ខាន់ ជេមស៍ អាច​​នឹង​ត្រឡប់​ទៅ​ផលិតកម្ម​ Rock ?

ថ្មី​ៗ​នេះ ផលិតកម្ម Rock បាន​ប្រកាស​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ហើយ លោក ខាន់ ជេមស៍ តារា​ចម្រៀង​ដែល​ផ្ដើម​អាជីព​សិល្បៈ​ជាមួយ​​ផលិត​កម្ម​នេះ បាន​សម្ដែង​ក្ដី​ត្រេកអរ​ជា​ខ្លាំង ប៉ុន្តែ​លោក​ថ្លែង​ថា ខ្លួន​មិន​អាច​ត្រឡប់​ទៅ​​វិញ​បាន​ឡើយ ត្បិត​អី​នៅ​ជាប់​កុងត្រា​ជា​មួយ​ផលិតកម្ម​សាន់ដេ​ច្រើន​ឆ្នាំ​ទៀត។

 

ខាន់ ជេមស៍ អាច​​នឹង​ត្រឡប់​ទៅ​ផលិតកម្ម​ Rock ?

 

ម្ចាស់​​បទ “របាំ​ចង​ស្នេហ៍” បាន​ឲ្យ​ដឹង​ថា ថ្នាក់​ដឹក​នាំ​របស់​ផលិតកម្ម ​Rock ​បាន​ទាក់​ទង​មក​ដោយ បបួល​លោក​​ទៅ​ច្រៀង​​ឲ្យ​ផលិតកម្មRock​វិញ ប៉ុន្តែ​ដោយ​នៅ​​ជាប់​កុងត្រា​ក្នុង​ផលិតកម្ម​សាន់ដេ ជាង​២ឆ្នាំ​ទៀត ទើប​លោក​ឆ្លើយ​បដិសេធន៍​។ “នៅ​ផលិតកម្ម​សាន់ដេ ខ្ញុំ​ ​ចុះ​កុង​ត្រា​​៥ឆ្នាំហើយ​​លូវ​ទើប​បាន​ជាង​២ឆ្នាំ​ទេ ខ្ញុំ​ទៅ​ម៉េច​កើត!” លោក ខាន់ ជេមស៍ បញ្ជាក់។

 

ខាន់ ជេមស៍ បាន​លើក​ឡើង​ថា លោក​មិន​ភ្លេច​គុណ​បំណាច់​ផលិតកម្ម​ Rock​ ឡើយ ត្បិត​អី​ប្រជាប្រិយ​របស់​​លោក​ដែល​​មាន​រហូត​មក​ដល់​បច្ចុប្បន្ន គឺ​ផ្ដើម​ចេញ​មក​ពី​ផលិតកម្ម​Rock ប៉ុន្តែ​ការ​ធ្វើ​អ្វី ​ក៏​ទៅ​តាម​ច្បាប់​ដែរ មិន​អាច​ចេញ​ទៅ​​ទាំង​ទទឹងទិស​បាន​ឡើយ។

 

ខាន់ ជេមស៍ អាច​​នឹង​ត្រឡប់​ទៅ​ផលិតកម្ម​ Rock ?

 

តាម​គោលការណ៍​ផលិតកម្ម​ Rock នឹង​កៀរគរ​ប្រមូល​តារា​ចម្រៀង​ចាស់ៗ​ ដែល​មាន​​សក្ដានុពល​របស់​ខ្លួន​មក​វិញ ជា​មួយ​គ្នា​​នោះ ​ក៏​មាន​ការ​ជ្រើសរើស​តារា​ចម្រៀង​ថ្មីៗ​​ទាំង​ជាតិ ​និង​អន្តរជាតិ​ជា​​ច្រើន​ទៀត ដើម្បី​វាយ​លុក​ទីផ្សារ​ Original Song ដោយ​ថ្មីៗ​នេះ​ ផលិតកម្ម​ ថែម​ទាំង​បាន​​ចុះ​កុងត្រា​ជា​មួយ​​ក្រុម SOD របស់​កូរ៉េ​៣នាក់​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Raindy នាយក​ទីផ្សារ។

 

ជុំវិញ​ការ​​ប្រកាន់​គោលការណ៍​ផលិត​តែ ​Original Song លោក​ខាន់ ជេមស៍ បាន​គាំទ្រ​ជា​ខ្លាំង ហើយ​លោក​​មាន​ក្ដី​សង្ឃឹម​ថា ផលិតកម្ម​នឹង​ធ្វើ​​បាន​ដោយ​ជោគជ័យ ស្រប​ពេល​ដែល​យុវវ័យ​​បច្ចុប្បន្ន​ ​ងាក​មក​​គាំ​ទ្រ ​Original Song ​កាន់​តែ​ខ្លាំង៕

 

ខាន់ ជេមស៍ អាច​​នឹង​ត្រឡប់​ទៅ​ផលិតកម្ម​ Rock ?

 

អត្ថបទ៖ ខុត សីហា ​​