ក្រុមវិទ្យាល័យព្រះយុគន្ធរ លត់ ព្រះស៊ីសុវត្ថិ ដើម្បីលើកពាន CamIU Football Cup

ក្រុមបាល​ទាត់​របស់​​វិទ្យាល័យ​ព្រះ​យុគន្ធរ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ពាន​រង្វាន់​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ ​ឆ្នាំ​២០១៦(CamIU Football Cup 2016) បាន​មុន​គេ បន្ទាប់ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​វិទ្យាល័យព្រះស៊ីសុវត្ថិ ៥-២ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃ​អង្គារ ម្សិល​មិញ។

localsportc

សម្រាប់​ការ​ប្រកួតយ៉ាង​ស្វិត​ស្វាញ ដែល​ធ្វើ​​នៅ​វិទ្យាល័យច្បារអំពៅ កាល​ពី​ម្សិល​មិញ​នោះ ក្រុមវិទ្យាល័យ​ព្រះយុគន្ធរ បាន​ធ្វើការ​នាំ​​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ២-១ ក្នុង​ការ​ប្រកួត​តង់​ទី​១ មុន​ពេល​ពួក​គេ​បន្ថែម​៣​គ្រាប់​ទៀត នៅ​ក្នុង​តង់​ទី​២ ដើម្បី​យក​ឈ្នះ​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ៥-២ នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្នុង​ការ​ប្រកួតរដូវ​កាល​ទី១ នៃ​ពាន​ CamIU Football Cup 2016 នេះ ខណៈ​លេខ​៣​បាន​ទៅ​ក្រុម​ម្ចាស់​ទីលាន​វិទ្យាល័យ​ច្បារអំពៅ ព្រោះ​ពួក​គេ​​បាន​លត់​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូវ័ន ៦-០ កាល​ពី​ថ្ងៃសុក្រ។

localsportc1

ជាមួយ​​លទ្ធ​ផល​​នេះ​ក្រុម​​​ម្ចាស់​ជើង​ឯក​វិ​ទ្យាល័យ​ព្រះយុទ្ធគន្ធរ  បាន​​ទទួល​​ពាន១ អមដោយ​​ទឹក​ប្រាក់​១០​លាន​រៀល ឯ​ក្រុម​លេខ​២ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​បាន​៧លាន​រៀល ក្រុម​លេខ​៣វិទ្យាល័យ​ច្បារអំពៅ​​បាន​៥​លាន និង​ក្រុម​លេខ​៤វិទ្យា​ហ៊ុនសែនជម្ពូវ័ន​​បាន​៤​លាន​រៀល រីឯ​ក្រុម​មិន​ទទួល​បាន​ចំណាត់​ថ្នាក់​១១​ក្រុម​ទៀត បាន​ទទួល​ថវិកា​លើក​ទឹក​ចិត្ត​មួយ​ក្រុម​ចំនួន​៤០ម៉ឺន​រៀល​ដូច​គ្នា។

localsportc2

បន្ថែម​លើ​នេះលោក​ស្រី ជា នាងអេង សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​កម្ពុជាអន្តរជាតិ បាន​​ប្រកាស​ឲ្យ​ដឹង​ថា ទាំង​ក្រុម​ម្ចាស់​ជយលាភី និង​ក្រុម​មិន​ទទួល​បាន​ចំណាត់​ថ្នាក់ចំនួន​១១​ក្រុម​ទៀត ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកួតនេះ​បាន​ទទួលអាហាររូប​ករណ៍​៥០​ភាគរយ សម្រាប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យកម្ពុជា​អន្តរជាតិ​ដូច​គ្នា ពិសេស​ជាង​នេះ​លោក​ស្រី​បានបញ្ជាក់​ថា៖​«យើង​សូម​សន្យាថា CamIU Football Cup នឹង​ខិតខំ​ប្រឹង​ប្រែង​ស្វែង​រក​ដៃ​គូ​សហការ​ឧបត្ថម្ភ សម្រាប់​​រៀបចំ​ឲ្យមាន​កម្ម​វិធីប្រកួត​នៅ​ឆ្នាំ​ក្រោយៗបន្ត​បន្ទាប់​ទៀត»។

localsportc3

ចំណែក​លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចូល​រួម​ជា​អធិប​តី​ភាព​ក្នុង​ពិធី​បិទការ​ប្រកួតនេះ ក៏​បាន​អបអរសាទរ​ជាមួយ​លទ្ធ​ផល​ដែល​ទទួល​បាន​សម្រាប់​ការ​ប្រកួត​នេះ​ផង​ដែរ ហើយ​លោក​បាន​ចាត់​ទុក​ការ​រៀបំចំ​ការ​របស់​សាកល​វិទ្យាល័យកម្ពុជា​អន្តរជាតិនេះ ជា​ការ​ចូល​រួម​ចំណែកជាមួយ​ក្រសួង និង​រដ្ឋាភិបាល ក្នុង​ការលើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា សម្រាប់កម្ពុជា​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម នា​ឆ្នាំ​២០២៣»៕