ម៉ូតូ​ទៅ​លក់​នៅ​ស្រុក​យួន ពុំមាន​ការថយចុះ​នោះទេ​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​រឿង​ផលប្រយោជន៍​។ ជាពិសេស​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គិតតែ​ប្រមូល​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​ដូច​មុន​ដដែល​។

​កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បង្ក្រាប​រថយន្ត​១​គ្រឿង​និង​ម៉ូតូ​កែច្នៃ​១​គ្រឿង​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ហើយ​រឹបអូស​បាន​ឈើ​មួយចំនួន​។ ប្រភពពី​មន្ត្រី​បរិស្ថាន​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​ត្រូវគេ​ដឹក​ចេញពី​ស្រុក​អូររាំង បម្រុង​ឆ្លងកាត់​ស្រុក​កែវ​សីមា យកទៅលក់​នៅ​ស្រុក​យួន​ដោយ​នៅក្នុង​១​រថយន្ត​មាន​ឈើ​ធ្នង់​១០​ដុំ និង​នៅលើ​ម៉ូតូ​កែច្នៃ​មាន​ឈើ​បេង​៥​ដុំ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ស្រុក​កែវ​សីមា រិះគន់ថា​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​បង់លុយ​ជាប្រចាំ​តែង​គេច​ផុតពី​ការបង្ក្រាប ហើយ​បន្តសកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​ឆ្ពោះទៅ​ស្រុក​ស្នួល ខេត្តក្រចេះ យកទៅលក់​នៅ​ស្រុក​យួន​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​នៅពេល​យប់​ហើយ​ឈ្មួញ​ធំៗ​សុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ឈ្មួញ​រកស៊ី​ឈើ​ក្នុងស្រុក​កែវ​សីមា ត្រូវបាន​គេ​ស្គាល់​ថា​ជា​សាច់ញាតិ​របស់​មន្ត្រី​អាជ្ញាធរ​ស្រុក ហើយ​អ្នក​ខ្លះទៀត​ជា​មន្ត្រី​យោធា​ឬ​មន្ត្រីនគរបាល​ដែលមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ដដែល ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​៕

abc-3-13 abc-1-17