អ្នក​ជំនាញ​ទឹក​អប់​បារាំង ​តម្រង់​ចុង​ច្រមុះ​ស្រង់​ក្លិន​បុប្ផា​ស្រុក​ខ្មែរ​

ភ្នំពេញ: គ្រីស្តូហ្វ ឡូដាមីញែល គឺជាឈ្មោះជនដ៏ល្បីម្នាក់ក្នុងជំនួញគ្រឿងក្រអូប។អ្នកជំនាញទឹកអប់ជនជាតិបារាំងរូបនេះធ្លាប់បម្រើការឲ្យម៉ាកល្បីៗដូចជា Ralph Lauren, Abercrombie & Fitch និង Clinique ហើយស្នាដៃរបស់លោកត្រូវបានគេតាំងបង្ហាញនៅសារមន្ទីរទឹកអប់អន្តរជាតិឯប្រទេសបារាំង និងសារមន្ទីរសិល្បៈក្លីវើលែន នៃសហរដ្ឋអាមេរិកផងដែរ។

ពេលនេះលោកកំពុងតែបង្វែរចុងច្រមុះមកស្រង់ក្លិនបុប្ផានៅកម្ពុជា ដើម្បីបង្កើតម៉ាកទឹកអប់ពិសេសមួយសម្រាប់សណ្ឋាគារប្រណីត Rosewood Hotel ដែលនឹងរំលេចវត្តមាននៅអគារវឌ្ឍនៈចុងឆ្នាំ ២០១៦ នេះ។

លោក ឡូដាមីញែល បានចំណាយពេលពេញមួយសប្ដាហ៍ដើរស្រង់ក្លិនបុប្ផានានានៅប្រទេសកម្ពុជា ដើម្បីប្រមូលផ្ដុំក្លិនគំរូយកទៅកាន់បន្ទប់ពិសោធន៍ឯទីក្រុងញូវយ៉ក។ក្នុងដំណើរស្រាវជ្រាវក្លិនផ្កាស្រុកខ្មែរនេះ លោកក៏បានមកកាន់រាជវាំង និងវត្តឧណ្ណាលោម ដែលមានលាយឡំផ្សែងធូប ជាមួយក្លិនផ្កាម្លិះផងដែរ។

អ្នកជំនាញផលិតទឹកអប់រូបនេះបានលាន់មាត់ថា៖ «នេះពិតជាផ្កាម្លិះដែលមានក្លិនឈ្ងុយខ្លាំង ខុសប្លែកពីផ្កាម្លិះរបស់បារាំង»។ បន្ទាប់មកលោកក៏បានបន្តដំណើរទៅកាន់ឧទ្យានជាតិគិរីរម្យដើម្បីស្រង់ក្លិនដើមស្រល់។លោករំឭកផងដែរថា ដើមស្រល់នៅគិរីរម្យពិតជាមានក្លិនស្រាលស្រទន់ជាងពូជដើមស្រល់នៅបណ្ដាប្រទេសទ្វីបអឺរ៉ុប។

អ្នក​ជំនាញ​ទឹក​អប់​បារាំង ​តម្រង់​ចុង​ច្រមុះ​ស្រង់​ក្លិន​បុប្ផា​ស្រុក​ខ្មែរ​

ក្រៅពីក្លិនផ្កា និងក្លិនដើមឈើ លោកក៏បានស្វែងយល់អំពីក្លិនភាយចេញពីផ្ទះបាយខ្មែរ។ លោកអះអាងថា ការស្វែងយល់ពីក្លិននេះក៏រួមចំណែកក្នុងការផ្ដល់ជាគំនិតបង្កើតក្លិនទឹកអប់ក្រអូបថ្មីមួយផងដែរ។

លោក គ្រីស្តូហ្វ ឡូដាមីញែល បាននិយាយថា៖ «ពេលខ្ញុំមកដល់ដំបូង ខ្ញុំសម្គាល់ឃើញថា ផ្ទះបាយស្រុកខ្មែរមានក្លិនក្រូចច្រើន ជាពិសេសគឺក្រូចឆ្មារ និងស្លឹកក្រូចសើចដែលចុងភៅប្រើសម្រាប់ចម្អិនអាហារ។ វាពិតជារឿងគួរឲ្យចាប់អារម្មណ៍ និងកត់ត្រាទុកក្នុងខួរក្បាល»។

ម្រេចក៏ជាក្លិនដែលម៉ាកទឹកអប់ជាច្រើនប្រើប្រាស់ក្នុងការផលិតដែរ។លោក ឡូដាមីញែល បានសិក្សាពីក្លិនម្រេចកំពត និងបាននាំយកគ្រាប់ម្រេចទៅសិក្សាពីប្រតិកម្មរបស់វាជាមួយក្លិនដទៃ។លោកបាននិយាយថា៖ «ម្រេចនៅទីនេះពិតជាខុសប្លែកពីគេ។ វាមានក្លិនម៉្យាងស្រដៀងនឹងល្បាយរវាងក្លិនផ្លែឈើ និងក្លិនឈើ ដែលក្លិននេះមិនសូវឆួលខ្លាំង»។

អ្នកជំនាញផលិតទឹកអប់រូបនេះនឹងពាំនាំយកគំរូរុក្ខជាតិ ផ្កា និងគ្រឿងផ្សំនានាពីស្រុកខ្មែរ ទៅកាន់ទីក្រុងញូវយ៉ក ដើម្បីបង្កើតក្លិនក្រអូបបែបថ្មីសម្រាប់ប្រជាជនកម្ពុជាជាពិសេស។ ក្លិនថ្មីនេះនឹងត្រូវបានផលិតជាសាប៊ូដុះខ្លួន សាប៊ូកក់សក់ ក្រែមបន្ទន់ និងឡេលាបខ្លួន សម្រាប់ភ្ញៀវលំដាប់ខ្ពស់នៃសណ្ឋាគារដ៏ល្បីល្បាញ Rosewood នៅរាជធានីភ្នំពេញ។

លោកបានលើកឡើងថា៖ «យើងនឹងធ្វើការផ្សែផ្សំតាមរូបមន្តដូចនឹងការផលិតទឹកអប់ដទៃទៀតដែរ»។ប៉ុន្តែ លោកបញ្ជាក់ថា៖ «ខ្ញុំមិនអាចទស្សន៍ទាយដឹងមុនថា ក្លិនដែលនឹងរំលេចចេញមកពីការស្រាវជ្រាវផលិតនៅស្រុកខ្មែរនេះ នឹងមានលក្ខណៈបែបណាឡើយ។ ខ្ញុំមិនអាចប៉ាន់ស្មានដឹងជាមុនទេ ព្រោះបណ្ដាគ្រឿងផ្សំនៅស្រុកខ្មែរ គឺជាប្រភេទក្លិនដែលខ្ញុំមិនធ្លាប់បានស្គាល់ពីមុនមក។ តែខ្ញុំជឿថា ក្លិននេះនឹងជាក្លិនបែបខ្មែរ និងតម្រូវចិត្តមនុស្សជាសកល»៕

ប្រភព៖ postkhmer

  • អ្នក​ជំនាញ​ទឹក​អប់​បារាំង ​តម្រង់​ចុង​ច្រមុះ​ស្រង់​ក្លិន​បុប្ផា​ស្រុក​ខ្មែរ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: