លោក អេង ឆៃអ៊ាង បញ្ជាក់ថា​ស្ថាប័នរដ្ឋ​មួយចំនួន​បំពេញការងារ​របស់ខ្លួន​មិនបាន​ត្រឹមត្រូវ​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ស្ថាប័នរដ្ឋ​មួយចំនួន​មិន​បំពេញការងារ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នោះទេ ហើយ​ថែមទាំង​បណ្តែតបណ្តោយ​ឲ្យ​ស្ថាប័ន​របស់ខ្លួន​ក្លាយទៅជា​ឧបករណ៍​របស់​អ្នកនយោបាយ​មួយចំនួន​ទៀតផង​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា​អ្នកមាន​ចេតនា​មិនល្អ​មួយចំនួន​បានចាត់ទុក​រឿង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ថា​ជា​រឿង​តូចតាច តែ​ផ្ទុយទៅវិញ​ពួកគេ​បែរជា​ធ្វើ​រឿងនេះ​ឲ្យ​ទៅជា​រឿង​ធំ​ទៅវិញ​។ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា បើ​រឿង​លោក កឹម សុខា ជា​រឿង​តូច​ដូចនេះ​ពួកគេ​មិនបាច់​ខ្វល់ខ្វាយ​ដល់​ថ្នាក់​ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ និង​តុលាការ ទៅ​កកូរកកាយ​រឿង​លោក កឹម សុខា ឲ្យ​ក្លាយទៅជា​រឿង​ធំ និង​ទៅជា​រឿង​ស្មុគស្មាញ​ដើម្បី​អ្វី​។ ដូច្នេះ​ពួកគេ​គួរតែ​បំបាត់​រឿង​ខាងលើនេះ​ចោល​ដោយ​មិនត្រូវ​បង្កបញ្ហា​ដូច​សព្វថ្ងៃនេះ​ទេ​។​

​លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា យ៉ាងណាក្តី​បើ​ករណី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ព្រមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាដើម ជា​រឿង​តូច ឬ​ជា​រឿង​ឯកជន​ពិតមែន អង្គការសហប្រជាជាតិ សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម ពួកគាត់​មិន​ខ្វល់ខ្វាយ​អន្តរាគមន៍​ក្នុង​រឿង​ខាងលើ​នោះទេ ព្រោះ​ពួកគាត់​មាន​កិច្ចការ​ពិភពលោក​ច្រើនណាស់​ដែល​ត្រូវ​ដោះស្រាយ​។ តែ​ការដែល​ពួកគាត់​សម្រេច​អន្តរាគមន៍​ដោយសារតែ​ពួកគាត់​យល់ឃើញថា​វា​ជា​រឿង​សំខាន់​ប៉ះពាល់​ខ្លាំង​ដល់​អនាគត​កម្ពុជា​ទាំងមូល ពិសេស​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា បញ្ហានយោបាយ​នៅ​ប្រទេស​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ គឺជា​បញ្ហា​ធំ​ក៏​ដោយសារតែ​អ្នកនយោបាយ​ខ្មែរ​ដែលមាន​អំណាច​នៅក្នុង​ដៃ​បាន​ប្រើប្រាស់​ស្ថាប័នរដ្ឋ​គាបសង្កត់​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា ពួកគេ​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង គឺ​ធ្វើ​ពី​រឿង​តូច​ឲ្យ​ក្លាយទៅជា​រឿង​ធំ ធ្វើ​ពី​រឿង​ស​ឲ្យ​ទៅជា​រឿង​ខ្មៅ ហើយ​ពួកគេ​ធ្វើ​ដូចនេះ​ក៏​ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​ដោយ​មិន​ខ្វល់​ពី​ច្បាប់ទម្លាប់​អ្វី​ឡើយ​៕

13501965_1116726505058763_4447052617753306047_n 13434934_1116726465058767_6779928079646552384_n