សង្ស័យ​​បក្ស​សង្គ្រោះ​​ជាតិ​ ពង្រីក​​កំហុស​​កាន់​តែ​ធំ​ ជាពិសេស​ស្នាម​​មេ​ដៃ​

រាជ​ធានីភ្នំពេញ ​៖ ​​ស្នាម​​មេដៃ​លើ​​ញត្តិ​របស់​គណ​បក្ស​​សង្គ្រោះ​​ជាតិ ដែល​ដង្ហែ​ទៅ​ថ្វាយ​​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​រក​ឃើញ​​ភាព​មិន​ប្រក្រតី​កាន់តែ​​ច្រើន ​។ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា លោក យ៉ែ​ម បុញ្ញ​រិ​ទ្ធ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាង​ ក្នុង​ការ​នាំ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ នឹង​​ត្រូវ​ប្រឈម​មុខ​និង​ច្បាប់​​មុន​គេ​ ។ នេះ​ជា​សម្តី​​របស់​អ្នកនាំពាក្យ​​ក្រសួង​មហា​ផ្ទៃ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​ក្នុងស្រុក ។

​Fresh News នៅ​ល្ងាច​ថ្ងៃ​ទី​២១ ​មិថុនា ឆ្នាំ​២០១៦​​ លោកថា ការ​ស្រាវជ្រាវ និង​ធ្វើ​កោ​ស​ល្យ​វិ​ច្ច័យ​​​លើ​ស្នាម​មេដៃ​​ធ្វើ​បាន​កាន់តែ​ច្រើន​ហើយ ហើយ​ភាព​មិន​ប្រក្រតី ក៏​រក​ឃើញ​ច្រើន​ផង​ដែរ ​។ ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​​ជាងគេ ​នៅ​លើ​ស្នាម​មេដៃ​គាំទ្រ​ញត្តិ​​នេះ គឺ​ការ​ប្រើ​ស្នាម​មេដៃ​តែ​មួយ ​ផ្តិត​នៅ​លើ​ឈ្មោះ​រហូត​ដល់​ទៅ​៨៦​នាក់ ​។

នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ មិន​ទាន់​អាច​បញ្ជាក់​​​​ពី​លទ្ធ​ផល​ផ្លូវ​ការ​នៃ​​ការ​ស្រាវជ្រាវ​នេះ ​សម្រេច​បាន​​​ប៉ុណ្ណា​នៅឡើយ​ទេ​ ។ លោក​ក៏​មិន​ទាន់​បញ្ជាក់​​ថា ខេត្ត​ណា​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ជាងគេ​នោះ​ដែរ ព្រោះ​ការ​​ស្រាវជ្រាវ​កំពុង​បន្ត ។

​លោក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​គណៈកម្មការ​ស្រាវជ្រាវ​បាន​បញ្ចប់​​ការងារ​​គណៈកម្មការ នឹង​ធ្វើ​សំណើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​​ចាត់វិធានការ​បន្ត​ ។ បើ​តាម​លោក ខៀវ សុភ័គ ថ្លែង​ថា អ្នក​នាំ​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ដែល​មាន​​លោក យ៉ែ​ម បុញ្ញ​រិ​ទ្ធ ជា​តំណាង​នោះ អាច​នឹង​ត្រូវ​ប្រឈម​មុខ​និង​ច្បាប់​មុនគេ​ ។

នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់​​ច្បាស់​ថា​ «​យើង​នឹង​ស្នើ​សុំ​រាជរដ្ឋាភិបាល​ ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​កំហុស​ ។ នេះ​ជា​កំហុស​ធ្ងន់​​ណាស់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប លោក យ៉ែ​ម បុញ្ញ​រិ​ទ្ធ យក​ស្នាម​មេដៃ​ក្លែងក្លាយ​ទៅ​ប្រើ​គេ​ប្រើ​ឯង យក​របស់​មិន​សុទ្ធ ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ ។ ខ្ញុំ​គិត​ថា គណៈកម្មការ នឹង​ស្នើ​សុំ​រាជរដ្ឋាភិបាល​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​»​។