បុគ្គលិក​ក្រុមហ៊ុន​មួយ​នាំ​គ្នា​ចុះ​ជួសជុល និង​លាប​ថ្នាំ​សាលា​បឋម​សិក្សា​របោះ​អង្កាញ់

កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន បុគ្គលិកក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ បានចុះជួយជួសជុល និងលាបថ្នាំរបងសាលាបឋមសិក្សារបោះអង្កាញ់ ដោយមានការចូលរួមពីលោក Roland Bala អគ្គនាយកក្រុមហ៊ុនស្រាបៀរថៃហ្គ័រ, តំណាងការិយាល័យអប់រំខណ្ឌច្បារអំពៅ, មេភូមិរបោះអង្កាញ់, នាយកសាលា និងលោកគ្រូ-អ្នកគ្រូនៃសាលាបឋមសិក្សារបោះអង្កាញ់។

លោក Roland Bala ថ្លែងថា៖ “សាលារៀនមានសារៈសំខាន់ណាស់ ព្រោះការអប់រំល្អនឹងផ្ដល់មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់អនាគតរបស់សិស្សានុសិស្ស។ ការទទួលបានការអប់រំល្អនេះហើយ ដែលបានធ្វើឲ្យបុគ្គលិកយើងទាំងអស់គ្នាទទួលបានជោគជ័យដូចបច្ចុប្បន្ន។

កន្លងមក យើងបានជួយកែលំអសោភណភាពសាលារៀននេះ ដោយជួសជុល និងលាបថ្នាំ អគារសិក្សា២ខ្នង បន្ទប់ទឹក និងអាងស្តុកទឹក និងកសាងរបងព័ទ្ធជុំវិញ ផ្លូវថ្មើរជើង ព្រមទាំងផ្ដល់សម្ភារៈសិក្សាមួយចំនួន។ តាមរយៈសកម្មភាពកែលំអទាំងនោះ បានជំរុញទឹកចិត្តអាណាព្យាបាលកាន់តែច្រើនឲ្យបញ្ជូនកូនពួកគាត់មកសិក្សានៅសាលារៀននេះ ដែលធ្វើឲ្យចំនួនសិស្សឆ្នាំសិក្សា២០១៥‌-១៦ កើនឡើង១៩% បើធៀបនឹងឆ្នាំសិក្សា២០១២-១៣ គឺមុនពេលដែលយើងបានមកចុះជួយសាលានេះ។ ដោយហេតុនេះ ទើបយើងបន្តចុះជួយសាលានេះបន្ថែមទៀតតាមរយៈការជួសជុលរបង និងលាបថ្នាំជាថ្មីនាថ្ងៃនេះ”។

លោកបន្តថា ក្រុមហ៊ុនកំពុងរៀបចំសាងសង់អគារថ្មី១ខ្នងមាន ៥ បន្ទប់ ជំនួសអគារចាស់បច្ចុប្បន្ន ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយអគារនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។

លោក អ៊ិត ស៊ាងហន នាយកស្ដីទីសាលាបឋមសិក្សារបោះអង្កាញ់ បានថ្លែងរៀបរាប់ពីផលលំបាកមួយចំនួន ដែលសាលារៀនបានជួបប្រទះមុនពេលក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ ចុះមកជួយកសាង និងជួសជុលរបងព័ទ្ធជុំវិញ ថា មានក្រុមស្ទាវចូលបរិវេណសាលាបំផ្លិចបំផ្លាញសម្ភារៈ និងប្រព្រឹត្តអំពើមិនគប្បីនានា, ប្រជាជនមួយចំនួនប្រើប្រាស់បរិវេណសាលាជាផ្លូវឆ្លងកាត់ដែលងាយនឹងបង្កគ្រោះថ្នាក់ដល់សិស្ស និងពិបាកគ្រប់គ្រងសិស្សដែលគេចមិនចូលរៀនជាដើម។ បញ្ហាទាំងនេះបានធ្វើឲ្យអាណាព្យាបាលព្រួយបារម្ភពីសុវត្ថិភាពកូនរបស់ពួកគាត់ ហើយប្ដូរសាលារៀន ទោះបីជាឆ្ងាយជាងនេះក្តី។

ក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ តែងចូលរួមសកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការប្រព្រឹត្តខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិតាមរយៈពាក្យស្លោក «យើងរីកចំរើនជាមួយសហគមន៍»៕

ប្រភព៖ sabay

  • បុគ្គលិក​ក្រុមហ៊ុន​មួយ​នាំ​គ្នា​ចុះ​ជួសជុល និង​លាប​ថ្នាំ​សាលា​បឋម​សិក្សា​របោះ​អង្កាញ់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: